Wednesday, January 16, 2013

យុទ្ធសាស្ត្រ​ទាំងស្រុង​មួយ​ថ្មី​នៃ​ប្រទេស​ចិន សម្រាប់​សតវត្សរ៍​ទី​២១

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត​ទៅ​ទៀត។
ពី​ដើម​ទសវត្សរ៍​ទី​៩០ រហូត​ដល់​ឆ្នាំ​២០០០ ជា​លើក​ទី​មួយ​បង្អស់ ថ្នាក់​ដឹក​នាំ​ចិនបានរៀបចំ​យុទ្ធសាស្រ្ត​ទាំងស្រុង​មួយ​ថ្មី ដោយ​សម្រេច​បាញ់​តម្រង់​មុខ​ព្រួញ​យុទ្ធសាស្ត្រ​របស់​ខ្លួន ទៅ​លើ​ពិភពលោក​ទាំង​មូល​តែ​ម្តង មិន​ត្រឹម​តែ​ទៅ​លើ​ទ្វីប​អាស៊ី​តែ​មួយ​ដូច​ពេល​មុនៗ​ទៀត​ទេ។ តើ​មាន​មូលហេតុ​សំខាន់ៗ​អ្វី​ខ្លះ ដែល​បាន​តម្រូវ​ឲ្យ​ថ្នាក់​ដឹកនាំ​ចិន​សើរើ​មើល​ឡើង​វិញ​ទិសដៅ​យុទ្ធសាស្រ្ត ​របស់​ខ្លួន?

នៅ​ដើម​ទសវត្សរ៍​ទី​៩០ ថ្នាក់​ដឹក​នាំ​ចិន​ផ្តើម​មាន​គំនិត​ចង់​សើរើ​មើល​ឡើង​វិញ ទិសដៅ យុទ្ធសាស្រ្ត របស់​ខ្លួន ពីព្រោះ​សហភាពសូវៀត​បាន​រលំ​រលាយ​បាត់​ទៅ នៅ​ថ្ងៃ​ទី​២៦​ធ្នូ​ឆ្នាំ​១៩៩១។ ពីព្រោះ​ម្យ៉ាង​ទៀត ចិន​ដែល​បាន​សម្រួល​ទំនាក់ទំនង​ទូត​ជាមួយ​សហរដ្ឋអាមេរិក នៅ​ខែ​មករា​ឆ្នាំ​១៩៧៩ ដើម្បី​ទប់ទល់​នឹង​សូវៀត ផ្តើម​យល់​ពី​បរិបទ​ថ្មី​នៃ​សករាជ​ក្រោយ​សង្គ្រាម​ត្រជាក់។ ចិន​ផ្តើម​យល់​ថា មិន​យូរ​មិន​ឆាប់​ខ្លួន​នឹង​ក្លាយ​ជា​សត្រូវ​ទី​មួយ​របស់​អាមេរិក​វិញ​ម្តង។
ប៉ុន្តែ ក្តី​បារម្ភ​បែប​នេះ​របស់​ប្រទេស​ចិន បាត់បង់​ទៅ​វិញ ពីព្រោះ​នៅ​ឆ្នាំ​១៩៩២ អាមេរិក​របស់ Georges Bush​ឪពុក មិន​បាន​ចាត់​ទុក​ចិន​ថា​ជា​សត្រូវ​ទេ ហើយ​នៅ​ឆ្នាំ​១៩៩៧ អាមេរិក​ថែម​ទាំង​សម្រេច​កាត់​បន្ថយ​ចោល​៣០%​នៃ​ថវិកា​យោធា​របស់​ខ្លួន​ទៀត​ ផង។ នៅ​ក្នុង​បរិបទ​បែប​នេះ ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ធូរស្រាល​និង​ស្ងប់ស្ងាត់​ល្អ ត​រហូត​ដល់​ចប់​អាណត្តិ​លោក​ប្រធានាធិបតី​អាមេរិក​Bill Clinton។

ក្តី​ព្រួយ​បារម្ភ​របស់​ថ្នាក់​ដឹក​នាំ​ចិន​កើន​ឡើង​វិញ​ខ្លាំង​ចាប់​ពី​ ឆ្នាំ​២០០០​ទៅ។ នេះ​ក៏​ពី​ព្រោះ Georges Bush​កូន​ឡើង​គ្រប់គ្រង​សហរដ្ឋអាមេរិក ហើយ​ចាត់​ទុក​ចិន​ថា ជា​គូប្រជែង​យុទ្ធសាស្ត្រ និង ពីព្រោះ​មាន​ព្រឹត្តិការណ៍​មហាភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ ព្រម​ទាំង​ប្រតិកម្ម​យ៉ាង​លឿន​រហ័ស​ពេក​ក្រៃ​របស់​អាមេរិក តាម​រយៈ​ការ​ធ្វើ​សង្គ្រាម​នៅ អាហ្វហ្កានីស្តង់​(Afghanistan) និង​ក្រោយ​មក​ទៀត​នៅ​អៀរ៉ាក់​(Irak)។ ព្រឹត្តិការណ៍​ទាំង​អស់​នេះ ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ចិន​យល់​ច្បាស់​ថា ពី​ពេល​នេះ​ទៅ​អាមេរិក​មាន​ជំហរ​ឯកតោភាគី​និយម មិន​រារែក​នឹង​ធ្វើ​អ្វី​មួយ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​ឡើយ និង​ថា​ពី​ពេល​នេះ​ត​ទៅ អាមេរិក​ជា​សត្រូវ​ទី​មួយ​របស់​ចិន។

គឺ​ការ​ប្រែប្រួល​ស្ថានភាព​នយោបាយ​នៅ​អាមេរិក និង​ការ​ប្រែប្រួល​ខ្លាំង​នៃ​បរិបទ​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​ពិភពលោក​ នេះ​ហើយ ដែល​ជម្រុញ​ថ្នាក់​ដឹក​នាំ​ចិន​ឲ្យ​កំណត់​ទិសដៅ​យុទ្ធសាស្ត្រ​ថ្មី​របស់​ ខ្លួន។ អ៊ីចឹង​ហើយ បាន​ជា​នៅ​ឆ្នាំ​២០០០ ជា​លើក​ទី​មួយ​បង្អស់ ថ្នាក់​ដឹក​នាំ​ចិន សម្រេច​បាញ់​តម្រង់​មុខ​ព្រួញ​យុទ្ធសាស្ត្រ​របស់​ខ្លួន ទៅ​លើ​ពិភពលោក​ទាំង​មូល​តែ​ម្តង មិន​ត្រឹម​តែ​ទៅ​លើ​ទ្វីប​អាស៊ី​តែ​មួយ​ដូច​ពេល​មុនៗ​ទៀត​ទេ។

ជាក់ស្តែង ថ្នាក់​ដឹកនាំ​ចិន​បែង​ចែក​ជា​អាទិ៍​ពិភពលោក​ជា​បី​តំបន់​ត្រួត​ពី​លើ​គ្នា។ តំបន់​ទី​មួយ​ដែល​តូច​ជាង​គេ​និង​នៅ​ចំ​កណ្តាល​គេ​តែ​ម្តង គឺ​ជា​ប្រទេស​ចិន​សព្វ​ថ្ងៃ។ នៅ​ក្នុង​ដំបន់​ទី​មួយ​នេះ​ដែល​មាន​ទីក្រុង​ប៉េកាំង​(Pékin)​ជា​ស្នូល អាជ្ញាធរ​ត្រូវ​ទប់​ស្កាត់​កុំ​ឲ្យ​អស្ថិរភាព​នយោបាយ សង្គម​ឬ​សាសនា​ផ្ទុះ​កើត​ឡើង​បាន។ នៅ​ជុំវិញ​ព្រំដែន​នៃ​តំបន់​ទី​មួយ​នេះ ឃើញ​មាន​សុទ្ធ​តែ​ដែនដី​ប្រកប​ទៅ​ដោយ​បញ្ហា ដូច​ជា​តៃវ៉ាន់(Taïwan) ទីបេ(Tibet)និង​ស៊ីង ជាំង​(Xinjiang) ជា​ដើម។ នៅ​ក្នុង​ដែន​ដី​ទាំង​អស់​នេះ ថ្នាក់​ដឹក​នាំ​ចិន​ចង់​ខ្ទប់​កុំ​ឲ្យ​ចលនា​ទាមទារ​ឯករាជ​និយម​កើត​ឡើង និង​ចង់​អូស​ទាញ​តៃវ៉ាន់​យក​មក​ដាក់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ខ្លួ​នឲ្យ ​ទាល់​តែ​បាន។

តំបន់​ទី​ពីរ​វិញ មាន​ទំហំ​ធំ​បង្គួរ និង​ព័ទ្ធ​ជុំ​វិញតំដំបន់​ទី​មួយ។ តំបន់​ទី​ពីរ​នេះ គឺ​ជា​ប្រទេស​ជិត​ខាង​របស់​ចិន ប្រទេស​ឆ្ងាយ​ឬ​ជិត​នៅ​ក្នុង​ទ្វីប​អាស៊ី​ឬ​កៀក​ជាប់​នឹង​ទ្វីប​អាស៊ី រួម​មាន​ជា​អាទិ៍ ប្រទេស​ជប៉ុន ឧបទ្វីប​កូរ៉េ​(Corée) បណ្តា​ប្រទេស​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឧបទ្វីប​ឥណ្ឌា បណ្តា​ប្រទេស​អាស៊ី​កណ្តាល និង​រុស្ស៊ី​(Russie)។ ថ្នាក់​ដឹក​នាំ​ចិន​ចង់​ឲ្យ​សន្តិភាព​គ្រប​ដណ្តប់​ទៅ​លើ​តំបន់​ទី​ពីរ​នេះ ពីព្រោះ​បើ​មាន​សង្គ្រាម ភាព​តាន​តឹង និង​អធិករណ៍​កើត​ឡើង សហរដ្ឋអាមេរិក​នឹង​ច្បាស់​ជា​ច្បិច​ឱកាស​ចូល​មក​បង្ក​រឿងរ៉ាវ នៅ​ក្នុង​តំបន់​ទី​ពីរ​នេះ​ជា​មិន​ខាន។

រី​ឯ​តំបន់​ទី​បី​វិញ មាន​ទំហំ​ធំ​ជាង​គេ និង​ព័ទ្ធ​ជុំវិញតំដំបន់​ទី​ពីរ។ ថ្នាក់​ដឹក​នាំ​ចិន​ហៅ​តំបន់​ទី​បី​នេះ​ថា​ជា«ដែន​ដី​ថ្មី» ដែល​ឋិត​នៅ​ក្រៅ​ព្រំដែន​អនុត្តរភាព​នៃ​ប្រទេស​ចិន និង​ដែល​មក​ទល់​ពេល​នេះ ប្រទេស​ចិន​មិន​សូវ​បាន​នឹកនា​ដល់។ នៅ​ក្នុង​តំបន់​ទី​បី​នេះ គេ​ឃើញ​មាន​ប្រទេស​ដូច​ជា​សហរដ្ឋអាមេរិក​ដែល​ពី​អំណើះ​ត​ទៅ ចិន​ចាត់​ទុក​ជា​សត្រូវ​សក្តានុពល​ទី​មួយ​របស់​ខ្លួន។ តំបន់​ទី​បី​នេះ ក៏​ជា​ទីតាំង​នៃ​ទ្វីប​ផ្សេង និង​ភូមិភាគ​ផ្សេង ដូច​ជា​អឺរ៉ុប អាហ្វ្រិក​ភូមិភាគ​ដើម​បូព៌ា និង​អាមេរិក​ខាង​ត្បូង​ជា​ដើម។ គឺ​សុទ្ធសឹង​ជា​ប្រទេស ដែល​ចិន​ត្រូវ​រកស៊ី​ជា​មួយ​តាម​រយៈ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម និង​តាម​រយៈ​ការ​ស្វែង​រក​ធនធាន​ថាមពល ប្រេងកាត ឬ​ឧស្ម័ន​ធម្មជាតិ ដើម្បី​យក​មក​បំប៉ន​ការ​ស្រេក​ឃ្លាន​នៃ​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ប្រទេស​ ខ្លួន។

នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធសាស្ត្រ​ថ្មី​នេះ ថ្នាក់​ដឹក​នាំ​ចិន​ឲ្យ​តម្លៃ​ទៅ​លើ​ទ្វីប​អាស៊ី​ខ្លាំង​ជាង​គេ និយាយ​ឲ្យ​ចំ ដែនដី​ដែល​លាត​សន្ធឹង​ពី​មាត់​សមុទ្រ​ក្រហម​រហូត​ដល់​មាត់​សមុទ្រ​ចិន។ មូលហេតុ​ គឺ​មក​អំពី​ដែន​ដី​ដ៏​ធំ​ល្វឹងល្វើយ​នេះ មាន​ធនធាន​ថាមពល​ច្រើន​ជាង​គេ​បង្អស់ នៅ​លើ​ពិភពលោក ពោល​គឺ​ប្រមាណ​៧០%​នៃ​អណ្តូង​ប្រេងកាត និង​៥៣%​នៃ​អណ្តូង​ឧស្ម័ន​ទាំង​ស្រុង ដែល​គេ​បាន​រក​ឃើញ​មក​ទល់​សព្វ​ថ្ងៃ។ ម្យ៉ាង​វិញ​ទៀត​អាស៊ី ក៏​ជា​ទ្វីប​ដែល​សម្បូណ៌មនុស្ស​ច្រើន​ជាង​គេ​ដែរ។ ហើយ​នៅ​ចុង​ក្រោយ​បង្អស់ អាស៊ី​ជា​ទ្វីប​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ក្លា លើស​ទ្វីប​ណាៗ​ទាំង​អស់៕

ការវិភាគ​របស់​តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
(06:13)

Twitter Delicious Facebook Digg Stumbleupon Favorites More