Showing posts with label Political. Show all posts
Showing posts with label Political. Show all posts

Tuesday, March 19, 2013

ចិន​និង​ភូមិភាគ​អាស៊ី​ខាង​ត្បូង


បទវិភាគ​របស់ ហ្សង់-ហ្វ្រង់​ស័រ តាន់
(07:03)
តាំង​ពី​បុរាណកាល​មក ប្រទេស​ចិន​តែងតែ​ចាត់ទុក​អាស៊ី​ខាងត្បូង​ថា ជា​ភូមិភាគ​មួយ​ដែល​មាន​អារ្យធម៌​ខ្ពង់ខ្ពស់់ ហើយ​ក្រៅ​ពី​ដែន​ដី​ទីបេ​មួយ​ចេញ ចិន​មិន​ដែល​បាន​កាន់កាប់​តំបន់​នេះ ដូច​ដែល​ខ្លួន​បាន​ធ្វើ​នៅ​អាស៊ី​បូព៌ា ឬ​ក៏​នៅ​ប៉ែក​ខាង​ជើង​នៃ​អាស៊ី​អាគ្នេយ៍​ឡើយ។ ជាមួយ​អាស៊ី​ខាងត្បូង ចិន​បាន​ត្រឹម​ធ្វើ​ការ​ផ្តោះប្តូរ​នៅ​លើ​វិស័យ​វប្បធម៌ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​តែ​ប៉ុណ្ណោះ។

នៅ​សតវត្សរ៍​ទី​១៩ ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ី​ខាងត្បូង​បាន​ស្គាល់​ការ​ប្រែប្រួល​ខ្លាំង​ ជាមួយ​នឹង​ការ​ចូល​មក​ដល់​ភូមិភាគ​នេះ​របស់​បស្ចិម​ប្រទេស ដូច​យ៉ាង​ពួក​អង់គ្លេស​ដែល​បាន​មក​ត្រួតត្រា​ឥណ្ឌា កាន់កាប់​នេប៉ាល់ និងទីបេ។

នៅ​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​សម័យ​នោះ ចិន​និង​អាស៊ី​ខាងត្បូង​ដែល​ត្រូវ​បាន​ពួក​បរទេស​សាច់​ស​ត្រួតត្រា​និង​ជាន់ ​ឈ្លី​ដូច​គ្នា ចាប់​ផ្តើម​មាន​ស្មារតី​សាមគ្គី​រួបរួម​គ្នា​តាម​ផ្លូវ​ចិត្ត​ប្រឆាំង​នឹង​ ពួក​អាណានិគមនិយម។ ក្រោយ​មក​ទៀត នៅ​ពេល​ដែល​កងទ័ព​ជប៉ុន​ចូល​ឈ្លានពាន​អាស៊ី  និង​លុកលុយ​ទៅ​ដល់​មាត់​ទ្វារ​នៃ​ប្រទេស​ឥណ្ឌា សាមគ្គីភាព​រវាង​ចិន​និង​អាស៊ី​ខាងត្បូង​រឹងរឹត​តែ​មាំ ហើយ​ប្រយោជន៍​រវាង​ពិភព​ទាំង​ពីរ​ក៏​រឹងរឹត​តែ​ខិត​ចូល​ជិត​គ្នា​ដែរ។

ក៏​ប៉ុន្តែ នៅ​ទី​បំផុត ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ ចិន​និង​អាស៊ី​ខាងត្បូង​បែរ​ជា​ចែក​ផ្លូវ​គ្នា​ដើរ ឃ្លាត​ឆ្ងាយ​ពី​គ្នា​ទៅ​វិញ ពីព្រោះ​ចិន​បាន​ក្លាយ​ជា​របប​កុម្មុយនិស្ត រីឯ​នៅ​អាស៊ី​ខាង​ត្បូង​វិញ ប្រទេស​ខ្លះ​បាន​ជ្រើស​យក​របប​សង្គម​និយម​សេរី និង​ខ្លះ​ទៀត​របប​មូលធន​និយម របស់​ពួក​គហបតី។ ចាប់​ពី​ពេល​នោះ​មក និង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយ​ការ​ចាប់​បដិសន្ធិ​ឡើង​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ទីក្រុង​ប៉េកាំង​បាន​ផ្តើម​បង្ហាញ​ឲ្យ​ឃើញ​នូវ​មហិច្ឆតា​របស់​ខ្លួន ទៅ​លើ​អាស៊ី​ខាង​ត្បូង។ កាល​នោះ កងទ័ព​របស់​ម៉ៅ សេទុង (Mao Tsé Toung) បាន​វាយ​លុកលុយ​ទៅ​លើ​ទីបេ ហើយ​បាន​លេប​យក​ដែនដី​នេះ​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៥១។

តាម​ពិត​ទៅ ចិន​ប្រញាប់​ច្បាំង​យក​ទីបេ ពីព្រោះ​ខ្លាច​ឥណ្ឌា​ដែល​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៧ ចូល​ទៅ​កាន់កាប់​ដែនដី​នេះ​មុន​ខ្លួន។ គួរ​គូស​បញ្ជាក់​ថា  កាល​សម័យ​នោះ ក្នុង​ឋានៈ​ជា​រដ្ឋ​ធំ​និង​សំខាន់​ជាង​គេ​នៅ​អាស៊ី​ខាង​ត្បូង ឥណ្ឌា​ត្រូវ​ទទួល​បាន​ពី​ចក្រភព​អង់គ្លេស មរតក​នយោបាយ​និង​ឥទ្ធិពល​ទៅ​លើ​ទីបេ នេប៉ាល់​និង​ប៊ូតង់។

នៅ​ចំពោះមុខ​ការ​ឈ្លានពាន​របស់​ចិន​ទៅ​លើ​ទីបេ ប្រទេស​ឥណ្ឌា​របស់​នេរុ (Nehru) បាន​ត្រឹម​ថ្កោល​ទោស និង​បាន​ត្រឹម​ផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ឲ្យ​ដាឡៃ ឡាម៉ា(Dalaï Lama)តែ​ប៉ុណ្ណោះ។ តាំង​ពី​ពេល​នោះ​មក អាស៊ី​ខាង​ត្បូង​ផ្តើម​យល់​ពី​ធាតុ​ពិត​នៃ​ប្រទេស​ចិន​កុម្មុយនិស្ត ដែល​ថែម​ទាំង​ចង់​លាត​សន្ធឹង​អនុត្តរភាព​របស់​ខ្លួន ទៅ​លើ​តំបន់​ហ៊ីម៉ាឡាយ៉ា(Himalaya) ដែល​ជា​ទីតាំង​នៃ​ប្រទេស​នេប៉ាល់ និង​នៃ​ប្រទេស​ប៊ូតង់​ទៀត​ផង។ ជាក់ស្តែង កាលនោះ អគ្គមគ្គទេសក៍​ចិន​ម៉ៅ សេទុង​ បាន​ប្រកាស​ថា«ខ្សែ​ទឹក​ឬ​ជួរ​ភ្នំ មិន​មែន​ជា​ព្រំដែន​ធម្មជាតិ ហើយ​ក៏​មិនមែន​ជា​មហា​រនាំង​ដែល​យើង​ផ្លោះ​មិន​ផុត​នោះ​ទេ»។ ម៉ៅ សេទុង ​ចង់​និយាយ​ថា ភ្នំ​ហ៊ីម៉ាឡៃយ៉ា​មិន​អាច​មក​រារាំង​មហិច្ឆតា​របស់​ចិន​ទៅ​លើ​ប្រទេស​ នេប៉ាល់ និង​ប្រទេស​ប៊ូតង់​បាន​ឡើយ។

ឧទាហរណ៍​មួយ​ទៀត​នៃ​មហិច្ឆតា​របស់​ចិន​ទៅ​លើ​អាស៊ី​ខាងត្បូង​គឺ​ករណី​នៃ​ ដែនដី​Cache-mire​នៅ​ក្នុង​ទសវត្សរ៍​ទី​៥០ ចិន​បាន​ចូល​មក​ច្បិច​យក​បន្តិច​ម្តងៗ ដែនដី​ប៉ែក​ឦសាន​នៃ​Cachemire  ម្តុំ​តំបន់​Aksai Chin ដែល​មាន​ផ្ទៃ​ប្រមាណ​៣​ម៉ឺន​៣​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា។ ក្រោយ​មក​ទៀត នៅ​ឆ្នាំ​១៩៦៣ ប្រទេស​ប៉ាគីស្ថាន​បាន​សម្រេច​ផ្ទេរ​ផ្ទៃ​ដី​ប្រមាណ​៥​ពាន់​១​រយ​៨០​ គីឡូម៉ែត្រ​ក្រឡា នៅ​ប៉ែក​ខាង​ជើង​Cachemire​ទៅ​ឲ្យ​ចិន​ទៀត។ ជា​ថ្នូរ​វិញ ចិន​បាន​សន្យា​ជួយ​ការពារ​ប៉ាគីស្ថាន នៅ​ចំពោះមុខ​ការ​គំរាមកំហែង​ពី​សំណាក់​ប្រទេស​ឥណ្ឌា។ សម្រេចសម្រួច​ទៅ សព្វ​ថ្ងៃ​ចិន​កាន់កាប់​១​ភាគ​៣​នៃ​ដែនដី​Cachemire ដែល​ឥណ្ឌា​និង​ប៉ាគីស្ថាន​ដណ្តើម​គ្នា អស់​រយៈ​ពេល​ជាង​៦០​ឆ្នាំ​កន្លង​មក​ហើយ។

ការ​ក្តាប់​យក​ប៉ែក​ឦសាន​នៃ​Cachemire ជា​អាទិភាព​មួយ​ចាំបាច់​បំផុត សម្រាប់​ថ្នាក់​ដឹក​នាំ​ចិន។ ពីព្រោះ​ធ្វើ​បែប​នេះ ចិន​អាច​ត្រួត​ពិនិត្យ​បាន​ល្អ​ខេត្ត​Xinjiang​ដែល​នៅ​ជាប់​នឹង​Cachemire និង​ដែល​សម្បូណ៌​ទៅ​ដោយ​ពួក​Ouigours​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​នៅ។ ធ្វើ​បែប​នេះ ចិន​ក៏​មាន​លទ្ធភាព​ការពារ​កុំ​ឲ្យ​ឥទ្ធិពល​អ៊ីស្លាម​ជ្រុល​និយម​ធ្លាយ​ចេញ​ មក​ពី​Cachemire ហើយ​ហូរ​ចូល​មក​ក្នុង​ខេត្ត​Xinjiang​បាន។

ម្យ៉ាង​វិញ​ទៀត មហិច្ឆតា​របស់​ចិន​ទៅ​លើ​អាស៊ី​ខាង​ត្បូង​ក៏​ស្តែង​ឡើង តាម​រយៈ​ការ​ស្វែង​រក​ច្រក​មួយ ដើម្បី​ចេញ​ពី​ដីគោក​ចូល​ទៅ​មហា​សមុទ្រ​ឥណ្ឌា​ដែរ។ នៅ​ក្នុង​ន័យ​នេះ ថ្នាក់​ដឹក​នាំ​ចិន ក្នុង​អតីតកាល​ក៏​ដូច​បច្ចុប្បនកាល សម្លឹង​ឃើញ​ច្រក​ពីរ។ ច្រក​ទី​មួយ​គឺ​ផ្លូវ​ដែល​ចេញ​ពី​ខេត្ត​Xinjiang​ហើយ​កាត់​តាម​ប្រទេស​ ប៉ាគីស្ថាន។ ច្រក​ទី​ពីរគឺ​ផ្លូវ​ដែល​ចេញ​ពី​ខេត្ត​Yunnan ហើយ​កាត់​តាម​ប្រទេស​ភូមា។

មែនទែន​ទៅ តាំង​ពី​ឆ្នាំ​១៩៤៩ រហូត​មក​ដល់​ចុង​ទសវត្សរ៍​ទី​៩០ នយោបាយ​ចិន​នៅ​ចំពោះ​មុខ​ភូមិភាគ​អាស៊ី​ខាង​ត្បូង​បាញ់​ទៅ​រក​គោលដៅ​តែ​មួយ​ គត់ នោះ​គឺ​ខ្ទប់​កុំ​ឲ្យ​ឥទ្ធិពល​ឥណ្ឌា​រីក​ធំ ចេញ​ហួស​ពី​អាស៊ី​ខាង​ត្បូង។ នៅ​ក្នុង​ន័យ​នេះ ចិន​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​ឥណ្ឌា ដូច​យ៉ាង​ប៉ាគីស្ថាន បង់ក្លាដែស នេប៉ាល់ ស្រីលង្កា ប៊ូតង់​និង​ភូមា។

ចិន​បាន​លក់​អាវុធ​ទៅ​ឲ្យ​ប៉ាគីស្ថាន ស្រីលង្កា បង់ក្លាដែស និង​ភូមា។ ដូច​គ្នា​អ៊ីចឹង​ដែរ នៅ​ក្នុង​ជម្លោះ​និង​នៅ​ក្នុង​សង្គ្រាម​ម្តង​ជា​ពីរ​ដង​រវាង​ប៉ាគីស្ថាន​និង ​ឥណ្ឌា ចិន​បាន​កាន់​ជើង​និង​បាន​ជួយ​ប៉ាគីស្ថាន​ជា​ដរាប។

ក៏​ប៉ុន្តែ ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ អ្វីៗ​ក៏​ប្រែប្រួល​អស់​ហើយ។ ថ្នាក់ដឹកនាំ​ចិន​មាន​ជំហរ​អព្យាក្រឹត​ជាង​មុន នៅ​ក្នុង​ជម្លោះ​រវាង​ប៉ាគីស្ថាន​និង​ឥណ្ឌា។ ម្យ៉ាង​គឺ​មក​ពី តាំង​ពី​ឆ្នាំ​១៩៩៨​មក ឥណ្ឌា​ក៏​ដូច​ប៉ាគីស្ថាន សុទ្ធ​តែ​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​បរមាណូ។ ម្យ៉ាង​ទៀត គឺ​មក​ពី តាំង​ពី​មាន​មហា​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១​មក  ប៉ាគីស្ថាន​បាន​បែរ​ទៅ​ស្និទ្ធ​ជាមួយ​នឹង​អាមេរិក ទៅ​ជួយ​អាមេរិក​រំលំ​របប​តាលីបង់ នៅ​អាហ្វហ្កានីស្ថាន និង​ទៅ​ជួយ​អាមេរិក​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ។ ទន្ទឹម​នេះ​ដែរ អាមេរិក​ក៏​បាន​និង​កំពុង​បន្ត​ប្រឹងប្រែង​ទាក់ទាញ​ឥណ្ឌា​មក​ធ្វើ​ជា​ សម្ព័ន្ធមិត្ត នៅ​ពេល​មួយ​ដែល​ចិន​កំពុង​លេច​ត្រដែត​ឡើង នៅ​លើ​ឆាក​អន្តរជាតិ៕

Saturday, January 26, 2013

វៀតណាម​ប្រាព្ធ​ខួប​៤០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​បញ្ចប់​សង្រ្គាម​ជាមួយ​អាមេរិក

នៅចំពោះមុខ​គណៈប្រតិភូ​បក្ស​កុម្មុយនិស្តវៀតណាម​ នៅថ្ងៃ​សុក្រ​នេះ លោកជឿង តាន់ សាង (Truong Tan Sang) ប្រធានាធិបតី​វៀតណាម​ បាន​ថ្លែងថា ការចរចា​​រហូត​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​ នៅ​ក្រុងប៉ារីស កាល​ពី​ថ្ងៃ​ទី២៧ មករា ​ឆ្នាំ​១៩៧៣​នេះ គឺ​ជាការ​ចរចា​ដ៏វែង និង​ដ៏សែនពិបាក​មួយ ក្នុង​វិស័យការទូត​វៀតណាម។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ គឺ​ជា​ជោគជ័យ​ផ្នែកការទូត​ដ៏​ធំធេង​មួយ​របស់​វៀតណាម ទល់នឹង​មហាអំណាច​អាមេរិក។

គួររំឭកឡើងវិញ​ថា ការចរចា​បញ្ចប់​សង្រ្គាម​អាមេរិក-វៀតណាម បាន​ចាប់ផ្តើម​បើកធ្វើ នៅ​ក្រុងប៉ារីស កាល​ពី​ខែ​ឧសភា ឆ្នាំ​១៩៦៨ ដោយ​អាមេរិក​រំពឹង​ថា​នឹង​អាច​ចុះ​កិច្ចព្រមព្រៀង​បាន​ឆាប់ៗ។ ក៏ប៉ុន្តែ ការចរចានេះ​ត្រូវ​បាន​អូសបន្លាយ​ពេល​រហូតដល់​ទៅ ៥ឆ្នាំ ដោយ​នៅ​ក្នុង​អំឡុង​ពេលនេះ សង្រ្គាម​វៀតណាម​នៅតែ​បន្ត​រាលដាល​កាន់តែ​ខ្លាំង ដោយ​ភាគី​ទាំង​ពីរ គឺ​ម្ខាង​វៀតណាម​ខាងជើង និង​ម្ខាងទៀត​អាមេរិក និង​វៀតណាម​ខាង​ត្បូង ​ដាក់ចេញនូវ​យុទ្ធសាស្រ្ត “វ៉ៃផង ចរចាផង” ដើម្បី​យក​កម្លាំង​នៅលើ​សមរភូមិ​មក​ធ្វើ​ជា​សម្ពាធ​លើ​តុចរចា។

ប៉ុន្តែ ការ​អូសបន្លាយ​ពេល​ចរចា​នេះ បាន​ជា​ប្រយោជន៍​ដល់​វៀតណាម​ខាងជើង ​ជាង​អាមេរិក ដែល​ចលនា​ប្រជាជន​អាមេរិក​បាន​ងើបឡើង​ប្រឆាំង​នឹង​សង្រ្គាម​នៅវៀតណាម​កាន់តែ ​ខ្លាំងឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើ​ឲ្យ​អាមេរិក​ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​ចំនួនទ័ព​​នៅ​វៀតណាម។

នៅក្នុងកិច្ចព្រមព្រៀង​ក្រុងប៉ារីស ភាគីទាំងបី គឺ​វៀតណាម​ខាងជើង វៀតណាម​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិកបាន​ព្រមព្រៀង​គ្នា​លើ​បទឈប់បាញ់​ ដោយ​អាមេរិក​សន្យា​ដក​កងទ័ព​ចេញ​ពីវៀតណាម ក្នុងរយៈពេល ៦០ថ្ងៃ ហើយ​វៀតណាម​ខាង​ជើង​សន្យា​ដោះលែង​ឈ្លើយសឹក​អាមេរិក​ទាំងអស់។ វៀតណាម​ខាងជើង និង​វៀតណាម​ខាង​ត្បូង​ក៏​បានព្រមព្រៀង​គ្នា​ដែរ​ថា នឹង​ជជែកគ្នា​រកវិធី​បង្រួបបង្រួមគ្នា​វិញ ដោយ​សន្តិវិធី។

នៅ​ឆ្នាំ​១៩៧៣​នោះ លោក​ Henry Kissinger រដ្ឋមន្រ្តី​ការបរទេស​អាមេរិក និង​លោក​ឡេ ឌឹក ថូ (Le Duc Tho) សមាជិក​គណៈអចិន្រ្តៃយ៍​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​ជា​តួអង្គ​សំខាន់​ ក្នុង​ការ​ចរចា​ក្រុងប៉ារីស ត្រូវ​បាន​គេ​សម្រេច​ប្រគល់​​​រង្វាន់​ណូបែល​សន្តិភាព។ ក៏ប៉ុន្តែ លោក​ឡេ​ ឌឹក ថូ បាន​បដិសេធ​មិន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​នេះ ដោយ​អះអាង​ថា ប្រទេស​របស់​លោក​មិន​ទាន់​ទទួល​បាន​សន្តិភាព​ពេញលេញ​នៅឡើយ។

ក្រោយ​មក វៀតណាម​ខាងជើង​​ក៏​បាន​រំលោភលើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ហើយ​បើក​ការវាយលុក​ទៅលើ​វៀតណាម​ខាង​ត្បូង រហូត​ដណ្តើម​កាន់កាប់​បាន​​ក្រុង​សៃហ្កន (ព្រៃនគរ) នៅ​ខែ​មេសា ឆ្នាំ​១៩៧៥។

គិតជាសរុប សង្រ្គាម​វៀតណាម (ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៧៥) បាន​បណ្តាល​ឲ្យ​ទាហាន​អាមេរិក​ស្លាប់​​ជិត ៦ម៉ឺននាក់​។ ចំណែក​វៀតណាមវិញ សង្រ្គាម​ ២០ឆ្នាំ​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ៣លាន​នាក់ ទាំង​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង៕

Wednesday, January 23, 2013

ជប៉ុន​ចំណាយពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​អាច​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្ដហោះ​ចិន​

គោលដៅធ្វើសង្គ្រាមដំបូងបង្អស់ និងសំខាន់បំផុតរបស់ជប៉ុន និងអាមេរិក គឺបាញ់ពន្លិចនាវាផ្ទុកយន្ដហោះរបស់ ចិន ដើម្បីកាត់បន្ថយ កម្លាំងទាហានជើងទឹករបស់ប្រទេសនេះ ។

សារព័ត៌មានចិនបានផ្សព្វផ្សាយថា កម្លាំង ទាហានជប៉ុន និងអាមេរិក តែងតែចាត់ទុកកម្លាំងទាហានចិន ជាគូប្រជែងដ៏ខ្លាំងក្លាបំផុត របស់ខ្លួន ហើយតែងតែលើកយកយុទ្ធសាស្ដ្រចម្លែកៗ ដើម្បីទប់ទល់ជាមួយចិន។ ក្នុងស្ថានភាពវិវាទជុំវិញប្រជុំកោះសេនកាគូ កាន់ តែខ្លាំងឡើងៗធ្វើឱ្យសារព័ត៌មាន ជាច្រើនបានផ្សព្វផ្សាយថា នៅពេលដែលចិន និងជប៉ុនធ្វើសង្គ្រាម ជប៉ុននឹងចាត់ទុកនាវាចម្បាំង ធុនធំរបស់ចិន ជាគោលដៅវាយប្រហារដំបូងគេបង្អស់ ហើយអាចប្រើប្រាស់វិធីសាស្ដ្របាញ់ពន្លិចនាវា ផ្ទុកយន្ដហោះចិនពីគោលដៅ ផ្សេងៗ ក្នុងពេលតែមួយ។

កន្លងមកសារព័ត៌មាន Sankei Shimbun របស់ជប៉ុនបានផ្សព្វផ្សាយ ពីយុទ្ធសាស្ដ្រធ្វើសង្គ្រាមសំខាន់បំផុត របស់ក្រសួងការពារជាតិ ជប៉ុន ដែលក្នុងនោះមានយុទ្ធសាស្ដ្រសំខាន់ៗចំនួន៥។ យុទ្ធសាស្ដ្រ ៣ពាក់ព័ន្ធជាមួយទាហានចិន និងយុទ្ធសាស្ដ្រ ២ទៀត សុទ្ធតែ ពាក់ព័ន្ធនឹងសង្គ្រាមកម្រិតខ្លាំង ដែលបានកើតឡើងនៅតំបន់សមុទ្រចិនខាងកើត។

យុទ្ធសាស្ដ្រទី១: នៅពេលដែលចិន ជប៉ុនផ្ទុះសង្គ្រាមនឹងគ្នា ដោយសារដណ្ដើមអធិបតេយ្យភាពប្រជុំកោះសែនកាគូ។

យុទ្ធសាស្ដ្រទី២: គឺចិន ជប៉ុន ប៉ះទង្គិចគ្នាប្រជុំកោះសែនកាគូ ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរ និងរាលដាល ពេលនោះកម្លាំងទាហាន ចិន ជ្រៀតជ្រែក ដោយចិនចង់គ្រប់គ្រងកោះ អាយសីហ្គាគី និងកោះ មីយ៉ាកូ នៅភាគពាយព្យនៃកោះ តៃវ៉ាន់។

យុទ្ធសាស្ដ្រទី៣: បានលើកឡើង នូវករណីដែលចិនវាយប្រហារកោះតៃវ៉ាន់។

នៅក្នុងយុទ្ធសាស្ដ្រទាំង៣នោះ ត្រូវបានគេព្យាករណ៍ថា ចិននឹងបញ្ជូននាវាផ្ទុកយន្ដហោះ នាវាវាយលុកឡើងដែនគោក កម្លាំងពិសេស កាំជ្រួចមីស៊ីល និង យន្ដហោះចម្បាំង ពេលនោះអាមេរិក និងជប៉ុន ត្រូវតែសហការប្រឆាំងនឹងកម្លាំងទាហានចិន។

ចំណុចពិសេសក្នុងយុទ្ធសាស្ដ្រទី៣ គឺ ក្រសួងការពារជាតិជប៉ុនចាត់ទុកថា ទាហានចិន និងអាមេរិក ប្រាកដជា ប្រឈមមុខគ្នាដោយ ផ្ទាល់ ដោយយកទីតាំង អ៊ូគីណាវ៉ា ធ្វើជាមូលដ្ឋាន។ នៅពេលដែលកម្លាំងទាហានអាមេរិកចូលរួម ចិនចាំបាច់ត្រូវតែប្រើប្រាស់កាំជ្រួច មីស៊ីលប្រឆាំងនាវាផ្ទុកយន្ដហោះ DF-21D គំរាមកំហែងនាវាផ្ទុកយន្ដហោះ របស់អាមេរិកដែលឈរជើងនៅតំបន់ សមុទ្រប៉ាស៊ីហ្វិក និងប្រើប្រាស់កាំជ្រួច មីស៊ីល DF-31 គំរាមកំហែងទឹកដី អាមេរិកតែម្ដង។

បទអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ ផ្កាយរណបហុងកុងបញ្ជាក់ថា គោលដៅធ្វើសង្គ្រាមដ៏សំខាន់បំផុតរបស់ សម្ពន្ធមិត្ដជប៉ុន និងអាមេរិក គឺចាំបាច់ត្រូវតែបាញ់ពន្លិចនាវាផ្ទុកយន្ដហោះរបស់ចិន ដែលធ្វើឱ្យទាហានចិនបាក់ស្មារតី ហើយបញ្ចប់នូវសកម្មភាព របស់ ខ្លួន ។

ក្រុមអ្នកឯកទេសយោធាបញ្ជាក់ថា មហាសង្គ្រាមចិន ជប៉ុន បូកអាមេរិក គឺជាសង្គ្រាមប្រមាញ់នាវាផ្ទុកយន្ដហោះ តែប៉ុណ្ណោះ។ ដូច្នេះ កម្លាំងទាហានជើងទឹករបស់ អាមេរិក ជប៉ុន ឬចិន គ្រាន់តែ បាញ់ពន្លិចនាវាផ្ទុកយន្ដហោះរបស់ភាគីណាម្ខាង ភាគីនោះនឹងទទួលរង សម្ពាធ យ៉ាងខ្លាំងធ្វើឱ្យភាគីម្ខាងទៀតអាចមាន ប្រៀបយ៉ាងខ្លាំងនៅក្នុងសង្គ្រាមនោះ។

នៅក្នុងយុទ្ធសាស្ដ្ររបស់អាមេរិក ជប៉ុន តើបាញ់ពន្លិចយន្ដហោះចិនដោយវិធីសាស្ដ្រណា? ចិនអាចទប់ទល់ការបាញ់ប្រហារនោះបាន កម្រិតណា?

ជប៉ុនមានគម្រោងកម្ទេចនាវាផ្ទុកយន្ដហោះចិន
ភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញ អធិបតេយ្យភាពប្រជុំកោះ សែនកាគូ ហើយសកម្មភាពដែលអាចផ្ទុះសង្គ្រាម រវាងប្រទេសមហា អំណាចសេដ្ឋកិច្ចទាំងពីរ ក៏អាចនឹងកើតឡើង។ សារព័ត៌មានពេលព្រឹករបស់សិង្ហបុរីបានផ្សព្វផ្សាយថា នៅពេលដែលមានសង្គ្រាម ជប៉ុនកើតឡើង ពេលនោះកម្លាំងទាហានជើងទឹក និងជើងអាកាសចូលរួមក្នុងសង្គ្រាមនោះ។ សង្គ្រាមនៅលើដែនសមុទ្រ និងដែន អាកាសកាន់តែខ្លាំងឡើងដោយសារតែ កម្លាំងយោធាប្រទេសទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរ ដូច្នេះពិបាកសន្និដ្ឋានថា តើភាគីណា មួយនឹងទទួលជ័យជម្នះ នោះដែរ? នាវាចម្បាំងទាំងឡាយដែលនៅលើផ្ទៃសមុទ្រ បានក្លាយទៅជាផ្ទាំងស៊ីបសម្រាប់បាញ់ប្រហាររបស់ ភាគីទាំងពីរ ។

នៅពេលដែលប្រៀបធៀបកម្លាំងទាហានអាកាសបច្ចុប្បន្នអំពីតួលេខយន្ដហោះចម្បាំងជំនាន់ទី៣ ដែលមានដូចជា J-10, J-11, Su-27-Su-30 និង JX-17 របស់កងទ័ពអាកាស និងកងទ័ពជើងទឹក របស់ចិន បាននាំមុខទៅលើកម្លាំងការ ពារដែនអាកាសរបស់ ជប៉ុន ដែលមានយន្ដហោះចម្បាំង F-15, F-16 និង F-2 ប៉ុន្ដែបើប្រៀបធៀបជាមួយសម្ពន្ធមិត្ដ ជប៉ុនជារឿងផ្សេង។

អំពីសមត្ថភាពវាយប្រហារតាមដែនអាកាស កម្លាំងទាហានការពារដែនអាកាសជប៉ុនមិនអាចទប់ទល់ជាមួយ ទាហានចិនបាននោះ ឡើយ ដូច្នេះជប៉ុន ដាក់ក្ដីសង្ឃឹមយកឈ្នះក្នុងសង្គ្រាមចិន ជប៉ុន អាស្រ័យលើការជ្រៀតជ្រែក ជួយពីសម្ព័ន្ធមិត្ដអាមេរិក។ មានតែ យន្ដហោះ ចម្បាំងរបស់អាមេរិកដែលដាក់នៅទីតាំងប្រទេសជប៉ុនចូលរួមធ្វើសង្គ្រាម ទើបជប៉ុនអាចក្ដោបក្ដាប់បានសិទ្ធិគ្រប់គ្រងដែន អាកាសប្រជុំកោះសែនកាគូ។ ពីចំណុចនោះ យន្ដហោះចម្បាំងនៅលើដែនអាកាស អាចគំរាមកំហែងនាវា ចម្បាំងគ្រប់ប្រភេទរបស់ចិន ដែលនៅលើផ្ទៃទឹកជិតប្រជុំកោះ។

ពេលកន្លងមកថ្មីៗ មេទ័ពអាកាស អាមេរិកបានប្រកាសថា អាមេរិក នឹងបញ្ជូនយន្ដហោះចម្បាំងទំនើបបំផុតនៅ លើពិភពលោក F-22 ចំនួន ១២គ្រឿង និងទាហាន៣០០នាក់ ទៅទីតាំងកាដេណា ស្ថិតនៅខេត្ដអូគីណាវ៉ា ប្រទេសជប៉ុន។ ការដាក់ពង្រាយទាំងនោះស្រប ទៅតាម អ្វីដែលអាមេរិកបានសន្យាការពារជប៉ុន គេចផុតពីការវាយប្រហារ ឈ្លានពាន របស់ប្រទេសជិតខាង តាមសន្ធិសញ្ញា អាមេរិក ជប៉ុន។

លោកស្រីហ៊ីលឡារីគ្លីតុន ៖ កុំប៉ះដល់ ប្រជុំកោះសែនកាគូដែលនៅក្នុងដៃជប៉ុន
ការប្រកាសរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ហាក់បីដូចជាបានចាក់សាំង បន្ថែមចូលទៅក្នុងវិវាទអធិបតេយ្យភាពប្រជុំកោះ សែនកាគូ រវាងជប៉ុននឹង ចិន។ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិន ក៏បានរិះគន់យ៉ាងខ្លាំងដល់អាមេរិកថា “ក្បត់” ទៅនឹងអ្វីដែលអាមេរិកបានសន្យា ថា នឹងឈរនៅកណ្ដាលជុំវិញវិវាទរវាង ជប៉ុន នឹងចិន។

លោកស្រីហ៊ីលឡារី គ្លីនតុន ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រជុំកោះទាំងនោះស្ថិតក្រោមការគ្រប់គ្រងរបស់ ជប៉ុន ដូច្នេះអាមេរិក ចាំបាច់ត្រូវតែការពារ ដោយយោងទៅតាមសន្ធិសញ្ញា សន្ដិសុខ អាមេរិក-ជប៉ុន។ លោកស្រី គ្លីនតុន បញ្ជាក់ថា “យើងមិនចង់មើល ឃើញសកម្មភាពណាមួយកើតឡើង ដែលអាចបង្កឱ្យមានវិវាទ ឬក៏ជំរុញឱ្យ មានផលប៉ះពាល់ដល់សុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់នោះឡើយ។

ពេលនេះ ជប៉ុន និងចិន បានកំណត់ បន្ទាត់ក្រហមរៀងៗខ្លួន ហើយប្រសិនបើចិនបន្ដបញ្ជូនយន្ដហោះចម្បាំងទៅ កាន់ប្រជុំកោះ សែនកាគូ ជប៉ុននឹងត្រូវបាញ់ព្រមាន។ ក្នុងពេលជាមួយគ្នានោះ មន្ដ្រីយោធាជាន់ខ្ពស់ចិន ក៏បានព្រមានវិញថា បើជប៉ុនបាញ់ព្រមាន យន្ដហោះ របស់ចិននោះ ចិនមិនអនុញ្ញាតឱ្យជប៉ុន បាញ់គ្រាប់ទី២ បន្ដទៀតនោះឡើយ។

ក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង អ្នកឯកទេសវិភាគរបស់ អាមេរិកបានបញ្ជាក់ថា អាមេរិកអាច នឹងអូសទាញចូលក្នុង សង្គ្រាមចិន ជប៉ុន ដោយស្វ័យប្រវត្ដិមិនអាចគេចបានឡើយ៕

Monday, January 21, 2013

ចិន និងជប៉ុន៖ ទំនាក់ទំនង​សេដ្ឋកិច្ច​ល្អ​លើស​ពេល​ណាៗ​ទាំងអស់



(07:03)


ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត ​ទៅ​ទៀត ដោយ​សូម​បន្ត​និយាយ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន។
ទោះ​ជា​មិន​ត្រូវ​គ្នា​ក៏​ដោយ ទោះ​ជា​ភាព​តានតឹង​ចេះ​តែ​កើត​ឡើង​មិន​ស្វាង​រវាង​គ្នា​ក៏​ដោយ ក៏​ចិន​និង​ជប៉ុន​កំពុង​ក្លាយ​ទៅ​ជា​ដៃ​គូ​ដ៏​សែន​សំខាន់ នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។


ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​នាំ​គ្នា​ឆ្ងល់ ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ចិន​និង​ជប៉ុន​ដែល​នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ ពាណិជ្ជកម្ម​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង នៅ​តែ​មិន​ត្រូវ​គ្នា ធ្វើ​ឲ្យ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​កើត​ឡើង​ជា​ញឹកញយ។

តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ ចិន​ជា​ប្រទេស​ដែល​ទិញ​ផលិតផល​ជប៉ុន​ច្រើន​ជាង​គេ។ នៅ​ឆ្នាំ​២០០៩ ផលិតផល​ជប៉ុន​តំណាង​រហូត​ដល់​ទៅ​២២​ភាគ​រយ​នៃ​ផលិតផល​បរទេស​ទាំង​ស្រុង ដែល​ចិន​នាំ​ចូល​មក​ក្នុង​ប្រទេស​ខ្លួន។ ទន្ទឹម​នេះ នៅ​ឆ្នាំ​២០០៩​ដដែល​នោះ ចិន​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​មួយ​របស់​ជប៉ុន សំខាន់​ជាង​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ទៅ​ទៀត ដោយ​បាន​លក់​ទៅ​ឲ្យ​ប្រទេស​ជប៉ុន​១៩​ភាគ​រយ​នៃ​ទំនិញ​ទាំង​ស្រុង ដែល​ខ្លួន​នាំ​ចេញ​ទៅ​បរទេស។

ប្រទេស​ចិន​ជា​ទី​ដែល​សម្បូណ៌​ទៅ​ដោយ​រោងចក្រ​ជប៉ុន ដែល​ក្រោយ​ពី​បាន​បង្កើត​ផលិតផល​ហើយ នាំ​ទំនិញ​ទាំង​នោះ​យក​ទៅ​លក់​នៅ​ប្រទេស​ជប៉ុន​វិញ។ ម្ល៉ោះហើយ បាន​ជា​ថ្នាក់​ដឹក​នាំ​ជប៉ុន​តែងតែ​អះអាង​ថា​ជប៉ុន​ជា​ដង្ហើម​នៃ​កំណើន​ សេដ្ឋកិច្ច​ចិន។ រីឯ​នៅ​ខាង​ថ្នាក់​ដឹក​នាំ​ចិន​វិញ គេ​និយាយ​ផ្សេង គេ​ថា​ចិន​ជា​មហា​ទីផ្សារ​មួយ​សំរាប់​ផលិតផល​ជប៉ុន ដូច្នេះ​គឺ​ចិន​ទៅ​វិញ​ទេ​ដែល​ជា​ក្បាល​ម៉ាស៊ីន​នៃ​សេដ្ឋកិច្ច​ជប៉ុន។

ម្ល៉ោះ​ហើយ ជា​ការ​ពិត​ណាស់​ដែល​ថា ចិន​និង​ជប៉ុន​ត្រូវការ​គ្នា​កាន់​តែ​ខ្លាំង នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។ ក៏ប៉ុន្តែ សេដ្ឋកិច្ច​ក៏​ជា​ប្រភព​មួយ​ធំ​នៃ​ភាពតានតឹង​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។ ថ្នាក់ដឹកនាំ​ចិន​ចូល​ចិត្ត​និយាយ​ថា​ប្រទេស​ខ្លួន ជា​សេដ្ឋកិច្ច​មួយ​នៅ​ក្មេង​និង​ប្រកប​ទៅ​ដោយ​ថាមពល ខុស​ផ្ទុយ​ពី​ជប៉ុន​ដែល​ជា​សេដ្ឋកិច្ច​មួយ​ចាស់​ជរា​កំពុង​ទន់​ខ្សោយ​ទៅ​វិញ ​បន្តិច​ម្តងៗ។ ការ​និយាយ​ឃោសនា​បែប​នេះ មាន​មូលហេតុ​ជាក់​ច្បាស់ ពីព្រោះ​នៅ​ឆ្នាំ​២០០៥ ចិន​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​បួន នៅ​ឆ្នាំ​២០០៧​ ចិន​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​បី​ដែល​ដេញ​ប្រកៀក​ជាប់​ពីក្រោយ​ ជប៉ុន មុន​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​ពីរ ដោយ​បាន​វ៉ា​ឈ្នះ​ជប៉ុន​នៅ​ឆ្នាំ​២០១០។

មែនទែន​ទៅ សេដ្ឋកិច្ច​ចិន​វ៉ា​ឈ្នះ​សេដ្ឋកិច្ច​ជប៉ុន ឆាប់​ជាង​ការ​ប្រមើល​ឃើញពីព្រោះកាល​ ពី​ជិត​១០​ឆ្នាំ​មុន​នេះ ពួក​សេដ្ឋវិទូ​មួយ​ចំនួន​បាន​នាំ​គ្នា​អះអាង​ថា គេ​នឹង​ត្រូវ​ចាំ​ដល់​ឆ្នាំ ២០១៥ ឯណោះ ទើប​អាច​ឃើញ​ផលិតផល​ដុល​ក្នុង​ស្រុក​របស់​ចិន​កើន​ស្មើ​ផលិតផល​ដុល​ក្នុង​ ស្រុក​របស់​ជប៉ុន។

តាម​ពិត​ទៅ ស្ថានភាព​ប្រែប្រួល​លឿន​ជាង​ការ​គ្រោង​ទុក​នេះ ​ជា​ផលវិបាក​ដែល​ហូរ​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បាន​កើត​ឡើង​នៅចុង​ ឆ្នាំ​២០០៨។ វិបត្តិ​សេដ្ឋកិច្ច​សកល​បាន​កាត់​បន្ថយ​មិន​តិច​ទេ សន្ទុះ​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន ដូច​ជា​សហរដ្ឋ​អាមេរិក អឺរ៉ុប​និង​ជប៉ុន​ជា​ដើម។ ទន្ទឹម​​នេះ វិបត្តិ​សេដ្ឋកិច្ច​សកល​មិន​បាន​ប៉ះ​ពាល់​ខ្លាំង​ឡើយ​ដល់​សេដ្ឋកិច្ច​របស់​ ប្រទេស​ចិន ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​ចិន​បាន​សម្រេច​ចាត់​វិធានការ​ទាន់​ពេល​វេលា​និង​ ដោយ​មិន​សំច័យ​លុយ​ឡើយ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ជាតិ។

យ៉ាងណាមិញ នៅ​ម្ខាង​អាជ្ញាធរ​ចិន​ពិត​ជា​មាន​មោទនភាព ដោយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ខ្លួន​បាន​វ៉ា​ឈ្នះ​សេដ្ឋកិច្ច​របស់​ប្រទេស​ ជប៉ុន។ ក៏​ប៉ុន្តែ នៅ​ម្ខាង​ទៀត ទីក្រុង​ប៉េកាំង​ក៏​ត្រូវ​ចេះ​បន្ត​ដាក់​ខ្លួន​ត​ទៅ​ទៀត​ដែរ ដោយហេតុ​តែ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​នៅ​ឡើយ បាន​ន័យ​ថា គុណភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ នៅ​មាន​លក្ខណៈ​អន់​ខ្សោយ បើ​ប្រៀប​ធៀប​ទៅ​នឹង​គុណភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ជប៉ុន។ សូម​ជម្រាប​ថា ផលិតផល​ដុល​ក្នុង​ស្រុក​របស់​ប្រជាជន​ចិន​ម្នាក់ៗ មាន​ប្រមាណ​តែ​៣ ៦00 ​ដុល្លារ​តែ​ប៉ុណ្ណោះ ទល់​នឹង​៣ ៧៨០០ ដុល្លារ សម្រាប់​ប្រជាជន​ជប៉ុន​ម្នាក់ៗ។

ម្ល៉ោះ​ហើយ បាន​ជា​នៅ​ពេល​នេះ សេដ្ឋកិច្ច​ចិន​កាន់​តែ​ទៅ​មុខ​និង​ទៅ​លឿន បើ​ប្រៀបធៀប​ទៅ​នឹង​សេដ្ឋកិច្ច​ធំៗ​ដទៃ​ទៀត។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​នៅ​ចុង​ឆ្នាំ​២០០៩​ ចិន​បាន​វ៉ា​ឈ្នះ​ប្រទេស​អាល្លឺម៉ង់ ដោយ​បាន​ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ខាង​នាំ​ទំនិញ​ទៅ​ក្រៅ​ប្រទេស។ គឺ​នៅ​ក្នុង​បរិបទ​ដូច​គ្នា​នេះ​ហើយ​ដែរ ដែល​ចិន​បាន​វ៉ា​ឈ្នះ​ប្រទេស​ជប៉ុន ៥​ឆ្នាំ​មុន​ការ​គ្រោង​ទុក​ដោយ​បាន​ក្លាយ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ ពិភពលោក​ទី​២​ក្នុង​ឆ្នាំ​២០១០។

ក្រុម​អ្នក​វិភាគ​ជាតិ​និយម​ចិន​ខ្លះ​ចាប់​ផ្តើម​ដំឡើង​សំឡេង​អះអាង​ថា​ចិន​ មិន​ត្រូវ​នៅ​បន្ត​ធ្វើ​ជា​ប្រទេស​រោងចក្រ​បង្កើត​ផលិតផល​កំប៉ិកកំប៉ុក​ឲ្យ​ ជប៉ុន​អ៊ីចឹង​ត​ទៅ​ទៀត​ទេ ពីព្រោះ​ធ្វើ​បែប​នេះ វា​ខូច​កិត្តិយស​ជាតិ។ ក្រុម​អ្នក​វិភាគ​ជាតិ​និយម​ចិន​ដដែល​នេះ ថែម​ទាំង​និយាយ​ទៀត​ផង​ថា បើ​សិន​ជា​សព្វ​ថ្ងៃ សេដ្ឋកិច្ច​ជប៉ុន​នៅ​គ្រាន់​បើ ក៏​ដោយសារ​តែ​ជប៉ុន​បាន​កាន់កាប់​ប្រទេស​ចិន​ច្រើន​ឆ្នាំ និង​បាន​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ចិន​មិន​តិច​ទេ។ នៅ​ក្នុង​ន័យ​នេះ របាយការណ៍​មួយ​របស់​បណ្ឌិតសភា​ផ្នែក​សង្គមសាស្ត្រ​នៅ​ទីក្រុង​ប៉េកាំង​បាន​ គូស​បញ្ជាក់​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ថា ពីព្រោះ​តែ​សង្គ្រាម​ជាមួយ​ជប៉ុន​និង​ការ​កាន់កាប់​ប្រទេស​ចិន​ដោយ​កងទ័ព​ ជប៉ុន ចិន​បាន​បាត់បង់​មនុស្ស​៥០​លាន​នាក់ និង​បាន​ខាត​បង់​ប្រាក់​អស់​រាប់​រយ​លាន​ដុល្លារ។

ដោយ​ឡែក ខ្លាំង​ឡើងៗ ចិន​និង​ជប៉ុន​ប្រឈម​មុខ​ដាក់​គ្នា នៅ​ក្នុង​ការ​ស្វែងរក​ធនធាន​ថាមពល ដើម្បី​យក​មក​បំប៉ន​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​ប្រទេស​គេ​រៀងៗ​ខ្លួន។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​គេ​អាច​ស្វែង​យល់​បាន​នូវ​មូលហេតុ​នៃ​វិវាទ​ជុំវិញ​ទី​ប្រជុំ​កោះ Spratly និង​Paracel នៅ​ប៉ែក​ខាង​ត្បូង​នៃ​សមុទ្រ​ចិន។ ប្រទេស​ចំនួន​ប្រាំបី គឺ​ចិន ជប៉ុន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ដណ្តើម​គ្នា​ចង់​បាន​កូនកោះ​ទាំង​អស់​នេះ​ដែល​សម្បូណ៌​ទៅ​ដោយ​ប្រេងកាត​និង​ ឧស្ម័ន​ធម្មជាតិ។

ដូច​គ្នា​អ៊ីចឹង​ដែរ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​និង​ជប៉ុន​ទាស់ទែង​គ្នា​កាន់​តែ​ខ្លាំង​ជុំវិញ​ព្រំដែន​សមុទ្រ​ម្តុំ​ កោះ​Miyako ដែល​ប្រហែល​ជា​មាន​ផ្ទុក​ទៅ​ដោយ​ឧស្ម័ន​ធម្មជាតិ។ មូលហេតុ​គឺ​មក​ពី​ចិន​បាន​ចូល​មក​ជីក​រក​ឧស្ម័ន​នៅ​ជិត​កោះ​Miyako នេះ នៅ​ត្រង់​កន្លែង​មួយ​ដែល​ឋិត​នៅ​ក្រៅ​ព្រំដែន​ទឹក​ផ្តាច់មុខ​របស់​ខ្លួន។ ឃើញ​ដូច្នេះ រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​អនុញ្ញាត​នៅ​ខែ​មេសា​ឆ្នាំ​២០០៥ ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ​ចូល​ទៅ​ជីក​រក​ឧស្ម័ន​នៅ​ទី​នោះ​ដែរ។ តាំង​ពី​ពេល​នោះ​មក ការ​ដណ្តើម​គ្នា​រុករក​ឧស្ម័ន​នៅ​ម្តុំ​កោះ​Miyako នៅ​តែ​ជា​រឿងរ៉ាវ​មួយ​ដែល​ទីក្រុង​ប៉េកាំង និង​ទីក្រុង​តូក្យូ​ដោះស្រាយ​មិន​ទាន់​រួច​នៅ​ឡើយ៕

Wednesday, January 16, 2013

អាមេរិក​នៅ​ដើមបូព៌ា៖ពី​នគរបាល​ពិភពលោក​មក​ជា​វិស្វករ​នយោបាយ​ពិភពលោក​

ថ្ងៃ​ នេះ Jean-François TAIN សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​ដើម​បូព៌ា ដោយ​ផ្តើម​សិក្សា​លម្អិត​ ទៅ​លើ​នយោបាយ​អាមេរិកាំង នៅ​ក្នុង​តំបន់​នេះ តាំង​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ២០០១​មក។
កាល​ពី​សប្តាហ៍​មុន Jean-François បាន​លាតត្រដាង​ឲ្យ​ឃើញ​នូវ​មហារីក​ធំៗ​ទាំង​បួន​ដែល​បាន​និង​កំពុង​បន្ត​ រាតត្បាត ភូមិភាគ​ដើមបូព៌ា នោះគឺ​ជម្លោះ​រ៉ាំរ៉ៃ​រវាង​Israël​និង​Palestine អស្ថិរភាព​នៅ​Irak ស្ថានភាព​មិន​ជាក់​លាក់ នៅ​Afghanistan និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​Iran។ ​ទាំងនេះ​សុទ្ធសឹង​ជា​ផលវិបាក​នៃ​នយោបាយ​អាមេរិកាំង​នៅ​ក្នុង​តំបន់​នេះ នា​រយៈ​ពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។
ក្រោយ​ពី​សង្គ្រាម​ត្រជាក់​បាន​រលត់រលាយ​ទៅ សហរដ្ឋ​អាមេរិក​បាន​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​ទាំង​ស្រុង យុទ្ធសាស្រ្ត​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។ គោលដៅ​របស់​ទីក្រុង​Washington គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អាមេរិក នៅ​តែ​ជា​មហាអំណាច​ខ្លាំង​ផ្តាច់​មុខ​តែ​ឯង នៅ​ក្នុង​ពិភពលោក យូរលង់​តទៅ​អនាគត។

នៅ​ក្នុង​ក្របខណ្ឌ​នៃ​យុទ្ធសាស្រ្ត​ថ្មី​នេះ ភូមិភាគ​ដើមបូព៌ា​ជា​អាទិភាព​មួយ​ធំ​ជាង​គេ​បង្អស់ សម្រាប់​រដ្ឋការ​អាមេរិកាំង​ជា​បន្តបន្ទាប់។ ជាក់​ស្តែង គឺ​នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា​នេះ​ឯង ដែល​កាល​សម័យ​សង្គ្រាម​ឈូង​សមុទ្រ​Perse ឆ្នាំ​១៩៩០-១៩៩១ អាមេរិក​បាន​អនុវត្ត​ជា​លើក​ទីមួយ​បង្អស់​សិទ្ធិ​របស់​ខ្លួន ក្នុង​នាម​ជា​នគរបាល​ពិភពលោក។ កាល​ណោះ អាមេរិក​ដែល​ដឹកនាំ​កងទ័ព​ពហុជាតិ​មួយ បាន​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​Irak ពីព្រោះ​Irak​ ​បាន​ឈ្លានពាន​និង​ចូល​កាន់កាប់​ប្រទេស​Koweït។

ស្ថានភាព​បច្ចុប្បន្ន​នៅ​ភូមិភាគ​ដើម​បូព៌ា ជា​ផលវិបាក​ប្រកែក​មិន​បាន​នៃ​នយោបាយ​របស់​រដ្ឋការ​លោកBush ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ​២០០១។

ក្រៅ​ពី​សង្គ្រាម​នៅ​Afghanistan ក្នុង​ឆ្នាំ​២០០១ ដើម្បី​រំលំ​របប​ពួក​Taliban ដែល​ការពារ​
Ben Laden មេកើយ​របស់​Al-Qaïda នយោបាយ​របស់​រដ្ឋការ​Bush នៅ​ភូមិភាគ​ដើមបូព៌ា​មាន​
គោលដៅ​៥​សំខាន់ៗ។ ទី១ គឺ​ទប់ស្កាត់​កុំ​ឲ្យ​ជម្លោះ​រវាង​Israël និង​Palestine ក្លាយ​ជា​សង្គ្រាម​
ធំ រហូត​ដល់​អាច​រីករាលដាល​ពាសពេញ​តំបន់។ ទី២ គឺ​គាប​សង្កត់​ទៅ​លើ​ប្រទេស​ណា​ដែល​មាន​មហិច្ឆតា​ចង់​បង្កើត​អាវុធ​ប្រល័យ​ លោក។ ទី៣ គឺ​ពង្រឹង​ការតស៊ូ​ប្រឆាំង​នឹង​ពួក​ភេរវជន។ ត្រង់​នេះ រដ្ឋការ​លោក​Bush បាន​ចាត់​ទុក អង្គការ​រំដោះ​Palestine OLP ក៏​ដូច​ចលនាHamas​នៅ​ក្នុង​ដែនដី​កាន់កាប់ និង​ក៏​ដូច​ចលនា​Hezbollah នៅ​ប្រទេស​Liban ថា​ជា​ចលនា​ភេរវកម្ម​ឬ​ជា​ចលនា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ពួក​ភេរវជន។ គោលដៅ​ទី៤ នៃ​នយោបាយ​របស់​រដ្ឋការ​លោក​Bush នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា គឺ​រំលំ​របប​របស់​ Saddam Hussein នៅ​Irak និង​រំលំ​របប​របស់​ពួក​Ayatollah នៅ​Iran។ រីឯ​គោលដៅ​ទី៥ គឺ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​នៅ​ក្នុង​តំបន់ ពិសេស​ជាមួយ​ប្រទេស​Israël និង​ប្រទេស​Turquie។

ទិសដៅ​ធំៗ​ទាំង​៥ ត្រូវ​បាន​កំណត់​ដោយ​វិជ្ជាស្ថាន Washington Institute for Near East Policy នៅ​ក្នុង​របាយការណ៍​មួយ​សម្រាប់​លោក​ប្រធានាធិបតី​អាមេរិកាំង​Bush ចុះ​នៅ​ខែ​មករា​ឆ្នាំ​២០០១ ពោល​គឺ​៨​ខែ​មុន​មហា​ភេរវកម្ម​ថ្ងៃទី​១១​កញ្ញា ឆ្នាំ​២០០១។

*

មែនទែន​ទៅ របាយការណ៍​របស់​Washington Institute for Near East Policy របាយការណ៍​ដែល​បាន​ទៅ​ដល់​ដៃ​របស់​លោក​Bush នៅ​ខែ​មករា​ឆ្នាំ​២០០១ មិន​បាន​លើក​ឡើង​សោះ​ឡើយ អំពី​សារៈសំខាន់​នៃ​ប្រេងកាត នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា។ ក៏​ប៉ុន្តែ អ្នកណា​ក៏​ដឹង​ដែរ​ថា ប្រេងកាត​​ជា​កត្តា​មួយ​សំខាន់​ដែល​បាន​ជម្រុញ​រដ្ឋការ​លោក​Bush ឲ្យ​ចាត់​ទុក​ដើមបូព៌ា ថា​ជា​តំបន់​អាទិភាព។ ភូមិភាគ​ដើមបូព៌ា​ជា​មហាអណ្តូង​ប្រេងកាត​របស់​ពិភពលោក។ គ្រាន់​តែ​តំបន់​ឈូងសមុទ្រ​Perse តែ​មួយ មាន​ផ្ទុក​ប្រេងកាត​រហូត​ទៅ​ដល់​៦៦ ០០០០លាន baril ពោល​គឺ​ប្រមាណ​៦៥%​នៃ​បរិមាណ​ប្រេងកាត​ទាំងស្រុង​ដែល​គេ​បាន​រក​ឃើញ នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ។ លើស​ពី​នេះ​ទៅ​ទៀត ភូមិភាគ​ដើម​បូព៌ា​នៅ​ជាប់​នឹង​តំបន់​សមុទ្រ​Caspienne ដែល​ក៏​សម្បូណ៌​ទៅ​ដោយ​ប្រេងកាត​ដែរ។


យ៉ាងណា​ក៏​ដោយ មហា​ភេរវកម្ម​ថ្ងៃទី​១១​កញ្ញា​ឆ្នាំ​២០០១​ បាន​ជំរុញ​រដ្ឋការ​លោក​Bush ឲ្យ​
ប្រញាប់​ផ្លាស់ប្តូរ​តួនាទី​របស់​អាមេរិក​នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា ពី​នគរបាល​ពិភពលោក ទៅ​ជា​វិស្វករ​នយោបាយ​ពិភពលោក។

ដូច​ដែល​យើង​បាន​លើក​ឡើង​ខាង​លើ​រួច​ហើយ​ថា អាមេរិក​របស់​លោក​Bush​ឪពុក បាន​ដើរ​តួនាទី​ជា​នគរបាល​ពិភពលោក នៅ​សម័យ​សង្គ្រាម​ឈូងសមុទ្រ​Perse ឆ្នាំ​១៩៩០-១៩៩១។ កាល​ណោះ កងទ័ព​អាមេរិកាំង​បាន​រុញច្រាន​ទ័ព​របស់​Irak ចេញ​ពី​ប្រទេស​Koweït តែ​មិន​បាន​ចូល​ទៅ​ដល់​ទីក្រុង​Bagdad ដើម្បី​រំលំ​របប​របស់​Saddam Hussein​ទេ។

១០ឆ្នាំ​ក្រោយ​មក​ អាមេរិក​របស់​លោក​Bush​កូន បាន​ចេញ​មុខ​ដើរ​តួនាទី​ជា​វិស្វករ​នយោបាយ​ពិភពលោក។ បាន​ន័យ​ថា ចំពោះ​លោក​Bushកូន អាមេរិក​ត្រូវ​ហ៊ាន​ប្រើ​គ្រប់​មធ្យោបាយ រួម​ទាំង​មធ្យោបាយ​សឹក​ផង ដើម្បី​ធ្វើ​ឲ្យ​រលក​ប្រជាធិបតេយ្យ​គ្រប​ដណ្តប់​ទៅ​លើ​ទូទាំង​ពិភពលោក ពិសេស​ទៅ​លើ​ភូមិភាគ​ដើមបូព៌ា។ និយាយ​រួម រដ្ឋការ​លោក​Bush​មាន​ជំនឿ​ថា ដើម្បី​សន្តិភាព​នៅ​ដើមបូព៌ា គេ​ត្រូវ​គាស់​រម្លើង​របប​ផ្តាច់ការ​នៅ​ក្នុង​តំបន់ ហើយ​របប​របស់​Saddam Hussein នៅ​Irak គឺ​ជា​អំណាច​ដែល​អាមេរិក​ត្រូវ​ផ្តួល​រំលំ​មុន​គេ។


នៅសប្តាហ៍កក្រោយ ខ្ញុំនឹងលើកឡើងអំពីមហិច្ឆតារបស់រដ្ឋការលោកBush ក្នុងការធ្វើឲ្យមានលំនឹង ភូមិសាស្រ្ត​នយោបាយ​នៅភូមិភាគដើមបូព៌ា តាមរយៈសង្គ្រាមនៅIrak។  
បទវិភាគ​របស់ ហ្សង់-ហ្វ្រង់​ស័រ តាន់
(05:31)

ហេតុអ្វី​បានជា​រដ្ឋការ​អាមេរិកាំង​របស់ Bush ធ្វើសង្គ្រាម​នៅ​អៀរ៉ាក់

ថ្ងៃនេះ Jean-François TAIN សូម​បន្ត​លើកឡើង​​ពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​ដើមបូព៌ា ដោយ​​សូម ​បន្ត​សិក្សា​លម្អិត​ទៅលើ​នយោបាយ​អាមេរិកាំង​របស់​លោក Bush នៅក្នុង​តំបន់​នេះ តាំងពី​ព្រឹត្តិការណ៍ ថ្ងៃទី១១​កញ្ញា​ឆ្នាំ២០០១​ មក។ នៅថ្ងៃនេះ Jean-François សូម​លើកឡើង​ពី​មូលហេតុ​ធំៗ ដែល​បាន​ជម្រុញ រដ្ឋការ​លោក Bush ឲ្យ​ធ្វើសង្គ្រាម​នៅIrak ក្នុង​ឆ្នាំ២០០៣ ដើម្បី​រំលំ​របបSaddam Hussein។
បើ​សិន​ជា​សង្គ្រាម​Afghanistan ជា​ការ​សងសឹក​របស់​អាមេរិក តបត​នឹង​មហា​ភេរវកម្ម​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ២០០១​របស់​អង្គការ​ភេរវកម្ម​ Al-Qaida សង្គ្រាម​នៅ​Irakវិញ គឺ​ជា​គន្លឹះ​សំខាន់​ជាង​គេ​បង្អស់​មួយ នៃ​ចង្កោម​យុទ្ធសាស្រ្ត​របស់​រដ្ឋការ​លោក​Bush នៅ​ភូមិភាគ​ដើម​បូព៌ា។ គោលដៅ​នៃ​យុទ្ធសាស្រ្ត​នោះ គឺ​ធ្វើ​ឲ្យ​ប្រទេស​Irakទន់​ខ្សោយ និង​ធ្វើ​ឲ្យ​ភូមិសាស្រ្ត​នយោបាយ​ក្នុង​តំបន់​ប្រែប្រួល។
ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ គឺ​តាំង​ពី​សង្គ្រាម​Iran-Irakបាន​ចប់​មក និង​ជា​ពិសេស​តាំង​ពី​សង្គ្រាម​នៅ​ឈូងសមុទ្រ​Perse ឆ្នាំ​១៩៩០-១៩៩១ បាន​ចប់​មក ប្រទេស​Irak របស់​Saddam Hussein ជា​ឧបសគ្គ​មួយ​ធំ​សម្រាប់​នយោបាយ​អាមេរិកាំង នៅ​ភូមិភាគ​ដើមបូព៌ា។ មូលហេតុ គឺ​មក​ពី Saddam Hussein បាន​ចេញ​មុខ​ជេរប្រមាថ​និង​ចេញ​មុខ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក។ ម៉្លោះ​ហើយ ចំពោះ​លោក​Bushកូន ការ​ដែល​លោក​Bushឱពុក មិន​បាន​រំលំ​របប​Saddam Hussein នៅ​ដើម​ទសវត្សរ៍​ទី​៩០ គឺ​ជា​កំហុស​មួយ​ធ្ងន់ធ្ងរ។ ចំពោះ​រដ្ឋការ​របស់​លោក​Bushកូន អាមេរិក​ចាំបាច់​ត្រូវ​តែ​រក​លេស​កំទេច​របប​Irak ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ទុក​ជា​គំរូ​សម្រាប់​បណ្តា​ប្រទេស​ដទៃ​ផ្សេង​នៅ​ក្នុង​តំបន់ ដែល​មាន​គំនិត​ផ្សង​ព្រេង ចង់​យក​តម្រាប់​តាម​Saddam Hussein។

មិន​តែ​ប៉ុណ្ណោះ Irakរបស់​SaddamHussein ក៏​ជា​ដែន​អំណាច​ចុង​ក្រោយ​នៃ​ចរន្ត​ជាតិនិយម​អារ៉ាប់។ ចរន្ត​ជាតិនិយម​អារ៉ាប់​នេះ ដែល​បាន​លេច​ធ្លោ​ឡើង នៅ​ទសវត្សរ៍​ទី៥០ នៅ​ប្រទេស​Egypte នៅ​ប្រទេស​Irak និង​នៅ​ប្រទេស​Syrie តាម​រយៈ​គណបក្ស​Baas​ចង់​ធ្វើ​ឲ្យ​ឥទ្ធិពល​អាមេរិកាំង​នៅ​ភូមិភាគ​ដើមបូព៌ា​ រលាយ​សាបសូន្យ។ ផ្ទុយ​ទៅ​វិញ ចរន្ត​ជាតិនិយម​អារ៉ាប់​នេះ មាន​សមាន​ចិត្ត​ចំពោះ​អឺរ៉ុប ជាពិសេស​ចំពោះ​ប្រទេស​បារាំង។ រីឯ​បណ្តា​ប្រទេស​អឺរ៉ុប​វិញ ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ គាំទ្រ​ពួក​អ្នក​ជាតិនិយម​អារ៉ាប់​ដែល​ពួក​គេ​វាយ​តម្លៃ​ថា ជា​ពួក​ចំរើន​​និយម និង​ជា​អ្នក​លើក​ស្ទួយ​គ្រហស្តភាព ផ្ទុយ​ពី​ចលនា​អ៊ីស្លាម​ជ្រុល​និយម​ផ្សេងៗ ដែល​ងងឹត​ងងល់​នឹង​ប្រពៃណី​ចាស់​គំរឹល​ដុះស្លែ។

ក្រៅ​ពី​នេះ មាន​មូលហេតុ​បន្ទាប់បន្សំ​មួយ​ទៀត ដែល​បាន​ជម្រុញ​ឲ្យ​រដ្ឋការ​អាមេរិកាំង​របស់​Bush រក​លេស​កំទេច​របប​របស់​Saddam Hussein នៅ​Irak នោះ​គឺ​ប្រេង​កាត។ គួរ​រំឭក ថា​នៅ​ឆ្នាំ២០០៣ នា​ពេល​ដែល​សង្គ្រាម​Irak ទើប​តែ​បាន​ផ្ទុះ​ឡើង ក្រុម​អ្នក​តំណាង​បក្ស​ប្រឆាំង​Irak នៅ​បរទេស​ដែល​ស្និទ្ធ​នឹង​អាមេរិក បាន​នាំ​គ្នា​និយាយ​ដោយ​ឥត​លាក់លៀម​ថា ពេល​ណា​របប​Saddam Hussein រលំ​ហើយ ពេល​នោះ​ក្រុមហ៊ុន​ប្រេងកាត​របស់​បារាំង ឬ​របស់​អឺរ៉ុប​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មក​រុករក​ប្រេងកាត​នៅ​Irakទេ និង​ថា​របប​ថ្មី​Irak នឹង​រក​ស៊ី​ជាពិសេស​ជាមួយ​ក្រុមហ៊ុន​ប្រេងកាត​របស់​អាមេរិក។


រដ្ឋការ​របស់​លោក​Bushកូន មាន​គោលដៅ​មួយ​ច្បាស់ នោះ​គឺ​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​អាមេរិកាំង នៅ​ក្នុង​ភូមិភាគ​ដើម​បូព៌ា។

នៅ​ក្នុង​ស្មារតី​របស់​លោក​Bush ការ​ផ្តួល​រំលំ​របប​Saddam Hussein និង​ការ​ដាក់​បន្តុប​របប​មួយ​ថ្មី ដែល​មាន​និន្នាការ​ផ្អៀង​មក​រក​ទីក្រុង​Washington នឹង​បើក​លទ្ធភាព​ឲ្យ​អាមេរិក​បង្កើន​វត្តមាន​របស់​ខ្លួន នៅ​ក្នុង​តំបន់​មួយ​នេះ តំបន់​ដែល​ក្រុម​ទី​ប្រឹក្សា​របស់​លោក​Bush ប្រសិទ្ធ​នាម​ឲ្យ​ថា​មហាមជ្ឈិមបូព៌ា។ ម្យ៉ាង ពីព្រោះ​រដ្ឋការ​របស់​លោក​Bush ស្រមៃ​ចង់​ឃើញ​រលក​ប្រជាធិបតេយ្យ ដែល​នឹង​លេច​ចេញ​ពី​Irak ក្រោយ​សករាជ​Saddam Hussein គ្រប​ដណ្តប់​ទៅ​លើ​តំបន់​ដើមបូព៌ា​ទាំង​មូល។ ចំពោះ​លោក​Bush គឺ​នៅ​ពេល​នោះ​ហើយ ដែល​គេ​នឹង​អាច​បង្កើត​សន្តិភាព​មួយ​បាន​រវាង​Israël និង​Palestine។

ម្យ៉ាង​ទៀត ពីព្រោះ​ការ​កំទេច​របប​Saddam Hussein ដែល​មាន​កម្លាំង​យោធា​ខ្លាំង​ជាង​គេ នៅ​ក្នុង​តំបន់​នឹង​ធ្វើ​ឲ្យ​ពិភព​អារ៉ាប់​ទាំង​មូល​ទន់​ខ្សោយ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជា​មិត្ត​របស់​អាមេរិក ដូច​ជា​Israël និង​Turquie ខ្លាំង។

មក​ទល់​សព្វ​ថ្ងៃ នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា Israël និង​Turquie ជា​ប្រទេស​មិត្ត​តែ​ពីរ​គត់​ដែល​សហរដ្ឋអាមេរិក​ទុក​ចិត្ត ពីព្រោះ​ប្រទេស​ទាំងពីរ​នេះ គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ពឹងពាក់​អាមេរិក។

ដូច​ដែល​យើង​បាន​លើក​ឡើង​រួច​ហើយ​ថា Israëlជាប្រទេសឯកានៅក្នុងតំបន់ភូមិសាស្រ្ត
នយោបាយមួយប្រកបទៅដោយអរិភាព។ម្ល៉ោះហើយIsraël មិន​អាច​ដោះ​ដៃ​ចេញ​ពី​សហរដ្ឋអាមេរិក​បាន​ទេ Israël នឹង​បន្ត​ត្រូវ​ការ​ថវិកា អាវុធ និង​ការ​គាំទ្រ​ពី​អាមេរិក​យូរ​ឆ្នាំ​ត​ទៅ​មុខ​ទៀត។

រីឯ​ប្រទេស​Turquieវិញ​ដែល​ឋិត​នៅ​ចន្លោះ​ទ្វីប​អឺរ៉ុប​និង​ភូមិភាគ​ដើម​ បូព៌ា ក៏​ជា​ប្រទេស​ឯកា​ដែរ។ ម្យ៉ាង ពីព្រោះ​សហភាព​អឺរ៉ុប មិន​ព្រម​ទទួល​ប្រទេស​នេះ​ឲ្យ​ចូល​ជា​សមាជិក។ ម្យ៉ាង​ទៀត ពីព្រោះ​បណ្តា​ប្រទេស​អារ៉ាប់​នៅ​ភូមិភាគ​ដើមបូព៌ា​យល់​ឃើញ​ថា ប្រទេស​មួយ​នេះ ត្រូវ​បាន​ប៉ះពាល់​ជ្រួត​ជ្រាប ដោយ​វប្បធម៌​បស្ចិមលោក​ខ្លាំង​ពេក។ ម៉្លោះ​ហើយ Turquieនឹង​បន្ត​ត្រូវ​ការ​អាមេរិក យូរ​ឆ្នាំ​តទៅ​ទៀត។ គួរ​និយាយ​ថា ដើម្បី​ធ្វើ​សង្គ្រាម​នៅ​Irak ទ័ព​អាមេរិកាំង​បាន​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​ប្រទេស​Turquie ហើយ​ចូរ​កុំ​ភ្លេច​ថា ទាហាន​Turquie ដែល​ចូលរួម​ក្នុង​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង​OTAN មាន​ចំនួន​រហូត​ដល់​ទៅ​ ៧សែន ៩ម៉ឺន៧ពាន់នាក់ ពោល​គឺ​មាន​ចំនួន​ច្រើន​ជាង​គេ​បង្អស់ បន្ទាប់​ពី​សហរដ្ឋអាមេរិក។
PO.7 redif 6.12.10
(06:13)

អំណាចស្រទន់ soft power របស់ Obamaនៅដើមបូព៌ា

ថ្ងៃ​ នេះ Jean-François TAIN សូម​បន្ត​លើក​ឡើង​ពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​ដើម​បូព៌ា ដោយ​សូម​លើក​ឡើង​អំពី​នយោបាយ​ថ្មី​របស់​លោក​ប្រធានាធិបតី​អាមេរិកាំង​Obama នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា។
ក៏​ដូច​ប្រធានាធិបតី​អាមេរិកាំង​មុន​ៗ​ដែរ លោក Barak Obama បាន​និយាយ​រំឭក​ឡើងវិញ​ជា​ថ្មី អំពី​តួ​នាទី​នាំមុខ​គេ​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​ពិភពលោក។ ក៏ប៉ុន្តែ​ខុស​ផ្ទុយ​ពី​លោក Bush ដែល​បាន​អនុវត្ត​អំណាច​ខ្លាំង hard power​និង​បាន​ប្រើប្រាស់​មធ្យោបាយ​យោធា លោក Obama​ឲ្យ​អាទិភាព​ទៅ​លើ​អំណាច​ស្រទន់ soft power ទៅលើ​ការទូត​និង​នយោបាយ ដើម្បី រក្សា​តួនាទី​នាំមុខ​គេ​នេះ​របស់​អាមេរិក នៅ​លើ​ឆាក​អន្តរជាតិ។ « យើង​មិន​ត្រូវ​ដក​ខ្លួន​ចេញ​ពី ពិភពលោក​ទេ ហើយ​យើង​ក៏​មិន​ត្រូវ​ដាក់​ពិភពលោក​ទាំងមូល នៅ​ក្រោម​មហិទ្ធិឫទ្ធិ​យោធា របស់​យើង​ដែរ។ យើង​ត្រូវ​តាំងខ្លួន​ជា​ប្រទេស​គំរូ សម្រាប់​ពិភពលោក»។ នេះ​ជាពាក្យ​សំដី របស់​លោក Obama។

ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ អ្វី​ដែល​រដ្ឋការ​លោក Obama បាន​និង​កំពុង​បន្ត​ខ្នះខ្នែង​ធ្វើ នៅ ភូមិភាគ​ដើម​បូព៌ា គឺ​ទី​មួយ ​ដក​ទ័ព​អាមេរិកាំង​ចេញ​ពី​ប្រទេស​អៀរ៉ាក់ ទី​ពីរ កសាង​សន្តិភាព​មួយ​រឹងមាំ​រវាង Israël​និង Palestine និង​ទី​បី ខ្ទប់​កុំ​ឲ្យ​អៀរ៉ង់​ចម្រើន​ធាតុ Uranium​បាន ក្នុង​គោលដៅ​ផលិត​គ្រាប់បែក​បរមាណូ។

មកទល់​ពេល​នេះ ទាក់ទិន​នឹង​ប្រទេស​អៀរ៉ាក់ រដ្ឋការ​របស់​លោក Obama​មាន​ផែនការ​មួយ​ច្បាស់ នោះគឺ​ការ​ដកទ័ព​អាមេរិកាំង​បណ្តើរ​ៗ​ចេញ​ពី​ប្រទេស​នេះ។ នៅ​ចុង​បញ្ចប់ អាមេរិក​នឹង​រក្សា​ទុក​ទាហាន​តែ​ជាង ៣ ០០០​នាក់ប៉ុណ្ណោះ ដើម្បី​ជួយ​រដ្ឋាភិបាល​អៀរ៉ាក់​ក្នុង​ការ​បង្កើត​កងទ័ព​ជាតិ​មួយ​ឡើង និង​ក្នុង​ការប្រយុទ្ធ​ទប់ទល់​នឹង​ភេរវកម្ម។

ផែនការ​នេះ ប្រហែល​ជា​នឹង​អាច​អនុវត្ត​ទៅ​បាន ដោយសារ​តែ តាំងពី​ឆ្នាំ ២០០៧​មក អំពើ​ហិង្សា​នៅ​អៀរ៉ាក់​បាន​និង​កំពុង​បន្ត​បាត់បង់​កម្លាំង​របស់​វា​បន្តិច ​ម្តងៗ ទៅ​វិញ​ហើយ។ តាម​មើលទៅ ក្រុម​ភេរវជន​ប្រហែល​ជា​បាន​ដក​កង​កម្លាំង​មួយ​ភាគធំ​របស់​ខ្លួន ចេញ​ពី​អៀរ៉ាក់ ទៅ​ដាក់​នៅ Afghanistan និង នៅ akistan។

រីឯ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អៀរ៉ង់​វិញ វា​ជា​សំណុំរឿង​មួយ​ពិបាក​ដោះស្រាយ សម្រាប់​រដ្ឋការ Obama។ រហូតមកដល់​ខែ​កញ្ញា​ឆ្នាំ ២០០៩ លោក Obama​បាន​អះអាង​ហើយ​អះអាង​ទៀតថា អាមេរិក​នៅតែចង់​ចរចា​ជាមួយ​អៀរ៉ង់។ ក៏ប៉ុន្តែ​បន្តិច​ម្តង​ៗ លោក Obama ត្រូវ​បង្ខំ​ចិត្ត​ដំឡើង​សម្លេង​និង​ប្រើ​កណ្តាប់​ដៃ​ដែក​ដាក់​របប​ទីក្រុង Téhéran ពីព្រោះ​ថ្នាក់ដឹកនាំ​អៀរ៉ង់​នៅ​តែ​រឹង​ក្បាល មិន​ព្រម​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។
នៅក្នុង​បរិបទ​បែប​នេះ លោក Obama​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ខិតខំ​បញ្ចុះបញ្ចូល​ចិន​និង​រុស្ស៊ី​ ឲ្យ​គាប​សង្កត់​ទៅ​លើ​អៀរ៉ង់។ នៅ​ក្នុង​ន័យ​នេះ លោក​ប្រធានាធិបតី​អាមេរិកាំង​បាន​បោះបង់​ចោល ផែនការ​ដាក់​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​នៅ​ប្រទេស​ប៉ូឡូញ និង​នៅ​សាធារណរដ្ឋ ឆែក ផែនការ​ដែល​ត្រូវ​បាន​សម្រេច​ឡើង​ដោយ​លោក Bush និង​ដែល​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ក្តៅចិត្ត​មិន​តិច​ទេ។ ជាថ្នូរ​នឹង​សម្បទាន​នេះ លោក Obama​ចង់​ឃើញ​រុស្ស៊ី​ឈប់​លក់​អាវុធ​ទៅ​អោយ​អៀរ៉ង់ និង​ចង់​ឃើញ​រុស្ស៊ី​បោះឆ្នោត​គាំទ្រ​ទណ្ឌកម្ម​ដែល​ត្រូវ​ដាក់​ទៅ​លើ​អៀរ៉ង់ នៅ​ក្នុង​ក្របខ័ណ្ឌ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ការ​កសាង​សន្តិភាព​រវាង Israël​និង Palestine ក៏ជា​មហិច្ឆតា​មួយ​ពិបាក​សម្រេច​ដែរ សម្រាប់​រដ្ឋការ​លោក Obama។ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក Obama​បាន​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ Israël និង​កំពុង​បន្ត​ជម្រុញ Israël ឲ្យ​ចរចា​ជាមួយ Palestine។ លោក​ប្រធានាធិបតី​អាមេរិកាំង បាន​ព្រមាន​ថ្នាក់​ដឹកនាំ Israël​ថា កុំ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ខូច​សកម្មភាព​ទូត​របស់​អាមេរិក​នៅ​ភូមិភាគ​ដើមបូព៌ា​ ឲ្យសោះ។ បើពុំនោះសោត​ទេ អាមេរិក នឹង​សើរើ​មើល​ឡើង​វិញ​ទំនាក់ទំនង​នយោបាយ ហិរញ្ញវត្ថុ និង​យោធា ជាមួយ​ប្រទេស Israël។

ដើម្បី​យក​ចិត្ត​រដ្ឋអំណាច Palestine លោក Obama​បាន​តែងតាំង​លោក George Mitchell ជា​បេសកជន​ពិសេស​របស់​លោក​ទទួល​បន្ទុក​ខាង​បញ្ហា​រវាង Israël និង Palestine។ ការ​តែងតាំង​លោក George Michell ឲ្យ​ទទួល​តំណែង​នេះ បាន​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ Palestine​
សប្បាយចិត្ត និង​បាន​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ Israël ស្រងាកចិត្ត ពីព្រោះ​លោក George Michell ជា​អ្នក​ដែល​យល់ឃើញ​ថា ដរាបណា​អាមេរិក​នៅ​តែ​កាន់ជើង Israël​ផ្កាប់​មុខ ដរាបនោះ​នឹង​
នៅតែ​មិនអាច​មាន​ទៅ​កើត​ឡើយ​សន្តិភាព​នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា។

យ៉ាងណាក៏ដោយ មាន​បុព្វហេតុ​ច្រើន​ណាស់​ដែល​នឹង​ធ្វើ​ឲ្យ​លោក Obama​ពិបាក​កសាង​សន្តិភាព​រវាង Israël និង​Palestine។ បុព្វហេតុ​សំខាន់​ទី​មួយ គឺ​ការ​ជំទាស់​ជាដាច់ខាត ពី​សំណាក់ Israël ជំទាស់​មិន​ឲ្យ​បង្កើត​រដ្ឋ Palestine​ឯករាជ្យ​មួយ​ឡើង នៅ​ក្នុង​ទឹកដី ដែល​កងទ័ព Israël​កាន់កាប់​តាំងពី​ឆ្នាំ ១៩៦៧​មកម៉្លេះ។ បុព្វហេតុ​សំខាន់​មួយ​ទៀត គឺ​ការបែកបាក់​គ្នា​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ Palestine រវាង​ពួក Fatah​ដែល​ព្រម​ចរចា​ជាមួយ​Israël និង​ពួក Hamas​ដែល​នៅតែ​ប្តេជ្ញាចិត្ត​តាម​កំទេច Israël​ឲ្យ​ទៅ​ជា​ផេះ៕
បទវិភាគ​របស់ ហ្សង់-ហ្វ្រង់​ស័រ តាន់
(05:19)

សេចក្តី​សន្និដ្ឋាន​​ជុំវិញ​ភូមិសាស្រ្ត​នយោបាយ​នៃ​ភូមិភាគ​ដើមបូព៌ា​

ថ្ងៃនេះ Jean-François TAIN សូមធ្វើសេចក្តីសន្និដ្ឋាន ជុំវិញស្ថានការណ៍នៃភូមិភាគ​ដើមបូព៌ា មុននឹងបើកទំព័រភូមិសាស្រ្តនយោបាយថ្មី នៅសប្តាហ៍ក្រោយ។
យើង​បាន​លើក​ឡើង​រួច​ហើយ អំពី​បុព្វហេតុ​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​សង្គ្រាម​និង​សោកនាដកម្ម​បន្ត​គ្មាន​ថ្ងៃ​ចប់​នៅ​ក្នុង​ ភូមិភាគ​ដើមបូព៌ា ជាង​៦០បា្លយ​ឆ្នាំ​កន្លង​មក​ហើយ។

បុព្វហេតុ​សំខាន់​ជាង​គេ គឺ​ការ​បង្កើត​រដ្ឋ​Israël​ឡើង​ក្នុង​ទឹក​ដី​Palestine នៅ​ឆ្នាំ​១៩៤៨។ ទង្វើ​នេះ បាន​បណ្តាល​ឲ្យ​បណ្តា​ប្រទេស​អារ៉ាប់​ក្នុង​តំបន់ ដូចយ៉ាង​Egypte, Syrie, Irakជា​ដើម ខឹង​សម្បារ និង​ពួត​ដៃ​គ្នា​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​Israël ក្នុង​គោលដៅ​កំទេច​និង​លុប​បំបាត់​ប្រទេស​ថ្មីថ្មោង​នេះ ចេញ​ពី​ផែនទី​នៃ​ភូមិភាគ​ដើមបូព៌ា។ ប៉ុន្តែ នៅ​ក្នុង​សង្គ្រាម​ទាំង​បី​លើក នៅ​ឆ្នាំ​១៩៤៨ នៅ​ឆ្នាំ​១៩៦៧ និង​នៅ​ឆ្នាំ​១៩៧០ Israël​បាន​ច្បាំង​ឈ្នះ​រហូត និង​បាន​ឆ្លៀត​ពង្រីក​ទឹក​ដី​របស់​ខ្លួន រហូត​ដល់​កាន់កាប់​បាន​សឹង​ទាំង​ស្រុង​Palestine ជាហេតុ​ធ្វើ​ឲ្យ​ប្រជាជន​Palestine​គ្មាន​ទឹកដី ត​រហូត​មក​ដល់​សព្វ​ថ្ងៃ។

យើង​ក៏​បាន​លើក​ឡើង​ដែរ​អំពី​បុព្វហេតុ​សំខាន់ៗ​ផ្សេង​ទៀត នៃ​អស្ថិរភាព​ឥត​ឈប់ឈរ​នៅ​
ក្នុង​ភូមិភាគ​ដើម​បូព៌ា នោះ​គឺ​លក្ខណៈ​ខុស​គ្នា​ខ្លាំង​នៃ​ពូជសាសន៍​របស់​ប្រជាជន លក្ខណៈ​ខុស​គ្នា​ខ្លាំង​នៃ​សាសនា​របស់​ប្រជាជន លក្ខណៈ​ខុស​គ្នា​ខ្លាំង​នៃ​របប​នយោបាយ​ និង​លក្ខណៈ​ខុស​គ្នា​ខ្លាំង​នៃ​កម្រិត​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយៗ។ អ៊ីចឹង​ហើយ​បាន​ជា​ទន្ទឹម​គ្នា​នឹង​សង្គ្រាម​ប្រឆាំង​Israël ក៏​មាន​កើត​ឡើង​ដែរ​សង្គ្រាម​រវាង​ប្រទេស​មួយ​និង​ប្រទេស​មួយ​ទៀត​នៅ​ក្នុង​ តំបន់ ដូចជា​សង្គ្រាម​Iran-Irak ពី​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​១៩៨៨ សង្គ្រាម​ឈូង​សមុទ្រ​Perse នៅ​ឆ្នាំ​១៩៩១ក្រោយ​ពី​Irak បាន​ចូល​ឈ្លានពាន​ប្រទេស​Koweït ទំនាស់​រវាង​Syrie​និង​Jordanie​នៅ​ ទសវត្សរ៍​ទី​៨០ ទំនាស់​រវាង​Egypte និង​Soudan​នៅ​ទសវត្សរ៍​ទី​៩០​ឬ​ក៏​ទំនាស់​រវាង​Egypte និង​បណ្តា​ប្រទេស​អារ៉ាប់​ដទៃ​ផ្សេង នៅ​ក្នុង​ទសវត្សរ៍​ទី​៧០ ពីព្រោះ​កាល​នោះ ប្រទេស​Egypte​របស់​លោក​Sadate បាន​ត្រូវរ៉ូវ​គ្នា​វិញ​ជា​មួយ​ប្រទេស​Israël ដោយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ។

យើង​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ទោះ​ជា​សង្គ្រាម​ត្រជាក់​បាន​ចប់​បាត់​ទៅ​ហើយ​ក្តី ក៏​ភូមិភាគ​ដើម​បូព៌ា​មិន​ប្រែប្រួល មិន​បោះ​ជំហាន​ទៅ​រក​ការ​អភិវឌ្ឍន៍ និង​ទៅ​រក​សន្តិភាព​សោះ។

ក្រោយសង្គ្រាម​​ត្រជាក់ រលក​នៃ​ប្រជាធិបតេយ្យូបនីយកម្ម​បាន​គ្រប​ដណ្តប់​ទៅ​លើ​អឺរ៉ុប​
ខាង​កើត ទៅ​លើ​អាស៊ី និង​ទៅ​លើ​អាមេរិក​ឡាទីន។ ផ្ទុយ​ពី​គេ​ឯង ភូមិភាគ​ដើមបូព៌ា​បន្ត​ផុង​ខ្លួន​ក្នុង​បញ្ហា​អតីតកាល ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ។ មាន​មែន​ក្តី​សង្ឃឹម​ក្នុង​ទសវត្សរ៍​ទី​៩០ ក្តីសង្ឃឹម​ក្នុង​​ការ​កសាង​សន្តិភាព​រវាង​Israël និង​Palestine តាម​រយៈ​កិច្ច​ព្រមព្រៀង​Oslo ខែ​កញ្ញា​ឆ្នាំ​១៩៩៣។ ក៏​ប៉ុន្តែ​ក្តី​សង្ឃឹមម​នេះ​បាន​រលាយ​បាត់​ទៅ​វិញ​យ៉ាង​លឿន​រហ័ស ពីព្រោះ​ទាំង​រដ្ឋាភិបាល​Israël ទាំង​រដ្ឋអំណាច​Palestine សុទ្ធ​តែ​ត្រូវ​ប្រឈមមុខ​រៀងៗ​ខ្លួន​នឹង​ពួក​ជ្រុល​និយម។ នៅ​ខាង​ភាគី​Palestine ពួក​ជ្រុលនិយម​Hamas និង​ពួក​Djihad Islamique មិន​ព្រម​ទទួល​ស្គាល់​កិច្ច​ព្រម​ព្រៀង​​​ ​Oslo និង​ប្តេជ្ញា​ចិត្ត​តាម​កំទេច​Israël ឲ្យ​ទៅ​ជា​ផេះ។នៅ​ខាង​ភាគី​Israël​វិញ ពួក​ជ្រុល​និយម ​​មិន​ព្រម​ថយ​ចេញ​ពី​ដែនដី​Palestine ដែល​Israël កាន់កាប់​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ និង​មិន​ព្រម​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​នយោបាយ​អាណានិគមកិច្ច នៅ​លើ​ទឹកដី​Palestine​ឡើយ។ ម៉្លោះ​ហើយ​បាន​ជា​អំពើ​ហិង្សា​នៅ​តែ​បន្ត។ ពួក​Hamas បង្ក​ភេរវកម្មអត្តឃាត រីឯ​កងទ័ព​ Israël​វិញ ឆ្លើយតប​ដោយ​ប្រើ​កាំភ្លើងធំ យន្តហោះ​ចម្បាំង​និង​រថក្រោះ ដើម្បី​វាយ​បង្ក្រាប​ទៅ​លើ​ប្រជាជន​Palestineដោយ​ឥត​រើស​មុខ។


យើង​ក៏​បាន​លើក​ឡើង​រួច​ហើយ​ដែរ អំពី​ភាព​មិន​ជាក់លាក់​នៃ​ភូមិភាគ​ដើមបូព៌ា ក្នុង​ពេល​បច្ចុប្បន្ន។ ពីព្រោះ អភិក្រម​នៃ​កិច្ចចរចា​សន្តិភាព​រវាង​Israël និង​Palestine នៅ​ទ័លច្រក​មួយ​
កន្លែង។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ពីព្រោះ​រដ្ឋការ​អាមេរិកាំង​របស់​លោក​Bush បាន​ចូល​មក​ធ្វើ​សង្គ្រាម នៅ​Irak នៅឆ្នាំ​២០០៣។ សង្គ្រាម​អាមេរិកាំង​នៅ​Irak​បាន​រំលំ​មែន​​ពិត​របប​ផ្តាច់ការ​របស់​Saddam Hussein តែ​បាន​រុញច្រាន​ប្រទេស​មួយ​នេះ ទៅ​ក្នុង​ជ្រោះ​នៃ​សង្គ្រាមស៊ីវិល​និង​ភេរវកម្ម។ ការ​ដែល​អាមេរិក​បាន​ផ្តួល​រំលំ​របប​Saddam Husseinដែល​ជា​សត្រូវ​សួពូជ​របស់​Iran បាន​ធ្វើ​ឲ្យ​Iran ក្លាយ​ជា​ស្វ័យប្រវត្តិ​ទៅ​ជា​ប្រទេស​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់ បាន​ធ្វើ​ឲ្យ​Iran ឡើង​ដៃ​ចង់​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ និង​អុងអាត់​ចេញ​មុខ​ប្រកាសចង់​កំទេច​Israël ឲ្យ​ទៅ​ជា​ផេះ។

យើង​ក៏​បាន​លើក​ឡើង​រួច​ហើយ​ដែរ អំពី​អស្ថិរភាព​កាន់​​តែ​ធ្ងន់ធ្ងរ​នៃ​ភូមិភាគ​ដើមបូព៌ា ពីព្រោះ ភូមិភាគ​ដើមបូព៌ា​នៅ​ជាប់​នឹង​ប្រទេស​Afghanistan។ អន្តរាគមន៍​យោធា​របស់​បស្ចិមលោក​នៅ​ក្នុង​ប្រទេស​នេះ នៅ​ឆ្នាំ​២០០១ មិន​បាន​ធ្វើ​ឲ្យ​ពួក​Talibans រលាយ​សាបសូន្យ​ជា​ស្ថាពរ​ទេ។ ពួក​ជ្រុល​និយម​ទាំង​នេះ​កំពុង​វាយលុក​មក​វិញ ធ្វើ​ឲ្យ​ប្រទេស​Afghanistan មិន​អាច​វិល​មក​រក​ភាព​ឋិតថេរ​វិញ​បាន។

យើង​ក៏​បាន​ពន្យល់​រួច​ហើយ​ដែរ​ថា ការ​ដែល​ភូមិភាគ​ដើមបូព៌ា​ក្លាយ​ជា​សមរភូមិមុខ​នៃ​សង្គ្រាម​ធំៗ​ក្នុង​ ពិភពលោក​សព្វ​ថ្ងៃ មិនមែន​ជា​រឿង​ចៃដន្យ​ទេ ពីព្រោះ​ដើមបូព៌ា​ជា​តំបន់យុទ្ធសាស្រ្ត​ចំបង​មួយ។ គឺ​ជា​តំបន់​ដែល​ផ្ទុក​ទៅ​ដោយ​ប្រេងកាត គឺ​ជា​ផ្លូវទឹក ដែល​បើក​លទ្ធភាព​ឲ្យ​នាវា​ធ្វើ​ដំណើរ​ពី​សមុទ្រ​Méditerranée ទៅ​សមុទ្រ​ឥណ្ឌា។

ពី​ឆ្នាំ​២០១០​នេះ ត​ទៅ​អនាគតកាល គេ​រង់​ចាំ​មើល​សមត្ថភាព​របស់​លោក​ប្រធានាធិបតី​
អាមេរិកាំង​Obama ក្នុង​ការ​ព្យាបាល​មហារីក​ធំៗ​ទាំង​បួន នៅ​ក្នុង​តំបន់​និង​នៅ​ជាយ​តំបន់​
ភូមិភាគ​ដើមបូព៌ា។ មហារីក​នោះ​គឺ ជម្លោះ​រ៉ាំរ៉ៃ​រវាង​Israël និង​Palestine អស្ថិរភាព​នៅ​Irak
កម្មវិធី​នុយក្លេអ៊ែរ​របស់​Iran និង​ភាព​មិន​ជាក់លាក់​នៅ​Afghanistan។ តើ​អាមេរិក​ដែល​មាន​
លទ្ធភាព មធ្យោបាយ និង​អំណាច​ធំ​ជាង​គេ អាច​កសាង​សន្តិភាព​ពិត​ប្រាកដ​មួយ នៅ​ក្នុង​ភូមិភាគ​ដើម​បូព៌ា​បាន​ដែរ​ឬ​ទេ?

តើ​ពី​ពេល​នេះ​ត​ទៅ បណ្តា​មហា​អំណាច​ក្នុង​លោក ជា​ពិសេស​បស្ចិម​ប្រទេស នឹង​ប្រកាន់​យក​ឥរិយាបថ​បែប​ណា នៅ​ចំពោះ​មុខ​ស្ថានភាព​ពុះកញ្ជ្រោល​ក្តាប់​មិន​បាន​ទាល់​តែ​សោះ​នៃ​ភូមិភាគ​ ដើមបូព៌ា?

យ៉ាងណា​ក៏​ដោយ បើ​គ្មាន​ការ​ចុះ​សម្រុង​គ្នា​រវាង​បស្ចិមលោក​និង​ប្រទេស​ចិន ព្រម​ទាំង​ប្រទេស​រុស្ស៊ី​ទេ បើ​សិន​ជា​គ្មាន​ការ​យល់​ដឹង​ដូច​គ្នា​ពី​សំណាក់​បណ្តា​មហាអំណាច​ទាំងអស់​ នេះ​ថា គ្រោះថ្នាក់​នៅ​ភូមិភាគ​ដើមបូព៌ា​ជា​គ្រោះថ្នាក់​សម្រាប់​ពិភពលោក​ទាំង​មូល​ ទេ  នោះសង្គ្រាម​និង​សោកនាដកម្ម​នៅ​ក្នុង​តំបន់​នេះ នឹង​បន្ត​យូរលង់​ច្រើន​ទសវត្សរ៍​តទៅ​ទៀត៕
បទវិភាគ​របស់ ហ្សង់-ហ្វ្រង់​ស័រ តាន់
(07:17)

យក​ឈ្នះ​ដោយ​មិន​ចាំបាច់​ប្រយុទ្ធ

ចាប់​ពី ​សប្តាហ៍​នេះ​ទៅ ហ្សង់-ហ្វ្រង់ស័រ តាន់​សូម​បែរ​មក​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ចិន​វិញ​ម្តង។ ក្នុង​ខណៈ​នេះ និង​នៅ​ក្នុង​លោក​សព្វ​ថ្ងៃ ប្រទេស​ចិន​លេច​មុខ​ជាង​គេ។ អានុភាព​របស់​មហាយក្ស​ចិន​កើន​លឿន និង​កើន​ខ្លាំង​ឡើង​ជា​លំដាប់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទាំង​នៅ​លើ​វិស័យ​សេដ្ឋកិច្ច យោធា និង​នយោបាយ។ ម្ល៉ោះ​ហើយ បើ​គ្មាន​ឧបសគ្គ​អ្វី​ធំដុំ​ទេ និង​បើ​គ្មាន​ភាព​ចៃដន្យ​ធ្ងន់ធ្ងរ​នៃ​ប្រវត្តិសាស្រ្ត​ទេ មិន​យូរ​មិន​ឆាប់ ចិន​នឹង​ច្បាស់​ជា​ក្លាយ​ទៅ​ជា​មហា​អំណាច​ពិភពលោក​ទី​មួយ មិន​ខាន​ឡើយ។ ក៏​ប៉ុន្តែ តើ​អ្វី​ទៅ​មហិច្ឆតា​របស់​ប្រទេស​ចិន?
តើ​អ្វី​ទៅ​មហិច្ឆតា​របស់​ប្រទេស​ចិន? គ្មាន​ទេ​ចម្លើយ​ពិត​ប្រាកដ។ ប៉ុន្តែ គេ​ត្រូវ​តែ​ចោទ​សួរ សាកល្បង​យល់ ប្រឹងប្រែង​វិភាគ ខ្នះខ្នែង​មើល​ឲ្យ​ធ្លុះ ពីព្រោះ​ការ​រីក​ចំរើន​លឿន​រហ័ស​ពេក​នៃ​មហាយក្ស​មួយ​នេះ ទាំង​នៅ​លើ​ផ្នែក​សេដ្ឋកិច្ច ទាំង​នៅ​លើ​ផ្នែក​យោធា នឹង​ច្បាស់​ជា​ធ្វើ​ឲ្យ​ប្រែប្រួល​មុខមាត់​នៃ​ទ្វីប​អាស៊ី ក្នុង​រយៈ​កាល​មធ្យម និង​ធ្វើ​ឲ្យ​ប្រែប្រួល​មុខមាត់​នៃ​ពិភពលោក ក្នុង​រយៈ​កាល​វែង។
អាស្រ័យ​ទៅ​លើ​អ្វី​ដែល​គេ​បាន​ដឹង ទៅ​លើ​អ្វី​ដែល​គេ​បាន​វិភាគ​ឃើញ គេ​អាច​និយាយ​ថា ថ្នាក់​ដឹក​នាំ​ចិន​សព្វ​ថ្ងៃ​មាន​មហិច្ឆតា​ចង់​យក​ឈ្នះ យក​ឈ្នះ​ទៅ​លើ​ភាព​ក្រីក្រ យក​ឈ្នះ​ទៅ​លើ​ភាព​យឺតយ៉ាវ​គ្រប់​វិស័យ​របស់​ប្រទេស​ខ្លួន បើ​ប្រៀបធៀប​ទៅ​នឹង​បស្ចិម​លោក។ យក​ឈ្នះ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​អ្នក​មាន អ្នក​មាន​អំណាច អ្នក​ខ្លាំង និង​ជា​អ្នក​សង្គម​និយម។

ការ​ពិត មហិច្ឆតា​នេះ​មាន​ចំណាស់​ជាង​មួយ​រយ​ឆ្នាំ​មក​ហើយ។ នៅ​ចុង​សតវត្សរ៍​ទី​១៩ ថ្នាក់​ដឹក​នាំ​ចិន​បាន​ប្រើ​ពាក្យ​ស្លោកFuqiang ពាក្យ ​ស្លោក​ដែល​បាន​ន័យ​ថា អ្នកមាន និង​មាន​អំណាច។ ក្រោយ​មក​ទៀត ស៊ុន យ៉ាត់សេន (Sun Yat-Sen) ដែល​ជា​បិតា​នៃ​សាធារណរដ្ឋ​ចិន បាន​ដាក់​បន្ថែម​ពាក្យ​សង្គម​និយម ទៅ​លើ​ពាក្យ​ស្លោក​Fuqiang ដើម្បី​ឃោសនា​បង្រួប​បង្រួម​ប្រជាជាតិ។

យក​ឈ្នះ តែ​មិន​ចាំបាច់​ប្រយុទ្ធ…នេះ​ហើយ​ជា​មហិច្ឆតា​របស់​ថ្នាក់​ដឹក​នាំ​ចិន​សព្វ ​ថៃ្ង។ បាន​ន័យ​ថា​យក​ឈ្នះ ដោយ​ប្រើ​វិធី​សន្តិភាព មិន​ចាំបាច់​ធ្វើ​សង្គ្រាម ពីព្រោះ​គណបក្ស​កុម្មុយនិស្ត​ចិន​ដឹង​ថា សង្រ្គាម​ដែល​មាន​លក្ខណៈ​យោធា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ចិន​ចាញ់។ បើ​ចិន​ធ្វើ​សង្គ្រាម មាន​តែ​ធ្វើ​ជា​មួយ​សហរដ្ឋ​អាមេរិក។ ពីព្រោះ​ចង់​ឬ​មិន​ចង់ ពី​ពេល​នេះ​ត​ទៅ ប្រទេស​ចិន​ត្រូវ​ប្រឈម​មុខ​មុន​គេ​នឹង​អាមេរិក។ និយាយ​បែប​ផ្សេង សង្គ្រាម​ទោះ​ជា​កើត​ឡើង​នៅ​អាស៊ី​បូព៌ា នៅ​អាស៊ី​អាគ្នេយ៍ ឬ​នៅ​ប៉ាស៊ីហ្វិក​ក៏​ដោយ នឹង​ធ្វើ​ឲ្យ​ចិន​ខាត។ អ៊ីចឹង​ហើយ បាន​ជា​ក្នុង​ពេល​នេះ ចិន​បិទ​មាត់ សំលៀង​ធ្មេញ ពីព្រោះ​ត្របាក់​មិន​ទាន់​បាន។ នៅ​ក្នុង​ន័យ​នេះ តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​១៩៧៨​មក​ម៉្លេះ បក្សកុម្មុយនិស្ត​ចិន កាលណោះ​ក្រោម​ការ​ដឹក​នាំ​របស់​តេង សៀវប៉េង (Deng Xiaoping) បាន​សម្រេច​ចិត្ត​ឈប់​ប្រឈម​មុខ​ផ្ទាល់ ជា​មួយ​«ចក្រពត្តិ​អាមេរិក» ងាក​មក​រក​មាគ៌ា​សេដ្ឋកិច្ច​មូលធន​និយម ដោយ​បើក​ចំហ​ប្រទេស​ទៅ​ក្រៅ និង​ធ្វើ​កំណែ​ទម្រង់​នៅ​ខាង​ក្នុង។

ម្យ៉ាង​វិញ​ទៀត ប្រទេស​ចិន​បច្ចុប្បន្ន បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​តតិយលោក (Tiers Monde) ។ នៅ​ក្នុង​អតីតកាល និយាយ​ឲ្យ​ចំ ចាប់​ពី​សន្និសីទ​បណ្តា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ នៅបានឌុង(Bandung) ឆ្នាំ​១៩៥៥ ជាពិសេស​ក្រោយ​ពី​លែង​ត្រូវ​គ្នា​ជាមួយ​សហភាព​សូវៀត នៅ​ខ្ទង់​ឆ្នាំ​១៩៦០-១៩៦២ រហូត​ដល់​ការ​បញ្ចប់​បដិវត្តន៍​វប្បធម៌ នៅ​ដើម​ទសវត្សរ៍​ទី​៧០ ប្រទេស​ចិន​បាន​តាំង​ខ្លួន​ជា​អ្នក​ដឹក​នាំ​បណ្តា​ប្រទេស​ក្រីក្រ បាន​ន័យ​ថា កាលណោះ ចិន​បាន​ប្រឆាំង​នឹង​អនុត្តរភាព​របស់​សហរដ្ឋអាមេរិក​ផង និង​របស់​សហភាព​សូវៀត​ផង។

ប្រទេស​ចិន​បច្ចុប្បន្ន​អស់​មាន​ចិត្ត​ចង់​តំណាង​ពិភព​អ្នក​ក្រ​ទៀត​ហើយ ចង់​ធ្វើ​ជា​ប្រទេស​ដឹក​នាំ​ពិភពលោក​វិញ​ម្តង។ ធ្វើ​ជា​ប្រទេស​ដឹក​នាំ​ពិភពលោក​ទៅ​កើត ទាល់​តែ​ចេះ​វាយ​តម្លៃ និង​យល់​ស្ថានភាព​ពិភពលោក​ជា​មុន​សិន។ ចំពោះ​គណបក្ស​កុម្មុយនិស្ត​ចិន ពិភពលោក​សព្វ​ថ្ងៃ ឋិត​នៅ​ក្នុង​ភ្លើង​សង្រ្គាម​និង​ឡោមព័ទ្ធ​ទៅ​ដោយ​សង្គ្រាម។
មាន​សង្គ្រាម​យោធា​ពិត​ជាក់​ស្តែង ដូច​ជា​នៅ​អៀរ៉ាក់ (Irak) និង​នៅ​អាហ្វហ្កានីស្តង់ (Afghanistan) មាន​សង្គ្រាម​ដែល​ហៀប​នឹង​ផ្ទុះ​ឡើង​ម្តងៗ និង​មាន​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ឬ​បង្ក​ឡើង​ដោយ​ក្រុមភេរវជន។ ក៏​មាន​ដែរ សង្គ្រាម​ដែល​មិន​ប្រើ​កាំភ្លើង គឺ​សង្គ្រាម​សេដ្ឋកិច្ច។

រហូត​មក​ដល់​ចុង​ទសវត្សរ៍​ទី​៧០ ថ្នាក់​ដឹក​នាំ​ចិន​បាន​មើល​ស្រាល​សង្គ្រាម​សេដ្ឋកិច្ច។ មូលហេតុ​ទី​មួយ គឺ​មក​ពី​នៅ​ក្នុង​បរិបទ​នៃ​សម័យ​សង្គ្រាម​ត្រជាក់ និង​ក្រោមការ​ដឹក​នាំ​របស់​ម៉ៅ សេទុង(Mao Tsé-Toung) ប្រទេស​ចិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​តែ​សង្គ្រាម​មនោគមវិជ្ជា។ មូលហេតុ​ទី​ពីរ គឺ​មក​ពី​រហូត​មក​ដល់​ចុង​ទសវត្សរ៍​ទី​៧០ អ្វី​ដែល​គេ​ហៅ​ថា បាតុភាព​នៃ​ពិភព​ភាវូបនីយកម្ម(Mondialisation)​មិន​ទាន់​មាន​សន្ទុះ​ ក្លៀវក្លា និង​លក្ខណៈ​សកល​ដូច​សព្វ​ថ្ងៃ។

ចំពោះ​ថ្នាក់​ដឹក​នាំ​ចិន ពាក្យ​ថា​ពិភព​ភាវូបនីយកម្ម មាន​ន័យ​ថា ជា​សង្គ្រាម​សេដ្ឋកិច្ច​ពិភព​លោក​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​មួយ​ក្លាយ​ជា​ ប្រទេស​អ្នក​មាន និង​ពេល​ណា​ក្លាយ​ជា​អ្នក​មាន​ហើយ អាច​គេច​ផុត​ពី​ការ​សង្កត់សង្កិន​ពី​សំណាក់​ប្រទេស​មួយ​ផ្សេង​ទៀត។ នៅ​ក្នុង​សង្គ្រាម​សេដ្ឋកិច្ច​ពិភពលោក​នេះ ថ្នាក់​ដឹក​នាំ​ចិន​ដឹង​ថា​ប្រទេស​ខ្លួន​មាន​គុណសម្បត្តិ​ច្រើន ដូចជា​ចំនួន​សន្ធឹកសន្ធាប់​នៃ​ប្រជាជន ពលករ​ស្វិតស្វាញ​និង​មាន​ថ្វីដៃ កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា អាសនៈ​អចិន្រ្តៃយ៍​នៅ​អង្គការ​សហប្រជាជាតិ សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​តាំង​ពី​ឆ្នាំ​២០០១។ ប្រទេស​ចិន​មិន​ថយ​ឡើយ មិន​ចាំ​ឡើយ ត្រូវ​តែ​យក​ឈ្នះ​សង្រ្គាម​សេដ្ឋកិច្ច ពីព្រោះ មហា​អំណាច​សេដ្ឋកិច្ច​ជា​ឈ្នាន់​ជាន់​ឡើង​ទៅ​ធ្វើ​ជា​មហា​អំណាច​យោធា និង​នៅ​ទី​បំផុត ជា​ប្រទេស​ដឹក​នាំ​ពិភពលោក។ នៅ​ពេល​នោះ​ហើយ ដែល​មុខមាត់​អាស៊ី ដាច់​ដោយ​ឡែក និង​មុខមាត់​ពិភពលោក​ជា​ទូទៅ នឹង​ត្រូវ​ដូរ៕
បទ​អត្ថាធិប្បាយ​របស់​តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
(06:16)

តេង សៀវប៉េង (Deng Xiaoping) បិតា​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​ចិន

ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ​ តាន់​សូមបន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត នយោបាយ​របស់​ប្រទេស​ចិន តទៅទៀត។
សព្វថ្ងៃ ចិន​បាន​ក្លាយ​ជា​មហាអំណាច​តំបន់​មួយ​ប្រកែក​មិនបាន និង​មាន​មហិច្ឆតា​ចង់​ក្លាយ ជា​មហាអំណាច​ពិភពលោក។ ទាំងនេះ គឺ​ដោយសារ​តែ​មរតក​សេដ្ឋកិច្ច និង​សម្បត្តិ មនោគមវិជ្ជា​ដ៏​ធំធេង​ដែល​លោក តេង សៀវប៉េង​បាន​បន្សល់ទុក​ឲ្យ​ប្រជាជាតិ​ចិន​ដែរ។
ថ្នាក់​ដឹកនាំ​បស្ចិម​លោក អ្នក​សង្កេតការណ៍ និង​អ្នក​ការទូត​ចាប់​អារម្មណ៍​ខ្លាំង​ឡើងៗ ទៅ​លើ​មហិច្ឆតា​របស់​ចិន ពីព្រោះ​ចិន​ទុក​ចិត្ត​ខ្លួន​ឯង​កាន់​តែ​ខ្លាំង ចង់​ឲ្យ​ពិភពលោក​ទទួល​ស្គាល់​ខ្លួន ថា​ជា​មហាអំណាច​មួយ​ពិត​ប្រាកដ។ សកម្មភាព​អន្តរជាតិ​របស់​មហាយក្ស​អាស៊ី​មួយ​នេះ ដែល​ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ប៉ិន​ប្រសប់​ជំនួញ​និង​ការទូត កំពុង​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​អាស៊ី អាហ្វ្រិក និង​អាមេរិក​ខាង​ត្បូង។

គេ​នឹង​មិន​អាច​យល់​បាន​ឡើយ​ថា​ហេតុអ្វី​បាន​ជា​នៅ​ដើម​សតវត្សរ៍​ទី​២១​នេះ ចិន​បាន​ក្លាយ​ជា​មហាអំណាច​តំបន់ និង​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​មហា​អំណាច​ពិភពលោក បើ​សិន​ជា​គេ​មិន​សាកល្បង​យល់​ជា​មុន​សិន​ទេ​នូវ​មរតក​សេដ្ឋកិច្ច​និង​ សម្បត្តិ​មនោគមវិជ្ជា​ដ៏​ធំធេង​ដែល​តេង សៀវប៉េង (Deng Xiaoping) បាន​បន្សល់​ទុក​ឲ្យ​ប្រជាជាតិ​ចិន។ គឺ​តេង សៀវប៉េង​នេះ​ហើយ ដែល​បាន​ប្តូរ​ទិសដៅ​យុទ្ធសាស្រ្ត​របស់​ប្រទស​ចិន​មុន​គេ​បង្អស់ ដោយ​បាន​ទាញ​ប្រជាជាតិ​ទាំង​មូល​ចេញ​ពី​សករាជ​មនោគមវិជ្ជា​ដើម្បី​បោះជំហាន ទៅ​រក​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

ពី​ឆ្នាំ​១៩៤៩ ឆ្នាំ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បដិសន្ធិ​ឡើង រហូត​ដល់​ឆ្នាំ​១៩៧៦ ឆ្នាំ​នៃ​មរណភាព​របស់​ជូ អេនឡាយ (Chou En Lai) និង​របស់​ម៉ៅ សេទុង (Mao Tsé-Tong) យុទ្ធសាស្រ្ត​របស់​ប្រទេស​ចិន​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​កត្តា​ មនោគមវិជ្ជា ទៅ​លើ​ទ្រឹស្តី​របស់​អគ្គមគ្គទេសក៍​ម៉ៅ ទឹ្រស្តី​ដែល​គេ​បាន​ចង​ក្រង​ទុក​ក្នុង​កូន​សៀវភៅ​ក្រហម(Le petit livre rouge)។

ចំពោះ​ម៉ៅ សេទុង វីរបុរស​ចិន​គឺ​ជា​អ្នក​ដែល​បាន​ចាប់​កំណើត នៅ​ក្នុង​ភាព​ក្រ​តោក​យ៉ាក តែ​ធំ​ដឹង​ក្តី​ក្នុង​ភាព​រុងរឿង ដោយសារ​តែ​គណបក្ស​កុម្មុយនិស្ត។ តាម​រយៈ​ការ​សង្វាត​អាន​កូន​សៀវភៅ​ក្រហម​របស់​ម៉ៅ សេទុង រៀង​រាល់​ថ្ងៃ វីរបុរស​កុម្មុយនិស្ត​ចិន​ប្រែ​ក្លាយ​ទៅ​ជា​គោលគំនិត​របស់​ម៉ៅ សេទុង ដែល​កំពុង​តែ​មាន​ចលនា និង​សកម្មភាព​ជាក់​ស្តែង នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​តែ​ម្តង។

ចំពោះ​ម៉ៅ សេទុង មនោគមវិជ្ជា​ម៉ៅនិយម​គឺ​ជា​អាវុធ​ភូមិសាស្រ្ត​នយោបាយ​មួយ​ដ៍​មាន​ ប្រសិទ្ធភាព សម្រាប់​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​សហរដ្ឋអាមេរិក និង​ពី​សំណាក់​សហភាព​សូវៀត។ ឧទាហរណ៍ ទ័ព​កុម្មុយនិស្ត​នៅ​វៀតណាម នៅ​កម្ពុជា និង​នៅ​ឡាវ សុទ្ធ​តែ​បាន​អនុវត្ត​ទ្រឹស្តី​យោធា​របស់​ម៉ៅ ដើម្បី​រុញ​ច្រាន​អាមេរិក​ ចេញ​ពី​ឥណ្ឌូចិន​នៅ​ឆ្នាំ​១៩៧៥។

ផ្ទុយ​ពី​ម៉ៅ សេទុង តេង សៀវប៉េង យល់​ឃើញ​ថា​ប្រទេស​ចិន​ត្រូវ​តែ​ចាកចេញ​ជា​បន្ទាន់​ពី​សករាជ​មនោគមវិជ្ជា​ ឆ្វេង​និយម​ជ្រុល ដែល​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​សង្គម​ចិន​ទាំង​មូល​ តាម​រយៈ​បដិវត្តន៍​វប្បធម៌​ពី​ឆ្នាំ​១៩៦៦​ដល់​ឆ្នាំ​១៩៧៦។ តេង សៀវប៉េង យល់​ឃើញ​ថា មនោគមវិជ្ជា​ឆ្វេង​និយម​ជ្រុល​បាន​បង្កឲ្យ​មាន​ភាពតាន​តឹង​ជា​អចិន្ត្រៃយ៍ ទាំង​នៅ​ក្នុង​ប្រទេស​ចិន ទាំង​នៅ​លើ​ឆាក​អន្តរជាតិ។ តេង សៀវប៉េង​មាន​ជំនឿ​យ៉ាង​មាំ​ថា ដើម្បី​ទប់ទល់​នឹង​អាមេរិក ប្រឈម​មុខ​នឹង​សូវៀត ប្រទេស​ចិន​ត្រូវ​បោះ​ជំហាន​ទៅ​រក​ភាព​រុងរឿង​ផ្នែក​សេដ្ឋកិច្ច​ជា​មុន​សិន រួច​ហើយ​បើ​សិន​ជា​ចាំបាច់ បើ​សិន​ជា​កាលៈទេសៈ​ទាមទារ ចាំ​វិល​មក​ពង្រឹង​មនោគមវិជ្ជា នៅ​ពេល​ក្រោយ​វិញ។

នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៧៨ នា​ឱកាស​សម័យ​ប្រជុំ​ពេញ​អង្គ​ទី​៣​នៃ​មហាសន្និបាត​លើក​ទី​១១​របស់​បក្ស​ កុម្មុយនិស្ត​ចិន តេង សៀវប៉េង បាន​ប្រកាស​ប្តូរ​ទិសដៅ​យុទ្ធសាស្រ្ត​នៃ​ប្រទេស​ចិន។ គេ​អាច​សង្ខេប​គោល​គំនិត​របស់​តេង សៀវប៉េង ថា​ជា​យុទ្ធសាស្ត្រ​ដែល​មាន​គោលដៅ​ធ្វើ​ឲ្យ​ប្រទេស​ចិន​លេច​ត្រដែត​ឡើង​ដោយ​ សន្តិវិធី​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​អគ្គមគ្គទេសន៍​តេង សៀវប៉េង​មាន​មហិច្ឆតា​ចង់​ធ្វើ​ឲ្យ​«ខ្លា​ក្រដាស​ចិន»ក្លាយ​ជា​មហា​អំណាច​ មួយ​ពិត​ប្រាកដ តាម​រយៈ​កំណែទម្រង់​សេដ្ឋកិច្ច។

ដើម្បី​បោះ​ជំហាន​ទៅ​រក​ភាព​រុងរឿង​សេដ្ឋកិច្ច​បាន ប្រទេស​ចិន​ត្រូវ​ការ​បរិយាកាស​ធូរ​ស្រាល នៅ​លើ​ឆាក​អន្តរជាតិ និង​សន្តិភាព​នៅ​ក្នុង​តំបន់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​លើ​សាច់ការ​ជាក់​ស្តែង គោលគំនិត​ធ្វើ​ឲ្យ​ប្រទេស​ចិន​លេច​ត្រដែត​ឡើង​ដោយ​សន្តិវិធី​របស់​តេង សៀវប៉េង ត្រូវ​បាន​បំផុសបំផុល​ឡើង​ជួន​ចំ​ពេល​មួយ​ដែល​ប្រទេស​ចិន​ជួប​ប្រទះ​នឹង​ភាព ​តានតឹង នៅ​លើ​ឆាក​អន្តរជាតិ ជាពិសេស នៅ​ខ្ទង់​ឆ្នាំ​១៩៧៨-១៩៧៩។ ពីព្រោះ​កាល​នោះ ចិន​និង​សូវៀត ប្រជែង​ឥទ្ធិពល​គ្នា​ខ្លាំង និង​ពីព្រោះ វៀតណាម​ដែល​កាល​ណោះ​ជា​ប្រទេស​រណប​សូវៀត​បាន​ចូល​ឈ្លានពាន​កម្ពុជា​ ប្រជាធិបតេយ្យ​របស់​ប៉ុល ពត​ដែល​រណប​ប្រទេស​ចិន។

ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ពី​សំណាក់​សហភាពសូវៀត តេង សៀវប៉េង បាន​អនុវត្ត​នយោបាយ«សត្រូវ​របស់​សត្រូវ​ខ្ញុំ​ជា​មិត្រ​របស់​ខ្ញុំ»។ នៅ​ក្នុង​ន័យ​នេះ នៅ​ថ្ងៃ​ទី​១​មករា​ឆ្នាំ​១៩៧៩ ប្រទេស​ចិន​បាន​សម្រួល​ទំនាក់ទំនង​ទូត​ជាមួយ​សហរដ្ឋអាមេរិក​ដែល​ជា​សត្រូវ​ របស់​សហភាពសូវៀត។ ចាប់​ដៃ​ជាមួយ​អាមេរិក​រួច​ហើយ ថ្នាក់​ដឹកនាំ​ចិន​ដែល​កក់​ក្តៅ​ចិត្ត​ជាង​មុន បាន​សម្រេច​បញ្ជូន​សារ​ធម៌​ក្តៅ​មួយ​ទៅ​កាន់​សហភាពសូវៀត ដោយ​បាន​វាយ​លុកលុយ​ទៅ​លើ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​១៧​កុម្ភៈ​ឆ្នាំ​១៩៧៩។ គឺ​ជា​សង្រ្គាម​មួយ​ដ៏​ខ្លី ដែល​ថ្នាក់​ដឹក​នាំ​ចិន​ចាត់​ទុក​ថា ជា​ការ​ផ្តល់​មេរៀន​មួយ​ដល់​ទីក្រុង​ហាណូយ​(Hanoï)។

នៅ​ទី​បំផុត យុទ្ធសាស្រ្ត​ភូមិសាស្រ្ត​នយោបាយ​នេះ​របស់​តេង សៀវប៉េង បាន​បើក​លទ្ធភាព​ឲ្យ​ចិន​ហែល​ឆ្លង​កាត់​ទសវត្សរ៍​ទី​៨០ ដោយ​ទទួល​បាន​ជោគជ័យ​ទាំង​នៅ​ក្រៅ​ប្រទេស ទាំង​នៅ​ក្នុង​ប្រទេស។ នៅ​ក្រៅ​ប្រទេស សម្ព័ន្ធភាព​យុទ្ធសាស្រ្ត​រវាង​ចិន​និង​អាមេរិក មិន​ត្រឹម​តែ​បាន​រំងាប់​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង(Pékin)និង​ វ៉ាស៊ីនតោន(Washington) ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ទប់ទល់​នឹង​ការ​គាបសង្កត់ ពី​សំណាក់​សហភាព​សូវៀត​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត បរិយាកាស​ធូរស្រាល នៅ​លើ​ឆាក​អន្តរជាតិ​ក៏​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ប្រមូល​កម្លាំង​កាយ​ និង​កម្លាំង​ប្រាជ្ញា ដើម្បី​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច នៅ​ក្នុង​ប្រទេស ស្រប​ទៅ​តាម​ទ្រឹស្តី​របស់​តេង សៀវប៉េង៕
ការពន្យល់​របស់​តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
(07:02)

យុទ្ធសាស្ត្រ​ទាំងស្រុង​មួយ​ថ្មី​នៃ​ប្រទេស​ចិន សម្រាប់​សតវត្សរ៍​ទី​២១

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត​ទៅ​ទៀត។
ពី​ដើម​ទសវត្សរ៍​ទី​៩០ រហូត​ដល់​ឆ្នាំ​២០០០ ជា​លើក​ទី​មួយ​បង្អស់ ថ្នាក់​ដឹក​នាំ​ចិនបានរៀបចំ​យុទ្ធសាស្រ្ត​ទាំងស្រុង​មួយ​ថ្មី ដោយ​សម្រេច​បាញ់​តម្រង់​មុខ​ព្រួញ​យុទ្ធសាស្ត្រ​របស់​ខ្លួន ទៅ​លើ​ពិភពលោក​ទាំង​មូល​តែ​ម្តង មិន​ត្រឹម​តែ​ទៅ​លើ​ទ្វីប​អាស៊ី​តែ​មួយ​ដូច​ពេល​មុនៗ​ទៀត​ទេ។ តើ​មាន​មូលហេតុ​សំខាន់ៗ​អ្វី​ខ្លះ ដែល​បាន​តម្រូវ​ឲ្យ​ថ្នាក់​ដឹកនាំ​ចិន​សើរើ​មើល​ឡើង​វិញ​ទិសដៅ​យុទ្ធសាស្រ្ត ​របស់​ខ្លួន?
នៅ​ដើម​ទសវត្សរ៍​ទី​៩០ ថ្នាក់​ដឹក​នាំ​ចិន​ផ្តើម​មាន​គំនិត​ចង់​សើរើ​មើល​ឡើង​វិញ ទិសដៅ យុទ្ធសាស្រ្ត របស់​ខ្លួន ពីព្រោះ​សហភាពសូវៀត​បាន​រលំ​រលាយ​បាត់​ទៅ នៅ​ថ្ងៃ​ទី​២៦​ធ្នូ​ឆ្នាំ​១៩៩១។ ពីព្រោះ​ម្យ៉ាង​ទៀត ចិន​ដែល​បាន​សម្រួល​ទំនាក់ទំនង​ទូត​ជាមួយ​សហរដ្ឋអាមេរិក នៅ​ខែ​មករា​ឆ្នាំ​១៩៧៩ ដើម្បី​ទប់ទល់​នឹង​សូវៀត ផ្តើម​យល់​ពី​បរិបទ​ថ្មី​នៃ​សករាជ​ក្រោយ​សង្គ្រាម​ត្រជាក់។ ចិន​ផ្តើម​យល់​ថា មិន​យូរ​មិន​ឆាប់​ខ្លួន​នឹង​ក្លាយ​ជា​សត្រូវ​ទី​មួយ​របស់​អាមេរិក​វិញ​ម្តង។
ប៉ុន្តែ ក្តី​បារម្ភ​បែប​នេះ​របស់​ប្រទេស​ចិន បាត់បង់​ទៅ​វិញ ពីព្រោះ​នៅ​ឆ្នាំ​១៩៩២ អាមេរិក​របស់ Georges Bush​ឪពុក មិន​បាន​ចាត់​ទុក​ចិន​ថា​ជា​សត្រូវ​ទេ ហើយ​នៅ​ឆ្នាំ​១៩៩៧ អាមេរិក​ថែម​ទាំង​សម្រេច​កាត់​បន្ថយ​ចោល​៣០%​នៃ​ថវិកា​យោធា​របស់​ខ្លួន​ទៀត​ ផង។ នៅ​ក្នុង​បរិបទ​បែប​នេះ ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ធូរស្រាល​និង​ស្ងប់ស្ងាត់​ល្អ ត​រហូត​ដល់​ចប់​អាណត្តិ​លោក​ប្រធានាធិបតី​អាមេរិក​Bill Clinton។

ក្តី​ព្រួយ​បារម្ភ​របស់​ថ្នាក់​ដឹក​នាំ​ចិន​កើន​ឡើង​វិញ​ខ្លាំង​ចាប់​ពី​ ឆ្នាំ​២០០០​ទៅ។ នេះ​ក៏​ពី​ព្រោះ Georges Bush​កូន​ឡើង​គ្រប់គ្រង​សហរដ្ឋអាមេរិក ហើយ​ចាត់​ទុក​ចិន​ថា ជា​គូប្រជែង​យុទ្ធសាស្ត្រ និង ពីព្រោះ​មាន​ព្រឹត្តិការណ៍​មហាភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ ព្រម​ទាំង​ប្រតិកម្ម​យ៉ាង​លឿន​រហ័ស​ពេក​ក្រៃ​របស់​អាមេរិក តាម​រយៈ​ការ​ធ្វើ​សង្គ្រាម​នៅ អាហ្វហ្កានីស្តង់​(Afghanistan) និង​ក្រោយ​មក​ទៀត​នៅ​អៀរ៉ាក់​(Irak)។ ព្រឹត្តិការណ៍​ទាំង​អស់​នេះ ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ចិន​យល់​ច្បាស់​ថា ពី​ពេល​នេះ​ទៅ​អាមេរិក​មាន​ជំហរ​ឯកតោភាគី​និយម មិន​រារែក​នឹង​ធ្វើ​អ្វី​មួយ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​ឡើយ និង​ថា​ពី​ពេល​នេះ​ត​ទៅ អាមេរិក​ជា​សត្រូវ​ទី​មួយ​របស់​ចិន។

គឺ​ការ​ប្រែប្រួល​ស្ថានភាព​នយោបាយ​នៅ​អាមេរិក និង​ការ​ប្រែប្រួល​ខ្លាំង​នៃ​បរិបទ​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​ពិភពលោក​ នេះ​ហើយ ដែល​ជម្រុញ​ថ្នាក់​ដឹក​នាំ​ចិន​ឲ្យ​កំណត់​ទិសដៅ​យុទ្ធសាស្ត្រ​ថ្មី​របស់​ ខ្លួន។ អ៊ីចឹង​ហើយ បាន​ជា​នៅ​ឆ្នាំ​២០០០ ជា​លើក​ទី​មួយ​បង្អស់ ថ្នាក់​ដឹក​នាំ​ចិន សម្រេច​បាញ់​តម្រង់​មុខ​ព្រួញ​យុទ្ធសាស្ត្រ​របស់​ខ្លួន ទៅ​លើ​ពិភពលោក​ទាំង​មូល​តែ​ម្តង មិន​ត្រឹម​តែ​ទៅ​លើ​ទ្វីប​អាស៊ី​តែ​មួយ​ដូច​ពេល​មុនៗ​ទៀត​ទេ។

ជាក់ស្តែង ថ្នាក់​ដឹកនាំ​ចិន​បែង​ចែក​ជា​អាទិ៍​ពិភពលោក​ជា​បី​តំបន់​ត្រួត​ពី​លើ​គ្នា។ តំបន់​ទី​មួយ​ដែល​តូច​ជាង​គេ​និង​នៅ​ចំ​កណ្តាល​គេ​តែ​ម្តង គឺ​ជា​ប្រទេស​ចិន​សព្វ​ថ្ងៃ។ នៅ​ក្នុង​ដំបន់​ទី​មួយ​នេះ​ដែល​មាន​ទីក្រុង​ប៉េកាំង​(Pékin)​ជា​ស្នូល អាជ្ញាធរ​ត្រូវ​ទប់​ស្កាត់​កុំ​ឲ្យ​អស្ថិរភាព​នយោបាយ សង្គម​ឬ​សាសនា​ផ្ទុះ​កើត​ឡើង​បាន។ នៅ​ជុំវិញ​ព្រំដែន​នៃ​តំបន់​ទី​មួយ​នេះ ឃើញ​មាន​សុទ្ធ​តែ​ដែនដី​ប្រកប​ទៅ​ដោយ​បញ្ហា ដូច​ជា​តៃវ៉ាន់(Taïwan) ទីបេ(Tibet)និង​ស៊ីង ជាំង​(Xinjiang) ជា​ដើម។ នៅ​ក្នុង​ដែន​ដី​ទាំង​អស់​នេះ ថ្នាក់​ដឹក​នាំ​ចិន​ចង់​ខ្ទប់​កុំ​ឲ្យ​ចលនា​ទាមទារ​ឯករាជ​និយម​កើត​ឡើង និង​ចង់​អូស​ទាញ​តៃវ៉ាន់​យក​មក​ដាក់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ខ្លួ​នឲ្យ ​ទាល់​តែ​បាន។

តំបន់​ទី​ពីរ​វិញ មាន​ទំហំ​ធំ​បង្គួរ និង​ព័ទ្ធ​ជុំ​វិញតំដំបន់​ទី​មួយ។ តំបន់​ទី​ពីរ​នេះ គឺ​ជា​ប្រទេស​ជិត​ខាង​របស់​ចិន ប្រទេស​ឆ្ងាយ​ឬ​ជិត​នៅ​ក្នុង​ទ្វីប​អាស៊ី​ឬ​កៀក​ជាប់​នឹង​ទ្វីប​អាស៊ី រួម​មាន​ជា​អាទិ៍ ប្រទេស​ជប៉ុន ឧបទ្វីប​កូរ៉េ​(Corée) បណ្តា​ប្រទេស​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឧបទ្វីប​ឥណ្ឌា បណ្តា​ប្រទេស​អាស៊ី​កណ្តាល និង​រុស្ស៊ី​(Russie)។ ថ្នាក់​ដឹក​នាំ​ចិន​ចង់​ឲ្យ​សន្តិភាព​គ្រប​ដណ្តប់​ទៅ​លើ​តំបន់​ទី​ពីរ​នេះ ពីព្រោះ​បើ​មាន​សង្គ្រាម ភាព​តាន​តឹង និង​អធិករណ៍​កើត​ឡើង សហរដ្ឋអាមេរិក​នឹង​ច្បាស់​ជា​ច្បិច​ឱកាស​ចូល​មក​បង្ក​រឿងរ៉ាវ នៅ​ក្នុង​តំបន់​ទី​ពីរ​នេះ​ជា​មិន​ខាន។

រី​ឯ​តំបន់​ទី​បី​វិញ មាន​ទំហំ​ធំ​ជាង​គេ និង​ព័ទ្ធ​ជុំវិញតំដំបន់​ទី​ពីរ។ ថ្នាក់​ដឹក​នាំ​ចិន​ហៅ​តំបន់​ទី​បី​នេះ​ថា​ជា«ដែន​ដី​ថ្មី» ដែល​ឋិត​នៅ​ក្រៅ​ព្រំដែន​អនុត្តរភាព​នៃ​ប្រទេស​ចិន និង​ដែល​មក​ទល់​ពេល​នេះ ប្រទេស​ចិន​មិន​សូវ​បាន​នឹកនា​ដល់។ នៅ​ក្នុង​តំបន់​ទី​បី​នេះ គេ​ឃើញ​មាន​ប្រទេស​ដូច​ជា​សហរដ្ឋអាមេរិក​ដែល​ពី​អំណើះ​ត​ទៅ ចិន​ចាត់​ទុក​ជា​សត្រូវ​សក្តានុពល​ទី​មួយ​របស់​ខ្លួន។ តំបន់​ទី​បី​នេះ ក៏​ជា​ទីតាំង​នៃ​ទ្វីប​ផ្សេង និង​ភូមិភាគ​ផ្សេង ដូច​ជា​អឺរ៉ុប អាហ្វ្រិក​ភូមិភាគ​ដើម​បូព៌ា និង​អាមេរិក​ខាង​ត្បូង​ជា​ដើម។ គឺ​សុទ្ធសឹង​ជា​ប្រទេស ដែល​ចិន​ត្រូវ​រកស៊ី​ជា​មួយ​តាម​រយៈ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម និង​តាម​រយៈ​ការ​ស្វែង​រក​ធនធាន​ថាមពល ប្រេងកាត ឬ​ឧស្ម័ន​ធម្មជាតិ ដើម្បី​យក​មក​បំប៉ន​ការ​ស្រេក​ឃ្លាន​នៃ​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ប្រទេស​ ខ្លួន។

នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធសាស្ត្រ​ថ្មី​នេះ ថ្នាក់​ដឹក​នាំ​ចិន​ឲ្យ​តម្លៃ​ទៅ​លើ​ទ្វីប​អាស៊ី​ខ្លាំង​ជាង​គេ និយាយ​ឲ្យ​ចំ ដែនដី​ដែល​លាត​សន្ធឹង​ពី​មាត់​សមុទ្រ​ក្រហម​រហូត​ដល់​មាត់​សមុទ្រ​ចិន។ មូលហេតុ​ គឺ​មក​អំពី​ដែន​ដី​ដ៏​ធំ​ល្វឹងល្វើយ​នេះ មាន​ធនធាន​ថាមពល​ច្រើន​ជាង​គេ​បង្អស់ នៅ​លើ​ពិភពលោក ពោល​គឺ​ប្រមាណ​៧០%​នៃ​អណ្តូង​ប្រេងកាត និង​៥៣%​នៃ​អណ្តូង​ឧស្ម័ន​ទាំង​ស្រុង ដែល​គេ​បាន​រក​ឃើញ​មក​ទល់​សព្វ​ថ្ងៃ។ ម្យ៉ាង​វិញ​ទៀត​អាស៊ី ក៏​ជា​ទ្វីប​ដែល​សម្បូណ៌មនុស្ស​ច្រើន​ជាង​គេ​ដែរ។ ហើយ​នៅ​ចុង​ក្រោយ​បង្អស់ អាស៊ី​ជា​ទ្វីប​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ក្លា លើស​ទ្វីប​ណាៗ​ទាំង​អស់៕

ការវិភាគ​របស់​តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
(06:13)

ឆ្នាំ​​​១៩៩១​៖​ចិន​​ប្តូរ​​យុទ្ធសាស្ត្រ​​ជា​ថ្មី​លើក​​នេះ​គឺ​​ដើម្បី​​ទប់ទល់​​នឹង​​ភេរវកម្ម​​អ៊ីស្លាម​​ជ្រុល​និយម​

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត​ទៅ​ទៀត។ នៅ ​ដើម​ទសវត្សរ៍​ទី​៩០ អ្វី​ដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ចិនបារម្ភ​ខ្លាំង គឺ មនោគម​វិជ្ជាអ៊ីស្លាមជ្រុល​និយម ដោយហេតុតែ​ការ​ប្រែប្រួល​ស្ថានភាព​នៅ​តំបន់​អាស៊ី​កណ្តាល និង​ជាពិសេស នៅ​ប្រទេស អាហ្កហ្កានីស្តង់(Afghanistan)។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ​ដែល​ទីក្រុង​ប៉េកាំង​សម្រេច​ប្តូរ​យុទ្ធសាស្រ្ត​ របស់​ខ្លួន។
នៅ​ដើម​ទសវត្សរ៍​ទី​៩០ ថ្នាក់​ដឹក​នាំ​ចិន​បាន​សម្រេច​ប្តូរ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ជា​ថ្មី​ម្តង ​ទៀត ពីព្រោះ​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក និង​ស្ថានភាព​ក្នុង​ប្រទេស​ចិន​ប្រែប្រួល។ នៅ​លើ​ឆាក​អន្តរជាតិ បរិបទ​ផ្លាស់ប្តូរ ដោយហេតុតែ​ការ​រលាយ​បាត់​ទៅ​នៃ​សហភាព​សូវៀត នៅ​ថ្ងៃ​ទី​២៦ធ្នូ​ឆ្នាំ​១៩៩១។ នៅ​ក្នុង​ប្រទេស​ចិន​វិញ មាន​ការ​រំជើបរំជួល​កើត​ឡើង​ នៅ​ស៊ីងជាំង (Xinjiang) ប៉ែក​ខាង​លិច​នៃ​ប្រទេស។ នៅ​ទី​នោះ ពួក​អ៊ុយហ្កួរ (Ouïgours) ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម នាំ​គ្នា​ទាមទារ​ឯករាជ្យ​បង្ក​ឃាតកម្ម​និង​ភេរវកម្ម។

ហេតុអ្វី​បាន​ជា​ថ្នាក់​ដឹក​នាំ​ចិន​ត្រូវ​បង្ខំ​ចិត្ត​ប្តូរ​យុទ្ធសាស្ត្រ ក្រោយ​ពេល​ដែល​សហភាព​សូវៀត រលាយ? ការ​រលាយ​បាត់​ទៅ​នៃ​សហភាព​សូវៀត​បាន​ធ្វើ​ឲ្យ​សាធារណរដ្ឋ​អាស៊ី​កណ្តាល​ ទាំង​ប្រាំ គឺ Kazakhstan Kirghizstan Ouzbékistan Tadjikistan និង Turkménistan ក្លាយ​ជា​រដ្ឋ​ឯករាជ។ ក្រោយ​ឆ្នាំ​១៩៩១ អាស៊ី​កណ្តាល​លែង​ជា​កម្មសិទ្ធ​របស់​រុស្ស៊ី​ទៀត​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​ចិន​សម្លឹង​ឃើញ​ប្រេងកាត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ តំបន់​នេះ។ តាម​ពិត សូម្បី​តែ​រុស្ស៊ី​ខ្លួន​ឯង សហរដ្ឋអាមេរិក និង​ឥណ្ឌា ក៏​សម្លឹង​ឃើញ​ប្រយោជន៍​នៃ​ភូមិភាគ​អាស៊ី​កណ្តាល​នេះ​ដែរ។

ម៉្យាង​វិញ​ទៀត ចិន​ចាំ​បាច់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តំបន់​យុទ្ធសាស្ត្រ​មួយ​នេះ ​ជាទី​ដែល​ប្រជាជន​ច្រើន​លើស​លប់​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ពីព្រោះ​មនោគមវិជ្ជា​អ៊ីស្លាម​ជ្រុល​និយម​អាច​ធ្លាយ​ចេញ​ពី​តំបន់​អាស៊ី​ កណ្តាល​នេះ ហើយ​អាច​ឆ្លង​ចូល​មក​ក្នុង​ខេត្ត​ស៊ីងជាំង​របស់​ចិន ដែល​ជាប់​ជិត​បង្កើយ​នៅ​ទី​នោះ។

ប្រឈម​មុខ​នឹង​បរិបទ​ថ្មី​បែប​នេះ​នៃ​ពិភពលោក ថ្នាក់ដឹកនាំ​ចិន​បាន​ជ្រើស​យក​យុទ្ធសាស្ត្រ​ពីរ ដែល​ត្រូវ​អនុវត្ត​ទន្ទឹម​គ្នា។ នៅ​ម្ខាង ចិន​ត្រូវ​ខ្នះខ្នែង​បន្ត​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់​ជុំវិញ​ខ្លួន ដើម្បី​ឲ្យ​ប្រទេស​ខ្លួន​អាច​បន្ត​បោះ​ជំហាន ទៅ​រក​ភាព​រុងរឿង​ផ្នែក​សេដ្ឋកិច្ច​បាន។ នៅ​ម្ខាង​ទៀត ចិន​ត្រូវ​រក​មធ្យោបាយ​ទប់ទល់​នឹង​ការ​គំរាមកំហែង​នៃ​មនោគមវិជ្ជា​អ៊ីស្លាម​ ជ្រុល​និយម។ ដើម្បី​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់ ថ្នាក់​ដឹក​នាំ​ចិន​ផ្តើម​សម្រួល​ទំនាក់ទំនង​ទូត ជាមួយ​ប្រទេស​អាស៊ី​កណ្តាល​ទាំង​ប្រាំ ចាប់​ពី​ខែ​មករា​ឆ្នាំ​១៩៩២​ទៅ។

ដោយឡែក ចាប់​ពី​ឆ្នាំ​១៩៩២​ទៅ​ដែរ ចិន​និង​រុស្ស៊ី​ក៏​ផ្តើម​ខិត​ចូល​ជិត​គ្នា ពីព្រោះ​ប្រទេស​ទាំងពីរ​បារម្ភ​ខ្លាំង នៅ​ចំពោះមុខ​ពួក​តាលីបង់ (Taliban) ដែល​ជា​ពួក​ឆ្គួត​លីលា​នឹង​មនោគមវិជ្ជា​អ៊ីស្លាម​ជ្រុល​និយម និង​ដែល​កំពុង​វាយ​ក្តោបក្តាប់​យក​ប្រទេស​អាហ្កហ្កានីស្តង់ (Afghanistan)។ នៅ​ខែ​កញ្ញា​ឆ្នាំ​១៩៩៦ ពួក​តាលីបង់​ចូល​កាន់កាប់​ទីក្រុង​Kaboul ជាហេតុ​ជំរុញ​ចិន​និង​រុស្ស៊ី​ឲ្យ​រួបរួម​គ្នា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឥទ្ធិពល​អ៊ីស្លាម​ជ្រុល​និយម​ធ្លាយ​ចេញ​ពី​ អាហ្កហ្កានីស្តង់​ចូល​មក​ក្នុង​តំបន់​អាស៊ី​កណ្តាល។ ក្នុង​ន័យ​​នេះ នៅ​ឆ្នាំ​១៩៩៦ ចិន​រុស្ស៊ី Kazakhstan, Kirghizstan និងTadjikistan បាន​បង្កើត​ក្រុម​សៀងហៃ«Groupe de Shanghai»។ អង្គការ​នេះ ដែល​ក្រោយ​មក គឺ​នៅ​ឆ្នាំ​២០០១ Ouzbékistan សូម​ចូល​ជា​សមាជិក​ដែរ​នោះ មាន​គោល​ដៅ​ពីរ។ ទីមួយ​គឺ​ប្រយុទ្ធ​ទប់ទល់​នឹង​ភេរវកម្ម និង​ទី​ពីរ​គឺ​ពួត​ដៃ​គ្នា​ទប់​ស្កាត់​កុំ​ឲ្យ​សហរដ្ឋអាមេរិក​អុងអាត់​តែ​ ឯកឯង​ពេក នៅ​លើ​ឆាក​អន្តរជាតិ។

សម្រេច​សម្រួច​ទៅ ពេញ​មួយ​ទសវត្សរ៍​ទី​៩០ ចិន​មិន​ត្រឹម​តែ​រក្សា​ស្ថិរភាព​បាន​ល្អ នៅ​ក្នុង​តំបន់​ជុំវិញ​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត ចិន​បាន​ឆ្លៀត​ប្រឹងប្រែង​ដោះ​ស្រាយ​បញ្ហា​ព្រំដែន ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង។ គោលដៅ គឺ​ធានា​ឲ្យ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ប្រទេស​បន្ត​មាន​សន្ទុះ​ទៅ​មុខ។ អ៊ីចឹង​ហើយ​បាន​ជា ពី​ឆ្នាំ​១៩៩១​ដល់​ឆ្នាំ​១៩៩៩ ថ្នាក់​ដឹក​នាំ​ចិន​បាន​ធ្វើ​កិច្ចចរចា​ព្រំដែន​ជា​មួយ​រុស្ស៊ី Kazakhstan, Kirghizstan, Vietnam និង​ក្រោយ​មក​ទៀត​ជាមួយ​ឥណ្ឌា។ ដំណោះ​ស្រាយ​ព្រំដែន​ទាំង​អស់​នេះ បាន​អនុញ្ញាត​ឲ្យ​ពាណិជ្ជកម្ម​កើន​សន្ទុះ នៅ​តាម​បណ្តោយ​តំបន់​ព្រំ​ប្រទល់ និង​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន ដែល​រស់​នៅ​ទី​នោះ​ផ្តើម​ស្គាល់​សេដ្ឋកិច្ច​ទីផ្សារ ស្រប​ទៅ​តាម​មហិច្ឆតា​របស់​តេង សៀវប៉េង។ ក៏​ប៉ុន្តែ នៅ​ចុង​ទសវត្សរ៍​ទី​៩០ ថ្នាក់​ដឹក​នាំ​ចិន​មើល​ឃើញ​ការ​គំរាមកំហែង​មួយ​ថ្មី នោះ​គឺ​ឥរិយាបទ​អុងអាត់​របស់​សហរដ្ឋអាមេរិក នៅ​លើ​ឆាក​អន្តរជាតិ៕
ការអត្ថាធិប្បាយ​របស់​តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
(05:28)

ឆ្នាំ២០០១​ចិន​ប្តូរ​យុទ្ធសាស្រ្ត​ជា​លើកទី៣ លើកនេះ​ដើម្បី​ទប់ទល់​នឹង​សហរដ្ឋអាមេរិក

នៅ​ ឆ្នាំ២០០១​ អ្វី​ដែល​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ចិន​បារម្ភ​ខ្លាំង គឺ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​George Bush កូន។ Bush​កូន ចាត់​ទុក​ចិន​ថា​ជា​គូ​ប្រជែង​យុទ្ធសាស្រ្ត និង​ប្រកាន់​ជំហរ​ឯកតោភាគី​និយម​ជ្រុល​ពេក នៅ​លើ​ឆាក​អន្តរជាតិ។ អ៊ីចឹង​ហើយ បាន​ជា​ថ្នាក់​ដឹក​នាំ​ចិន​សម្រេច​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​ម្តង​ទៀត។

នៅ​ខែ​កញ្ញា​ឆ្នាំ​២០០១ ថ្នាក់ដឹកនាំ​ចិន​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ម្តង​ទៀត ដោយ​ហេតុ​តែ​ព្រឹត្តិការណ៍​ពីរ​សំខាន់ៗ។ ព្រឹត្តិការណ៍​ទី​មួយ គឺ​George Bush​កូន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក។ រី​ឯ​ព្រឹត្តិការណ៍​ទី​ពីរ គឺ​មហាភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​តក់ស្លុត​ខ្លាំង។

នៅ​ពេល​ដែល​ប្រជាជាតិ​អាមេរិក​កំពុង​ភ័យ​តក់​ស្លុត George Bushកូន និង​ពួក​ទី​ប្រឹក្សា​អភិរក្សនិយម​ដែល​នៅ​ជុំ​វិញ​លោក បាន​សម្រេច​ធ្វើ​សង្គ្រាម នៅ​អាហ្វហ្កានីស្តង់​(Afghanistan)។ កង​ទ័ព​អាមេរិក​១៧០០០​នាក់ និង​កង​កម្លាំង​អង្គការសន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​(OTAN)​៥០០០នាក់ ចូល​វាយ​រំលំ​របប​តាលីបង់​នៅ​Kaboul​ដែល​ជួយ​លាក់​ខ្លួន​និង​ការពារ​Ben Laden មេដឹកនាំ​អង្គការ​ភេរវកម្ម​​អន្តរជាតិ​Al-Qaïda។

សង្គ្រាម​អាហ្វហ្កានីស្តង់​ធ្វើ​ឲ្យ​ចិន​សប្បាយ​ចិត្ត​ផង​និង​បារម្ភ​ផង។ ចិន​សប្បាយ​ចិត្ត ពីព្រោះ​របប​តាលីបង់​អ៊ីស្លាម​និយម​ជ្រុល​បាន​រលាយ។ ចិន​បារម្ភ ពីព្រោះ​តាម​រយៈ​សង្គ្រាម​អាហ្វហ្កានីស្តង់ កងទ័ព​អាមេរិក​បាន​ឆ្លៀត​ចូល​មក​ដល់​អាស៊ី​កណ្តាល ដែល​ជា​តំបន់​ជាប់​ជិត​បង្កើយ​នឹង​ប្រទេស​ខ្លួន។ ជាក់ស្តែង ដើម្បី​ធ្វើ​សង្គ្រាម​នៅ​អាហ្វហ្កានីស្តង់ សហរដ្ឋអាមេរិក​បាន​ដាក់​ទាហាន​នៅ​មូលដ្ឋាន​Qarshi Hanabad ក្នុង​ប្រទេស​Ouzbekistan និង នៅ​មូលដ្ឋាន​Manas​ប្រទេស​Kirghizstan។

ថ្នាក់ដឹកនាំ​ចិន​យល់​ឃើញ​ថា​អាមេរិក​បាន​យក​សង្គ្រាម​ប្រឆាំង​ភេរវកកម្ម​មក ​ធ្វើ​ជា​លេស​ដើម្បី​ចូល​មក​កៀក​ប្រទេស​ខ្លួន និង​ផ្តើម​ធ្វើ​ការ​ឡោមព័ទ្ធ​ប្រទេស​ខ្លួន។ ម្ល៉ោះ​ហើយ បាន​ជា​នៅ​ឆ្នាំ​២០០១​នោះ ថ្នាក់​ដឹកនាំ​ចិន​សម្រេច​បង្កើន​ថវិកា​យោធា​ចំនួន​១៧,៧% ជាហេតុ​ធ្វើ​ឲ្យ​កញ្ចប់​ប្រាក់​នៃ​ក្រសួង​ការពារជាតិ​ឡើង​​ដល់​ទៅ​១៧០០០ លាន​ដុល្លារ។ ហើយ​តាំង​ពី​ឆ្នាំ​២០០១​នោះ​មក កញ្ចប់​ថវិកា​យោធា​របស់​ប្រទេស​ចិន​កើន​ឡើង​ជា​លំដាប់ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ជាយថាហេតុ​ពី​សំណាក់​អាមេរិក។

គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​អាមេរិក មិនមែន​អាច​ត្រឹម​តែ​លេច​ចេញ​មក​តាម​ច្រក​អាស៊ី​កណ្តាល​តែ​ប៉ុណ្ណោះ​ទេ។ វា​ក៏​អាច​ចេញ​មក​តាម​ច្រក​អាស៊ី​បូព៌ា​ដែរ ពីព្រោះ​នៅ​ខ្ទង់​ឆ្នាំ​២០០១-២០០២ ប្រមុខរដ្ឋ​អាមេរិក​George Bush ផ្តើម​និយាយ​ឡើង​វិញ​ពី​ផែនការ​សាងសង់​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល។ Bush​ថែម​ទាំង​ប្រាប់​ឲ្យ​ដឹង​ថា​ចង់​ពង្រីក​ខែល​មីស្ស៊ីល​នេះ ទៅ​ដល់​ជប៉ុន​និង​តៃវ៉ាន់ ដើម្បី​ជួយ​ការពារ​ដែនដី​ទាំង​ពីរ​នេះ​ឲ្យ​រួច​ផុត​ពី​ការ​វាយ​ប្រហារ​ ជាយថាហេតុ​ពី​សំណាក់​ប្រទេស​ចិន។

អ៊ីចឹង​ហើយ​បាន​ជា​ចិន​បារម្ភ។ ពីព្រោះ​បើ​សិន​ជា​អាមេរិក​ពិត​ជា​ចង់​ដាក់​តៃវ៉ាន់ នៅ​ក្រោម​កិច្ច​ការពារ​របស់​ខ្លួន​មែន នោះ​ថ្នាក់ដឹកនាំ​តៃវ៉ាន់​នឹង​កក់ក្តៅក្នុង​ចិត្ត​ជាង​មុន រហូត​ដល់​អាច​ហ៊ាន​ប្រកាស​ឯករាជ្យ​នៃ​កោះ​នេះ នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​ឡើយ។ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ដែរ ចិន​ក៏​បារម្ភ​មិន​តិច​ដែរ នៅ​ចំពោះ​មុខ​ជប៉ុន ជា​ពិសេស​តាំង​ពី​Junichiro Koizumi ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០០១​មក។ ពីព្រោះ ចំពោះ​ថ្នាក់ដឹកនាំ​ចិន Koizumi ជា​អ្នក​ជាតិ​និយម​ជ្រុល មាន​និន្នាការ​ផ្អៀង​ទៅ​ខាង​សហរដ្ឋអាមេរិក​ខ្លាំង​ពេក។ និយាយ​បែប​ផ្សេង ចិន​ខ្លាច​ជប៉ុន​របស់​Koizumi ប្រកាន់​ជំហរ​យោធា​និយម ដូច​កាល​ពី​អតីតកាល និង​ខ្លាច​ជប៉ុន​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ។

ក្រៅ​ពី​ពង្រឹង​ប្រព័ន្ធ​ការពារ​ជាតិ ថ្នាក់ដឹកនាំ​ចិន​ក៏​ប្រឹងប្រែង​បង្កើន​សកម្មភាព​ទូត នៅ​អាស៊ី​បូព៌ា​ដែរ។ នេះ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អាមេរិក​រក​លេស ចូល​មក​បង្ក​បញ្ហា នៅ​ក្នុង​តំបន់​នេះ​បាន។ ជាក់ស្តែង ចាប់​ពី​ខែ​មករា​ឆ្នាំ​២០០៣​ទៅ គឺ​ក្រោយ​ពី​កូរ៉េខាងជើង​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិន​សាយភាយ ​អាវុធ​នុយក្លេអ៊ែរ ចិន​ក៏​ចេញ​មុខ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េ​កុម្មុយនិស្ត តាម​រយៈ​អ្វី​ដែល​គេ​ហៅ​ថា​កិច្ចចរចា​ប្រាំមួយ​ប្រទេស គឺ​សហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន និង​កូរ៉េ​ទាំង​ពីរ។ ថ្នាក់ដឹកនាំ​ចិន​ពិត​ជា​មាន​ឆន្ទៈ​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​កុំ​ឲ្យ​ផលិត​ គ្រាប់បែក​បរមាណូ។ នេះ​គឺ​ដើម្បី​កុំ​ឲ្យ​អាមេរិក​មាន​លេស​ចូល​មក​បង្ក​រឿង​នៅ​ឧបទ្វីប​ កូរ៉េបាន និង​កុំ​ឲ្យ​ជប៉ុន​មាន​លេស​ចង់​ផលិត​អាវុធ ​នុយក្លេអ៊ែរ​នឹង​គេ​ដែរ។

ទន្ទឹម​ជាមួយ​គ្នា​នេះ យុទ្ធសាស្ត្រ​ទូត​របស់​ចិន​ក៏​ដៅ​ទៅ​រក​ការ​ទាញ​កូរ៉េខាងត្បូង​ឲ្យ​ឃ្លាត​ ចេញ​បន្តិច​ម្តងៗ​ពី​សហរដ្ឋអាមេរិក​ដែរ។ ចូរ​កុំ​ភ្លេច​ថា​តាំង​ពី​ចប់​សង្គ្រាម​កូរ៉េ នៅ​ឆ្នាំ​១៩៥៣​មក ចិន​មិន​ពេញ​ចិត្ត​នឹង​វត្តមាន​ទាហាន​អាមេរិក​នៅ​កូរ៉េខាងត្បូង​ទេ ហើយ​ប៉ង​ចង់​កំចាត់​ឥទ្ធិពល​នយោបាយ​និង​យោធា​របស់​អាមេរិក​ឲ្យ​អស់​ពី​ ឧបទ្វីប​កូរ៉េ៕
បទ​វិភាគ​របស់​តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
(05:21)

ឆ្នាំ២០០៣៖ ចិន​ប្តូរ​យុទ្ធសាស្រ្ត​ដើម្បី​ស្វែងរក​ថាមពល

នៅ​ ឆ្នាំ២០០៣​ ​ថ្នាក់​ដឹកនាំ​ចិន​បារម្ភ​ខ្លាច​ខ្វះ​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ និង​មាន​គំនិត​ចាប់​ផ្តើម​អនុវត្ត​នូវ​អ្វី ដែល​គេ​ហៅ​ថា​យុទ្ធសាស្រ្ត​ការទូត​ថាមពល។
នៅ​ខែ​មេសា​ឆ្នាំ​២០០៣ ស្ថានភាព​អន្តរជាតិ​ប្រែប្រួល​និង​តានតឹង​ខ្លាំង ដោយហេតុតែ សង្គ្រាម​របស់​សហរដ្ឋអាមេរិក​នៅ​អ៊ីរ៉ាក់​(Irak)​។ ថ្នាក់ដឹកនាំ​ចិន​ព្រួយបារម្ភ​ពីព្រោះ​សង្គ្រាម​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​ភូមិភាគ​មួយ​សម្បូណ៌​ទៅ​ដោយ​ប្រេងកាត គឺ​ប្រមាណ​៦៤%​នៃ​ប្រេង​កាត​ពិភពលោក។ ចិន​បារម្ភ​ខ្លាច​ខ្វះ​ប្រេងកាត ដែល​ជាហេតុ​អាច​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​ប្រទេស​គាំង​ដំណើរ ព្រម​ទាំង​អាច​នឹង​ពន្យឺត​ពេល​មិន​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​មហា​អំណាច​ ពិភពលោក​បាន​លឿន​រហ័ស។
សង្គ្រាម​នៅ​អ៊ីរ៉ាក់ បាន​កន្ត្រាក់​ស្មារតី​ថ្នាក់ដឹកនាំ​ចិន បាន​ធ្វើ​ឲ្យ​ចិន​យល់​ថា​ ត្រូវ​តែ​ដើរ​ស្វែង​រក​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក ។ អ៊ីចឹង​ហើយ​បាន​ជា​ពី​ឆ្នាំ​២០០៣​រហូត​មក​ទល់​សព្វ​ថ្ងៃ ថ្នាក់ដឹកនាំ​ចិន​បាន​និង​កំពុង​បន្ត​អនុវត្ត​នូវ​អ្វី ដែល​គេ​ហៅ​ថា«យុទ្ធសាស្រ្ត​ការទូត​ថាមពល» (La diplomatie énergétique)។នៅ​ក្នុង​ន័យ​នេះ ថ្នាក់ដឹកនាំ​ចិន​បាន​បង្កើន​ទស្សនកិច្ច​ជុំវិញ​ទ្វីប​អាហ្វ្រិក(Afrique) ជា​ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​អ្នក​ផលិត​ប្រេងកាត​ដូច​ជាហ្កាបុង(​Gabon)  អាល់ហ្សេរី(Algérie) អេហ្ស៊ីប(Egypte) នីហ្សេរីយ៉ា(Nigéria) និងអង់ហ្គោឡា(Angola) ជា​ដើម។

យុទ្ធសាស្ត្រ​ការទូត​ថាមពល​នេះ ក៏​បាន​នាំ​ថ្នាក់ដឹកនាំ​ចិន ទៅ​ដល់​អាមេរិក​ខាងត្បូងដែរ ដូច​ជា​ប្រទេស​ប្រេស៊ីល(Brésil) អាហ្សង់ទីន(Argentine) វ៉េណេស៊ុយអេឡា(Venezuela)និង បូលីវី(Bolivie) ជា​ដើម។ ដូច​គ្នា​អ៊ីចឹង​ដែរ ថ្នាក់​ដឹក​នាំ​ចិន ក៏​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​ឈូងសមុទ្រ​Perse ដូច​ជាអារ៉ាប៊ី សាអ៊ូឌីត(Arabie Saoudite) អូម៉ង់(Oman) យេមែន(Yémen) និងអ៊ីរ៉ង់(Iran)។

យុទ្ធសាស្ត្រ​ការទូត​ថាមពល​របស់​ថ្នាក់​ដឹក​នាំ​ចិន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក ដូច​មាន​ករណី​ប្រទេស​អ៊ីរ៉ង់ជា​ឧទាហរណ៍​ស្រាប់។ នៅ​ពេល​ដែល​អាមេរិក​ចោទ​អ៊ីរ៉ង់​ថា​ជា​បក្សសម្ព័ន្ធ​នៃ​សុភាវៈ​អាក្រក់​និង​ ថា​ជា​រដ្ឋ​យូកូម ចិន​បែរ​ជា​ទៅ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​ទៅ​វិញ។ នេះ​ពីព្រោះ​អ៊ីរ៉ង់​ជា​ប្រទេស​ទី​ពីរ​ក្នុង​លោក​ដែល​លក់​ប្រេងកាត​ឲ្យ​ចិន​ ច្រើន​ជាង​គេ។ ករណី​ប្រទេស​វេណេស៊ុយអេឡា នៅ​អាមេរិក​ខាង​ត្បូង ក៏​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ទៀត​ដែរ។ នៅ​ពេល​ដែល​អាមេរិក​មិន​ត្រូវ​គ្នា​នឹង​វ៉េណេស៊ុយអេឡារបស់​Hugo Chavez ថ្នាក់ដឹកនាំ​ចិន​បែរ​ជា​ទៅ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម​មួយ​ ចំនួន​ជាមួយ​ប្រទេស​នេះ ស្តី​ពី​ការ​ជីក​រក​និង​ការ​ចម្រាញ់​ប្រេងកាត នៅ​ខែ​ធ្នូ​ឆ្នាំ​២០០៤។

តាម​រយៈ​យុទ្ធសាស្ត្រ​ការទូត​ថាមពល​នេះ ប្រទេស​ចិន​បាន​បោះ​ជើង​ដល់​អាមេរិក​ខាងត្បូង ដែល​មក​ទល់​ពេល​នេះ ថ្នាក់ដឹកនាំ​អាមេរិក​ចាត់​ទុក​ជា​ដែន​ប្រមាញ់​ផ្តាច់​មុខ​របស់​ខ្លួន។ ការទូត​ថាមពល​របស់​ចិន ក៏​បាន​ធ្វើ​ឲ្យ​ខូច​មិន​តិច​ដែរ​ផលប្រយោជន៍​របស់​អាមេរិក​និង​របស់​អឺរ៉ុប ពិសេស​របស់​ប្រទេស​បារាំង​នៅ​ទ្វីប​អាហ្វ្រិក។ នៅ​អាហ្វ្រិក ចិន​ជួយ​ប្រទេស​ក្រីក្រ​និង​រកស៊ី​ជាមួយ​ប្រទេស​អ្នកផលិត​ប្រេងកាត ដោយ​មិន​បាន​ដាក់​លក្ខខណ្ឌ​សេដ្ឋកិច្ច​ឬ​នយោបាយ​អ្វី​ទាំង​អស់ ពោល​គឺ​ខុស​ផ្ទុយ​ពី​អ្វី​ដែល​អាមេរិក​និង​អឺរ៉ុប​បាន​ធ្វើ​មក​ទល់​ពេល​នេះ។

ក្នុង​រយៈ​ពេល​តែ​បីបួន​ឆ្នាំ​ប៉ុណ្ណោះ យុទ្ធសាស្ត្រ​ការទូត​ថាមពល​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​ដៃ​គូ​ ពាណិជ្ជកម្ម​ទី​បី​របស់​ទ្វីប​អាហ្វ្រិក នៅ​ក្រោយ​អាមេរិក​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​ពីរ​និង​ប្រទេស​បារាំង​ដែល​ជា ​ដៃគូ​ពាណិជ្ជកម្ម​ទី​មួយ។ នៅ​ឆ្នាំ​២០០៦ គិត​ជា​ទឹក​ប្រាក់ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាហ្វ្រិក កើន​ដល់​ទៅ​៥​ម៉ឺន​៣​ពាន់​លាន​ដុល្លា។ វត្តមាន​និង​ឥទ្ធិពល​របស់​ចិន នៅ​អាហ្វ្រិក បាន​និង​កំពុង​បណ្តាល​ឲ្យ​អឺរ៉ុប​និង​អាមេរិក​អាក់អន់​ចិត្ត​និង​បារម្ភ​ ខ្លាំង​ឡើងៗ។ ពីព្រោះ ក្រៅ​ពី​បឺត​យក​ប្រយោជន៍​សេដ្ឋកិច្ច​និង​ថាមពល​របស់​អាហ្វ្រិក ចិន​ផ្តើម​រៀប​ជើង​ព្រួល ដើម្បី​ចាក់​គ្រឹះ​នយោបាយ​នៅ​ក្នុង​ទ្វីប​នេះ។ ឧទាហរណ៍ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦ ជំនួប​កំពូល​វាង​ចិន​និង​បណ្តា​ប្រទេស​អាហ្វ្រិក​ចំនួន​៤៨ បាន​ប្រព្រឹត្ត​ទៅ​ជា​លើក​ទី​មួយ​បង្អស់ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន៕

géopo-Chine6-21-02-11
(04:34)

ចិន​គ្មានសត្រូវ តែ​គ្មានអ្នកណា​ទុកចិត្ត

ថ្ងៃ​ នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត ​ទៅ​ទៀត។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​ថ្នាក់ដឹកនាំ​ចិន​ប្រឹងប្រែង​បង្ហាញ​ថា​ប្រទេស​ខ្លួន​ជា​អ្នក​ស្នេហា​ សន្តិភាព។ ក៏ប៉ុន្តែ បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​លោក នៅ​តែ​មិន​ទាន់​ទុក​ចិត្ត​ចិន។ តើ​មក​ពី​មូលហេតុ​អ្វី ?
សព្វ​ថ្ងៃ​នេះ នយោបាយ​ការបរទេស​ទាំង​ស្រុង​របស់​ចិន នៅ​តែ​ជា​ឧបករណ៍​សម្រាប់​បម្រើ​កំណែទម្រង់ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​គណបក្ស​កុម្មុយនិស្ត​ចិន បាន​និង​កំពុង​បន្ត​អនុវត្ត តាំង​ពី​មរណភាព​របស់ ម៉ៅ សេទុង នៅ​ឆ្នាំ​១៩៧៦​មក។

ថ្នាក់​ដឹកនាំ​ចិន​ប្រឹងប្រែង​បង្ហាញ​ថា ប្រទេស​ខ្លួន​គ្មាន​សត្រូវ និង​ជា​អ្នក​ស្នេហា​សន្តិភាព។ ម៉្លោះ​ហើយ​បាន​ជា នៅ​ចំពោះ​មុខ​នយោបាយ​ដៃ​ភ្លើង​ជើង​មាន់​របស់​សហរដ្ឋអាមេរិក ថ្នាក់​ដឹក​នាំ​ចិន​តាំង​ចិត្ត​ត្រជាក់ និយម​ចរចា អនុវត្ត​អំណាច​ស្រទន់ Soft power

នៅ​ដើម​ឆ្នាំ​២០០៤ បក្ស​កុម្មុយនិស្ត​ចិន​បាន​អនុម័ត​យក​ជា​ផ្លូវការ ពាក្យ​ស្លោក​ដែល​ថា ​«ធ្វើ​ឲ្យ​ប្រទេស​ចិន​លេច​ត្រដែត​ឡើង​ដោយ​សន្តិវិធី» (heping jueqi) នៅ​លើ​ឆាក​អន្តរជាតិ។ នៅ​ក្នុង​ន័យ​នេះ ចិន​តាំង​ខ្លួន​ជា​មហា​ប្រទេស ដែល​មាន​ទម្ងន់​នៅ​ក្នុង​លោក (daguo) ពោល​គឺ​ចិន​ផ្តើម​ឲ្យ​តម្លៃ​មុន​គេ​ដល់​ប្រទេស​ធំៗ ដូច​ជា​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ជា​ដើម ទាក់ទង​ជាពិសេស​តែ​ជាមួយ​អង្គការធំៗ ដូច​ជា​សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ អាស៊ាន។ ទន្ទឹម​ជាមួយ​គ្នា​នេះ ចិន​ក៏​ប្រឹងប្រែង​សម្រួល​ទំនាក់​ទំនង​ឲ្យ​បាន​កាន់​តែ​ប្រសើរ ជាមួយ​ប្រទេស​ជិតខាង ដូច​ជា​ជប៉ុន និង​ឥណ្ឌា​ជា​ដើម។

ម្យ៉ាង​វិញ​ទៀត ចិន​ក៏​បង្ហាញ​ឲ្យ​ឃើញ​បណ្តើរៗ​ដែរ​ថា ខ្លួន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វិបត្តិ​មនុស្សធម៌​និង​សេដ្ឋកិច្ច ដែល​កើត​ឡើង​នៅ​លើ​លោក។ គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​មាន​វិបត្តិ​ហិរញ្ញ​វត្ថុអាស៊ី នៅ​ឆ្នាំ​១៩៩៧ ជាលើក​ទី​មួយ​បង្អស់ ចិន​បាន​ផ្តល់​ប្រាក់​ជំនួយ​១ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ថៃ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បន្ត​ជួយ​ប្រទេស​ក្រីក្រ នៅ​អាស៊ី​និង​នៅ​អាហ្វ្រិក។ ឧទាហរណ៍​ក្រោយ​ពី​មាន​មហា​រលក​យក្ស​ Tsunami នៅ​អាស៊ី​ក្នុង​ចុង​ឆ្នាំ​២០០៤ ចិន​បាន​ផ្តល់​៦០លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស​រងគ្រោះ ហើយ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦ នា​ឱកាស​ជំនួប​កំពូល​ចិន​និង​អាហ្វ្រិក នៅ​ទីក្រុង​ប៉េកាំង ថ្នាក់ដឹកនាំ​ចិន​បាន​សម្រេច​ឲ្យ​បណ្តា​ប្រទេស​អាហ្វ្រិក​ខ្ចី​ប្រាក់​៣ពាន់ ​លាន​ដុល្លារ។

ពិតមែន​តែ​ចិន​ខំ​បង្ហាញ​ថា​ខ្លួន​គ្មាន​សត្រូវ ថា​ខ្លួន​ជា​អ្នក​ស្នេហា​សន្តិភាព​ក្តី តែ​ប្រទេស​នេះ​នៅ​តែ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ជា​ច្រើន​បារម្ភ។ ពីព្រោះ​ចិន​បន្ត​សម្លុត​តៃវ៉ាន់ ពីព្រោះ​ចិន​បន្ត​បង្កើន​ថវិកា​យោធា។ អ៊ីចឹង​ហើយ​បាន​ជា​អាមេរិក អូស្រ្តាលី និង​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​បន្ត​ព្រួយ​បារម្ភ នៅ​ចំពោះមុខ​បដិវាទកម្ម​រវាង​ការទូត​ញញឹមញញែម និង​យុទ្ធសាស្រ្ត​បង្កើន​កម្លាំង​យោធា​របស់​ថ្នាក់​ដឹក​នាំ​ចិន។ ប្រហែល​ជា​អ៊ីចឹង​ហើយ​ដែរ បាន​ជា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ភាគ​ធំ ចង់​ឲ្យ​អាមេរិក​បន្ត​រក្សា​វត្តមាន​យោធា​នៅ​ក្នុង​តំបន់ ជាពិសេស​ នៅ​ម្តុំ​ដៃ​សមុទ្រ​Malacca។ ដូចគ្នា​ដែរ ឥណ្ឌា​នៅ​តែ​មិន​កក់​ក្តៅ​ក្នុង​ចិត្ត ហើយ​បែរ​ទៅ​ពង្រឹង​ចំណង​យុទ្ធសាស្ត្រ​ជាមួយ​អាមេរិក ទោះ​បី​ជា​ចិន​ខំ​បង្ហាញ​ថា​ខ្លួន​ឈប់​កាន់ជើង​ប៉ាគីស្តង់​ពេញ​ទំហឹង ដូច​ក្នុង​អតីតកាល​ក៏​ដោយ។

ប្រទេស​ចិន​នៅ​តែ​ធ្វើ​ឲ្យ​គេ​បារម្ភ ពីព្រោះ​មនោសញ្ចេតនា​ជាតិនិយម នៅ​តែ​គ្រប​ដណ្តប់​ខ្លាំង​ទៅ​លើ​នយោបាយ​ការបរទេស​របស់​ថ្នាក់ដឹកនាំ​ចិន​ត​ ទៅ​ទៀត ជាពិសេស​នៅ​ពេល​មាន​ឧប្បត្តិហេតុ​ទូត​កើត​ឡើង​ម្តងៗ​ជាមួយ​ប្រទេស​ជប៉ុន ជាពិសេស។ ជាក់ស្តែង នៅ​ឆ្នាំ​២០០៥ ថ្នាក់ដឹកនាំ​ចិន​បើក​ដៃ​បណ្តោយ​ឲ្យ​ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ ប្រទេស​ជប៉ុន នៅ​តាម​ទីក្រុង​ធំៗ ពីព្រោះ​ជប៉ុន​និង​អាមេរិក បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​កោះ​តៃវ៉ាន់ ដោយ​សន្តិវិធី។

ប្រទេស​ចិន​បន្ត​ធ្វើ​ឲ្យ​គេ​បារម្ភ ពីព្រោះ​ចិន​ចូល​កកូរកកាយ​ទ្វីប​អាហ្វ្រិក។ នៅ​អាហ្វ្រិក ចិន​មិន​រវីរវល់​សោះ​ឡើយ​អំពី​នយោបាយ​ឬ​សង្គ្រាម។ អ្វី​ដែល​ចិន​ត្រូវការ​គឺ​ប្រេងកាត​និង​សម្បត្តិ​ធម្មជាតិ​ផ្សេងៗ​របស់​ អាហ្វ្រិក។ ជាក់ស្តែង អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ចិន​បាន​បដិសេធថា គ្មាន​ទេ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ Darfour មុន​នឹង​ប្តូរ​គំនិត​បន្តិច​ម្តងៗ​វិញ នៅ​ពេល​ដែល​ឃើញ​សហគមន៍​អន្តរជាតិ​ពួត​ដៃ​គ្នា​ទាមទារ​ឲ្យ​បញ្ជូន​ទ័ព​ អន្តរជាតិ​ទៅ​កាន់​ប្រទេស​ស៊ូដង់​(Soudan)។ ចិន​បាន​ព្រងើយ​កន្តើយ​យូរ​ឆ្នាំ​បែប​នេះ ចំពោះ​វិបត្តិ​ Darfour ពីព្រោះ​ចិន​បាន​ដាក់​ទុន​ប្រមាណ​១ម៉ឺន​៥ពាន់​លាន​ដុល្លារ រកស៊ី​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ស៊ូដង់។

ម្ល៉ោះ​ហើយ បាន​ជា​បណ្តា​ប្រទេស​អាហ្វ្រិក ដែល​ភាគ​ច្រើន​ជា​របប​ផ្តាច់ការ លែង​សូវ​បារម្ភ​អំពី​ការ​គាប​សង្កត់​ពី​សំណាក់​បស្ចិមលោក​ទៀត​ហើយ ដោយសារ​តែ​មាន​ជំនួយ​គ្មាន​លក្ខខណ្ឌ​នយោបាយ​ពី​សំណាក់​ប្រទេស​ចិន៕
បទអត្ថាធិប្បាយ​របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
(05:40)

Twitter Delicious Facebook Digg Stumbleupon Favorites More