Thursday, April 11, 2013

វិធីសាស្រ្តសិក្សាល្អៗ

វិធីសាស្រ្តសិក្សាល្អៗ

  • របៀប​ហាត់​អនុវត្ត​សរសេរ​ភាសា​អង់គ្លេស​
- ព្យាយាម​សរសេរ​គំនិត​​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស​ ឧ.​ សរសេរ​អំពី​​បញ្ហា​ជីវិត គំនិត​ផ្ទាល់​ខ្លួន...
- ពេល​សរសេរ​កុំ​បារម្ភ​ពី​លំដាប់​លំដោយ​នៃ​គំនិត
- អាន​ឡើង​វិញ​មួយ​សប្តាហ៍​ម្តង​ នូវ​កំណត់​ត្រា​របស់​ខ្លួន
- ជ្រើស​រើស​យក​គំនិត​ឬ​ប្រធាន​បទ​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ត​យក​មក​បក​ស្រាយ​ ពង្រីក​បន្ថែម
- យក​អត្ថបទ​ដែល​សរសេរ​រួច​ឲ្យ​មិត្ត​ភក្តិ​ឬ​គ្រូ​ជួយ​កែ
  • របៀប​រៀន​ភាសា​អង់​គ្លេស​ប្រកប​ដោយ​ប្រសិទ្ធភាព​
ការ​រៀន​ភាសា​ត្រូវ​គិត​ពី​កត្តា​សំខាន់​ពីរ គឺ​ ប្រភព​ចំណេះ​ដឹង និង​របៀប​សិក្សា​។
១. ប្រភព​ចំណេះ​ដឹង​
ចំណេះ​ដឹង​ដែល​ទទួល​បាន​ កើត​ចេញ​មក​ពី​បី​ប្រភព គឺៈ
- គ្រូ​បង្រៀន​ អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៤០%
- សៀវភៅ អាច​ផ្តល់​ចំណេះ​ដឹង​បាន ៣០%
- ប្រភព​ផ្សេង​ៗ​ (គ្រួសារ​ មិត្ត​ភក្តិ...) អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៣០%
អ្នក​សិក្សា​គួរ​ដឹង​ថា​ចំណេះ​ដឹង​ភាសា​កើត​មក​ពី​ប្រភព​ចំបងៗ​ទាំង​ បីខាង​លើ​ ហើយ​គួរ​គប្បី​ប្រមូល​ចំណេះ​ពី​ប្រភព​ទាំង​បី​ឲ្យ​បាន​ច្រើន​បំផុត។ អ្នក​សិក្សា​ភាគ​ច្រើន ច្រើន​ផ្តោត​លើ​ចំណេះ​ដឹង​ដែល​បាន​មក​ពី​គ្រូ មិន​សូវ​បាន​អាន​សៀវភៅ​ ឬ​អនុវត្ត​ស្រាវជ្រាវ​បន្ថែម​ពី​មិត្ត​ភក្តិ​ឬ​ក្រុម​គ្រួសារ​ទេ អញ្ចឹង​ទៅ​ពួក​គេ​មិន​ទទួល​បាន​ចំណេះ​ដឹង​ ១០០%​ ទេ។ គួរ​ពិចារណា​ថា ប្រសិន​បើ​គ្រូ​បង្រៀន ១០០ ហើយ​យើង​ចាប់​បាន​ទាំង​ ១០០ នោះ​មាន​ន័យ​ថា​ យើង​បាន​ចំណេះ​ត្រឹម​តែ​៤០%​ នៅ​ឡើយ​ទេ ៦០%​ ភាគ​រយ​ទៀត​ត្រូវ​​ទៅ​រក​ពី​ប្រភព​ផ្សេង​ គឺ​ពី​សៀវភៅ​ និង​មិត្តភក្តិ​ឬ​អ្នក​ដទៃ​ទៀត។​
ក្រុម​អ្នក​ជំនាញ​ បាន​រក​ឃើញ​​ថា​ប្រសិន​បើ​អ្នក​សិក្សា​ទទួល​បាន​ចំណេះ​១០០% នោះ​គេ​ចំណាយ​ពេល​ត្រឹម​តែ​ ៣ ទៅ​ ៥ ប៉ុណ្ណោះ​ ជំនាញ​ភាសា​របស់​គេ​នឹង​ឡើង​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះ។
២. របៀប​សិក្សា
ការ​សិក្សា​ត្រូវ​ផ្អែក​លើ​គោល​ការណ៍​ចំបង​៤​យ៉ាង ដែល​មិន​អាច​ផ្តាច់​ចេញ​ពី​គ្នា​បាន គឺ​អាន សរសេរ​ និយាយ និង​ស្តាប់។ ការ​អាន​ច្រើន​ជួយ​បង្កើន​ចំណេះ​មូល​ដ្ឋាន​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដល់ការ​សរសេរ។ ស្តាប់​ច្រើន​ នាំ​ឲ្យ​ងាយ​ស្រួល​និយាយ។ ជំនាញ​ទាំង​បួន ជួយ​គ្នា​ទៅ​វិញ​ទៅមក។​ គេ​តែង​និយាយ​ថា វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​រៀន​ភាសា​គឺ​អនុវត្ត​វា​ជា​ប្រចាំ។
  • ទម្លាប់​៩​យ៉ាង​ដែល​នាំ​ឲ្យ​ការសិក្សា​ទទួល​បាន​ ជោគជ័យ​
ទម្លាប់​ល្អ​នាំ​ឲ្យ​សិស្ស​និស្សិត​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​សិក្សា​ របស់​ខ្លួន។ សិស្សនិស្សិត​គួរ​ប្រកាន់​យក​ទម្លាប់​សិក្សា​ល្អៗ​ និង​តាំង​ចិត្ត​សិក្សា​ឲ្យ​បាន​​ចប់​ចុង​ចប់​ដើម​។ សុភាសិត​ខ្មែរ​ពោល​ថា "តក់​ៗ​ពេញ​បំពង់​" នេះ​ជា​គ្រឿង​ឧបមា​នៃ​ការ​សន្សំ​វិជ្ជា។
ខាង​ក្រោម​គឺ​ជា​ទម្លាប់​ល្អ​៩យ៉ាង​ដែល​គួរ​ប្រកាន់​យកៈ
១. រៀន​តិច​ៗ​តែ​ជាប់​ជាប្រចាំ​ ជាជាង​រៀន​ទាំង​បង្ខំ​ច្រើន​ក្នុង​ពេល​តែ​មួយ
២. បែង​ចែក​ពេលវេលា​ជាក់​លាក់​សម្រាប់​សិក្សា
៣. ព្យាយាម​សិក្សា​​ដោយ​ទៀង​ទាត់​នៅ​ម៉ោង​ដដែល​ៗ​រាល់​ថ្ងៃ
៤. ដាក់ចិត្ត​ថា​រៀន​ ត្រូវ​តែ​រៀន​​ មិន​ត្រូវ​គិត​ថា​ចាំ​ពេល​នេះ​ចាំ​ពេល​នោះ​ចាំ​រៀន​ទេ
៥. ធ្វើ​លំហាត់​ណា​ដែល​លំបាក​មុន លុះ​ធ្វើ​ចប់​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​និង​មាន​ទឹក​ចិត្ត​ធ្វើ​ កិច្ច​ផ្សេង​ទៀត
៦. រំលឹក​មេរៀន​ជាប្រចាំ
៧. ប្រាប់​មិត្ត​ភក្តិ​កុំ​ឲ្យ​ទូរស័ព្ទ​មក​ពេល​អ្នក​កំពុង​សិក្សា
៨. បើ​មិន​ចេះ​លំហាត់​ណា​មួយ​ ចូរ​សួរ​មិត្ត​ភក្តិ​ណា​ដែល​ចេះ
៩. ឆ្លៀត​ពេល​រលឹក​កិច្ច​ការ​សាលា​នៅ​ចុង​សប្តាហ៍
  • រៀន​យ៉ាង​ម៉េច​ទើប​ទទួល​បាន​ចំណេះ​ដឹងអតិបរមា?
ច្រក​​ផ្លូវសំខាន់​​ដែល​អាច​ផ្តល់​ចំណេះ​ដឹង​​ដល់​អ្នក​សិក្សា ​រៀន​សូត្រ​​រួម​មានៈ
១. ការ​អាន
២. ការ​សរសេរ
៣.​ ការ​សន្ទនា
៤. ការ​សង្កេត
ការអាន
គួរ​ជ្រើស​រើស​យក​សៀវភៅ​ណា​ដែល​ផ្តល់​ចំណេះ​ដឹង។ គួរ​ជៀស​វាង​សៀវភៅ​ ដែល​អាច​ប្រែ​ក្លាយ​ជា​ថ្នាំ​ពិល ឬ​សៀវភៅ​ណា​ដែល​អាន​ហើយ​ស្រង់​យក​ប្រយោជន៍​គ្មាន​ ខាត​ពេល​ឥតប្រយោជន៍។ ដើម្បីនឹង​បាន​ប្រយោជន៍​អតិបរមា​ពី​សៀវភៅ​ គេគួរ​ប្រតិបត្តិ​តាម​គោលការណ៍​ដូច​តទៅៈ
- ខិត​ខំ​អានសៀវភៅ​មួយ​ក្បាល​ ឲ​យល់​សេចក្តីជាក់​ច្បាស់ ចាំ​ខ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅដប់​ក្បាល​តែចាប់​យក​គោល​សំខាន់​មិន​បាន។
- ទោះបី​អាន​សៀវភៅ​ក្តី ស្តាប់​សន្ទរកថា​ក្តី ចូរ​កុំ​ស្តាប់​ឬអាន​ត្រឹម​តែ​សេចក្តី​ដែល​បាន​ឮ ឬឃើញ។ ចូរ​ពិចារណា​ឲ​ចូល​ដល់​ជម្រៅ​​អាថ៌​កំបាំង​ពី​ខាង​ក្រោយ​អត្ថបទ​របស់​អ្នក​ និពន្ធ។
- ពេល​អាន​សៀវភៅត្រូវ​ខិត​ខំវិនិច្ឆ័យ​ថា​អ្នក​និពន្ធ​មាន​វិធី​និពន្ធ​យ៉ាង​ ម៉េច? ចូល​ចិត្ត​និពន្ធ​រឿង​អ្វីច្រើន​ជាង​គេ? ហើយ​គួរ​ប្រៀប​ធៀប​ជាមួយ​ស្នាដៃ​របស់​អ្នក​និពន្ធ​ផ្សេង​ទៀត​ តើ​មួយ​ណា​ល្អ​ជាង?
- ប្រការសំខាន់​បំផុត គឺរាល់​ពេល​អាន​ចប់​ ត្រូវ​ខិត​ខំ​នឹក​ថា​យើង​ទទួល​បាន​សេចក្តីអ្វីខ្លះ ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពីការ​អាន​សៀវភៅ​នេះ។
ការសរសេរ
ចំណេះ​ដឹង​ដែល​ទទួល​បាន​មក​ហើយ ជួនកាល​នៅ​ស្រពិច​ស្រពិល ប៉ុន្តែ​លុះ​បាន​ចាប់​ប៊ិច​សរសេរ​ចេញ​មក​ហើយ​ ក៏​ស្រាប់​តែ​ច្បាស់​លាស់​ឡើងភ្លាម​មួយ​រំពេច។ ការ​សរសេរ​​មិន​ត្រឹម​តែ​ជួយ​កត់​ត្រា​កុំ​ឲ​ភ្លេច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​នាំ​ផ្លូវ​ឲ​កើត​គំនិត​ថ្មី​ៗ​ទៀត​ផង។ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​ដើម្បី​ឲ​ខួរ​ក្បាល​កាន់​តែ​រួស​រវើកៈ
- ហ្វឹកហាត់​សរសេរ​ជារៀង​រាល់​ថ្ងៃ នោះ​លោក​អ្នក​នឹង​ឃើញ​ថា​គំនិត​រត់​មក​លោក​អ្នក​ច្រើន​ជាង​ពេល​ដែល​លោក​អ្នក ​គិត​ឬនិយាយ ជា​អនេក។
- ប្រសិន​បើ​មាន​គំនិត​អ្វី​ថ្មី​លេច​ឡើង​ ត្រូវ​សរសេរ​ទុក​ភ្លាម។
- ត្រូវ​ហាត់​កត់​ត្រា​កិច្ច​ការ​ដែល​លោក​អ្នក​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក។ ស្អែក​ឡើង​ត្រូវ​ពិនិត្យ​មើល​ កិច្ចការ​ទាំង​នោះ តើ​បាន​ធ្វើអ្វី​ខ្លះ​ មិន​បាន​ធ្វើ​អ្វីខ្លះ។ ប្រសិន​បើ​លោក​អ្នក​ធ្វើ​បាន​ដូច្នេះ រាល់​ថ្ងៃ​ ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ លោក​អ្នក​នឹង​ឃើញថា​ខ្លួន​ឯង​ប្រែប្រួល។
ការ​សន្ទនា
ការ​សន្ទនា​គឺ​ជា​ផ្លូវ​ដ៏​ប្រសើរ​មួយ​ដែល​ជួយ​ឲ​យើង​ទទួល​បាន​ចំណេះ​ និង​គំនិត​ជាច្រើន​ ទោះ​ជា​ការ​សន្ទនា​​នោះ​ជាមួយ​មនុស្ស​ប្រភេទ​ណា​ក៏​ដោយ។
- ពេល​សន្ទនា​ជាមួយ​នរណា​ម្នាក់​ យើងគួរ​ដឹក​នាំ​ការ​សន្ទនា​ចូល​ដល់​រឿង​ដែល​ដៃគូ​សន្ទនា​ស្ទាត់​ជំនាញ​ បំផុត។ នេះ​ជា​ផ្លូវ​នាំ​ឲ​យើង​ទទួល​បាន​ចំណេះ​ថ្មី​ៗ។
- គួរ​ព្យាយាម​ស្តាប់​ឲ​បាន​ច្រើន និង​និយាយ​តិច​តួច​បាន​ហើយ​ ព្រោះ​អ្នក​និយាយ​ច្រើន​ ច្រើន​តែ​គេ​ធុញ​ទ្រាន់។
ការ​សង្កេត
ចំណេះ​ដែល​មាន​ប្រយោជន៍​ក្រៃ​លែង​ដល់​យើង​ បាន​មក​ពី​ការ​សង្កេត។ ការសង្កេត​ធ្វើ​ឲ​យើង​ទទួល​បាន​ចំណេះ​ថ្មីៗ​ និង​ស្រូប​ទាញ​យក​ចំណេះ​ដឹង​បាន​ពី​គ្រប់​ទី​កន្លែង។
- ត្រូវ​ខិត​ខំ​ហាត់​សង្កេត មើល​វត្ថុ​ផ្សេង​ៗ​ដោយ​ល្អិត​ល្អន់ កុំ​មើ​ល​ត្រឹម​តែ​សំបក​ក្រៅ។
- ព្យាយាម​សង្កេត ដោយ​ធ្វើ​ហាក់​ដូច​ជា​នឹង​ត្រូវ​នរណា​សួរ​យើង​អំពី​វត្ថុ​នោះ ហើយយើង​ប្រុង​ប្រៀប​នឹង​ឆ្លើយ​ប្រាប់​ពេញ​លេញ​គ្រប់​ជ្រុង​ជ្រោយ។
កាល​បើ​បាន​ប្រតិបត្តិ​តាម​ គោល​ទាំង២​ខាង​លើ​ជា​ប្រចាំ​ហើយ យើង​នឹង​ទទួល​បាន​ប្រយោជន៍​ជាទីបំផុត ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​របស់​ច្រើន​ណាស់​ដែល​ឆ្លង​កាត់​ភ្នែក​ត្រចៀក​យើង។ របស់​ទាំង​នោះ​អាច​នឹង​មាន​ប្រយោជន៍​ដល់​យើង កាល​បើ​មិន​ចេះ​សង្កេត​​ ក៏​ទុក​ដូចជាការ​បណ្តោយ​ឲ​ "​កំណប់​ទ្រព្យ​ដើរ​រំលង​ទៅ​ជា​រៀង​រាល់​ថ្ងៃ"​។
  • ការត្រៀមខ្លួនប្រលង
ដើម្បី​ទទួល​បាន​ជោគ​ជ័យ​​គ្រប់​​សមរ​ភូមិ​​ប្រលង​​ អ្នក​ត្រូវ​ត្រៀម​ ខ្លួន​​ឲ​​បាន​​ពេញ​​លេញ​បំផុត​។ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ចាប់​តាំង​ពី​ពេល​ចូល​រៀន​មុខ​វិជ្ជា​នីមួយៗ​រហូត​ មក​។ អ្នក​ត្រូវ​កត់​ចំណាំ​និង​សង្ខេប​ខ្លឹម​សារ​សំខាន់ៗ​​ រួច​ចំណាយ​​​ពេល​​​រំ​លឹក​មេ​រៀន​ជា​ប្រ​ចាំ​ដោយ​ចំណាយ​ពេល​ត្រឹម​៥​ឬ​១០​ នាទី​។​​អ្នក​គួរ​កត់​ចំណាំ​លើ​សៀវភៅ​អាន​​ផង​ដែរ​ដើម្បី​ងាយ​ស្រួល​រំលឹក​ ម្តង​ម្កាល​។​ វិធី​សាស្ត្រ​នេះ​អាច​ជួយ​ឲ​អ្នក​រៀប​ចំ​ឯកសារ​មាន​សណ្តប់​ធ្នាប់​ល្អ ​និង​អាច​រក្សា​ការ​ចង​ចាំ​បាន​ប្រមាណ​៨០​%​។ ​ធ្វើ​បែប​នេះ
អ្នក​មិន​សូវ​នឿយ​​ហត់​សំរុក​រៀនពេល​​កៀក​​ប្រលង។

(១) មុន​ពេល​ប្រលង

តើត្រូ​វ​ត្រៀម​ ខ្លួនយ៉ាងដូចម្តេចមុនពេលប្រលងបញ្ចប់វគ្គសិក្សា? ចាប់ផ្តើមរៀនពីចំនុចណាមក? រៀបចំឯកសារយ៉ាងណា? រៀបចំកាលវិភាគសិក្សាយ៉ាងណា?

ការរៀបចំឯកសារ

វីធី​ល្អ​បំផុត​សម្រាប់​ត្រៀម​ប្រលង​គឺ​រៀប​ ចំ​ឯកសារ​ដែល​បាន​រៀន​រួច​ទាំងអស់​ឲ​មាន​សណ្តាប់​ធ្នាប់​ ទាំងសៀវភៅអាន សៀវភៅសរសេរ និងកំណត់ត្រាចំណាំ។ ចូរសង្ខេបខ្លឹមសារសំខាន់ៗដាក់ក្រដាសមួយសន្លឹក ហើយចងចាំសេចក្តីលំអិតក្នុងខួក្បាល។

ការរៀបចំពេលវេលា

ចូររៀបចំកាលវិភាគរៀនត្រៀម ២ឬ៣ សប្តាហ៍មុនពេលប្រលង។ ក្នុងកាលវិភាគនេះត្រូវមាន ម៉ោងបរិភោគអាហារ ម៉ោងការងារ ម៉ោងប្រជុំ ម៉ោងរៀននៅសាលា ម៉ោងធ្វើកិច្ចការសាលា និងម៉ោងសម្រាប់ធ្វើកិច្ចការផ្សេងទៀត។ ចូររកពេលបន្ថែមទៀតសម្រាប់រៀនត្រៀមប្រលង។
នៅសប្តាហ៍ចុងក្រោយមុនពេលប្រលង ចូររៀបចំពេលកាលវិភាគដោយឡែកមួយដែលមានម៉ោងប្រលង ម៉ោងបរិភោគ និងពេលសំរាក។​ អ្នកត្រូវដឹងថាអ្នកត្រូវ​មាន​​​​សុខភាពល្អនិងប្រាជ្ញាឆ្លាតវៃក្នុងពេលប្រលង ដូចនេះអ្នកមិនគួរគម្បីយកពេលបរិភោគឬពេលដេក​ មករៀនបន្ថែមទេ។
សប្តាហ៍នៃការប្រលងមកដល់ អ្នកគួររំលឹកមេរៀនទាំងឡាយឲបានស្ទាត់ល្អ ដោយប្រើប្រាស់នូវឯកសារដែលបានរៀបចំរួចខាងដើម។

ជួយខ្លួនឯង

ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចជួយខ្លួនឯងបានមុនពេលប្រលងៈ
ស្វែង​យល់​ពី​ការ​ប្រលង​លើ​មុខវិជ្ជា​នីមួយៗ​ឲ​បាន​ច្រើន​ដូច​ដែល​អាច​ ធ្វើ​ទៅ​បាន​។​ ចូរ​សួរ​គ្រូ​របស់​អ្នក​អំពី​ប្រភេទ​សំណួរ​ដែល​អាច​នឹង​ចេញ​នៅ​ពេល​ប្រលង​​ ហើយ​សម្ភារៈ​អ្វីខ្លះ​ដែល​ត្រូវ​ការ​ឬ​អនុញ្ញាត​ឲ​យក​ចូល​ពេល​ប្រលង​ ដូចជា​ម៉ាស៊ីន​គិត​លេខ​ និង​វចនានុក្រម​ជាដើម​។ ​ចូរ​ស្នើរ​សុំ​វិញ្ញាសា​ដែល​ធ្លាប់​ចេញ​ពី​​ឆ្នាំ​​មុន​ដើម្បី​ធ្វើ​ជា​ គម្រូ​សម្រាប់​ត្រៀម​ប្រលង​។
ពេល​ទន្ទេញ​មេរៀន​ម្តងៗ​ ចូរ​សាក​ល្បង​ស្មាន​ថា​សំណួរ​ប្រភេទ​ណា​អាច​នឹង​ចេញ​ពេល​ប្រលង​។​ ប្រសិន​បើ​អ្នក​មាន​ពេល​ ចូរ​សាក​ល្បង​ឆ្លើយ​សំណួរ​ទាំង​​នោះ​យ៉ាង​ពេញ​លេញ​ឲ​ដូចជា​ពេល​ប្រលង​ជាក់​ ស្តែង។
គិត​ក្នុង​ផ្លូវ​វិជ្ជមានៈ ដោយ​សារ​តែ​យើង​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​លេញ​សម្រាប់​ការប្រលង​ដូចនេះ​យើង​ ត្រូវ​មាន​គំនិត​សុទិដ្ឋិនិយម​ថា​"​ការប្រលង​របស់​ខ្ញុំ​នឹង​ប្រព្រឹត្តិ​ទៅ ​ប្រកប​ដោយ​ជោគជ័យ​"​។​ តែ​បើ​អ្នក​មិន​បាន​ត្រៀម​ខ្លួន​ពេញ​លេញ​គ្រប់​គ្រាន់​ទេ​ អ្នក​គ្រាន់​តែ​ដាស់​តឿន​ខ្លួនឯង​ថា​"​ដោយ​ពឹង​លើ​ សុខភាព​ល្អ​ ប្រាជ្ញា​វៀង​វៃ​ និង​ចិត្ត​ ស្រស់​ថ្លា​ របស់​ខ្លួន​ ខ្ញុំ​ប្រាកដ​ជាំ​អាច​ជួយ​ខ្លួន​ឯង​បាន ចំពោះ​អ្វី​ដែល​ខ្ញុំ​មិន​បាន​ត្រៀម​"។
កុំ​ព្យាយាម​ធ្វើ​ឲអារម្មណ៍​ស្រស់​ថ្លា​ដោយ​ការដើរ​លេង​ឬ​មើល​កុន​ពេលយប់ ​មុន​ប្រលង​ឲ​សោះ។​ ទង្វើ​បែប​នេះ ជាការរំខាន​ដល់​ការចង​ចាំ​របស់​អ្នក​ទៅវិញ​ទេ។​ ចូរ​អាន​មេរៀន​ជំនួស​វិញ​​ រួច​ហើយ​ចូល​គេង​យ៉ាង​ស្កប់​ស្កល់។​ ព្រឹក​ឡើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​យ៉ាងឈ្ងុយ​ឆ្ងាញ់​ ហើយ​បន្ត​ដំណើរ​កំសាន្ត​ចុង​ក្រោយ​ជាមួយ​មេរៀន​ រួច​ចូល​ប្រលង​យ៉ាង​រីក​រាយ។

(២) ពេល​ប្រលង

ការរៀបចំ​ខ្លួន​ប្រលង

ត្រូវ​មក​ដល់​បន្ទប់​ប្រលង​ឲ​បាន​មុន​ម៉ោង​ដើម្បី​ធ្វើ​ចិត្ត​ឲ​ស្ងប់​ និង​រំលឹក​មេរៀន​ ខ្លះ​ៗ​(​ប្រសិន​បើអ្នក​ចំា​មិន​ច្បាស់​ត្រង់​ណាមួយ)។ ការមក​យឺត​ធ្វើ​ឲ​ប៉ះពាល់​ដល់​ការប្រលង​ដោយ​សារ​តែ​អារម្មណ៍​​មិន​ស្ងប់​។​ អ្នក​ដែល​មក​យឺត​តែង​តែ​ច្របូក​ច្របល់​ក្នុង​ចិត្ត​ជានិច្ច​កាល​ ហើយ​ទំរាំ​តែ​តាំង​ចិត្ត​បាន​ក៏​ខាតពេល​ល្មម​គួរ​សម​ដែរ។​ "​ ខ្ញុំ​មក​យឺត​ៗ...​ខាត​ម៉ោង​ៗ...​ប្រញាប់​ឡើង​...​"។
ជៀស​វាង​ការជជែក​ជាមួយ​មិត្ត​ភក្តិ​(បើ​មាន​ត្រូវ​ឲ​ខ្លី​) ព្រោះវា​អាច​ប៉ះ​ពាល់​ដល់​ការចង​ចាំឬ​ការតាំង​ចិត្ត​របស់​អ្នក​ពេល​ប្រលង។ ក្នុង​ពេល​ប្រលង​ចូរ​អាន​សំណួរ​នីមួយៗ​ដោយ​ប្រុង​ប្រយ័ត្ន និង​ស្តាប់​ការណែនាំ របស់​គ្រូ​ឬអនុរក្ស​មុខ​វិជ្ជា​នីមួយៗ​​ក្នុង​ពេល​ប្រលង​ (​បើយើង​មិន​ស្តាប់​ការណែនាំ​ទេ​ ជួនកាល​យើង​បង្ខាត​ពេលវេលា​ធ្វើសំណួរ​ដែល​គេ​កាត់​ចោល​ពីការប្រលង​ដោយសារ​តែ ​វា​ខុស​ឬ​ពិបាក​ពេក​)។ បើ​មាន​ចំងល់​ត្រូវ​តែ​សួរ​ឲ​ច្បាស់​ កុំ​ធ្វើ​ទាំង​ងឿង​ឆ្ងល់។
ប្រសិន​បើមិត្ត​របស់​អ្នក​ធ្វើ​ហើយ​មុន​រួច​ចេញ​ទៅក្រៅ​បន្ទប់ ចូរ​កុំ​ខ្វល់​នឹង​គេ​អី​(ចង់​ចេញ​ដូច​គេ​)។ ចូរ​ធ្វើ​កិច្ចការ​របស់​អ្នក​ដោយ​ស្ងៀម​ស្ងាត់​។​ ពេល​ធ្វើ​ចប់​នឹង​ផ្ទៀង​ផ្ទាត់​រូច​ហើយ​ សឹម​ចេញ​ទៅ។
ដកស្រង់ចេញពី​http://salarean.com

Twitter Delicious Facebook Digg Stumbleupon Favorites More