Wednesday, January 16, 2013

ចិន និង​ជប៉ុន ៖ ភ្នំ​មួយ​ខ្លា​ពីរ

ថ្ងៃ​ នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត ​ទៅ​ទៀត ដោយ​សូម​បន្តនិយាយ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន​ម្តង។
សព្វ​ថ្ងៃ​នេះ នៅ​ក្នុង​ទ្វីប​អាស៊ី ចិន​និង​ជប៉ុន​ប្រៀប​ដូច​ជា​ភ្នំ​មួយ​ខ្លា​ពីរ​អ៊ីចឹង។
ភ្នំ​មួយ​ខ្លា​ពីរ នេះ​ហើយ​ជា​រូបភាព​ដែល​ស្តែង​ចេញ​ពី​វត្តមាន​របស់​ប្រទេស​ចិន​និង​របស់​ ប្រទេស​ជប៉ុន នៅ​ក្នុង​ទ្វីប​អាស៊ី​សព្វ​ថ្ងៃ បាន​ន័យ​ថា ប្រទេស​ទាំង​ពីរ​ចៀស​មិន​រួច​ពី​មើល​មុខ​គ្នា​មិន​ចំ ប្រឈម​មុខ​ដាក់​គ្នា និង​ប្រជែង​ឥទ្ធិពល​គ្នា ។ ពីព្រោះ​ចិន​និង​ជប៉ុន ថ្វីដ្បិត​ជា​អាស៊ី​ដូច​គ្នា​មែន​ពិត តែ​ជា​គំរូ​ពីរ​ផ្ទុយ​ខុស​គ្នា​ស្រឡះ។ ជប៉ុន​មាន​រូបភាព​ជា​មហា​អំណាច​ត្រជាក់ មិន​ធ្វើ​ឲ្យ​គេ​ភ័យ រីឯ​ចិន​វិញ​ជា​មហា​អំណាច​ក្តៅ ជា​ប្រភព​នៃ​ក្តី​ព្រួយ​បារម្ភ។ ជប៉ុន​ជា​ប្រទេស​ទំនើប​មិន​ចាញ់​បស្ចិមលោក។

ជប៉ុន​ជា​ប្រទេស​ទាន់​សម័យ តាំង​ពី​ចុង​សតវត្សរ៍​ទី​១៩​ម្ល៉េះ ហើយ​រហូត​មក​ទល់​ដើម​ទសវត្សរ៍​ទី​៣០ ជប៉ុន​ជា​គំរូ​សេដ្ឋកិច្ច មនោគមវិជ្ជា​និង​នយោបាយ សម្រាប់​បណ្តា​បញ្ញវន្ត​អាស៊ី​មួយ​ចំនួន​ធំ។ ក្រោយ​មក​ទៀត ជប៉ុន​បាន​បាត់បង់​តួនាទី​ជា​ប្រទេស​គំរូ​នាំ​មុខ​គេ​នៅ​អាស៊ី ដោយហេតុតែ​ខ្លួន​ជា​អ្នក​នាំ​អាទិ៍​បង្ក​សង្គ្រាម​លោក​លើក​ទី​ពីរ។
ក៏​ប៉ុន្តែ ចាប់​ពី​ទសវត្សរ៍​ទី​៥០​ទៅ ជប៉ុន​មាន​កិត្យានុភាព​និង​ស្គាល់​ភាព​រុងរឿង​ឡើង​វិញ រហូត​ដល់​ក្លាយ​ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​នៅ​អាស៊ី និង​ជា​ប្រទេស​ប្រជាធិបតេយ្យ​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​អាស៊ី​ដទៃ។

រី​ឯ​ចិន​វិញ ជា​ប្រទេស​ដែល​មាន​អារ្យធម៌​រុងរឿង និង​ប្រវត្តិសាស្ត្រ​យូរលង់ ស្មើ​នឹង​អារ្យធម៌​ក្រិក​(Grèce) ឬ​អារ្យធម៌​រ៉ូម(Rome) នៅ​អឺរ៉ុប កាល​ពី​ជំនាន់​ដើម​ដែរ តែ​បាន​បាត់បង់​កេរ្តិ៍​ឈ្មោះ នៅ​ពេល​ដែល​របប​កុម្មុយនិស្ត​ឆ្នាំ​១៩៤៩ បាន​ជាន់​ឈ្លី​ខ្ទេចខ្ទី​គ្មាន​សល់​អតីតកាល​ដ៏​ត្រចះ​ត្រចង់​នេះ។ ចិន​ទើប​តែ​មាន​ឈ្មោះ​ល្បីល្បាញ​ឡើង​វិញ ជា​មហាអំណាច នៅ​អាស៊ី​នារយៈ​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយសារ​តែ​សន្ទុះ​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្លា​នៃ​ប្រទេស​ខ្លួន។

ម្ល៉ោះហើយ​បើ​និយាយ​ជា​សាមញ្ញ សព្វ​ថ្ងៃ​ចិន​និង​ជប៉ុន​ដណ្តើម​គ្នា​ធ្វើ​ស្តេច​នៅ​អាស៊ី ដោយ​ប្រើ​មធ្យោបាយ យុទ្ធសាស្រ្ត និង​នយោបាយ ខុស​គ្នា។ ជប៉ុន​អះអាង​ប្រាប់​អាស៊ី​ថា ខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ។ រីឯ​ចិន​វិញ ចៀសវាង​មិន​និយាយ​ពី​នយោបាយ លើក​តម្កើង​គោលការណ៍​មិន​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ផ្សេង ឲ្យ​អាទិភាព​ទៅ​លើ​តែ​សេដ្ឋកិច្ច។ នៅ​ចំពោះ​មុខ​បណ្តា​ប្រទេស​ដែល​ខ្លួន​ជួយ ជប៉ុន​ឲ្យ​តម្លៃ​ទៅ​លើ​គម្រោងការ​អភិវឌ្ឍន៍​យឺនយូរ មីក្រូ​គំរោងការ សង្គម​ស៊ីវិល និង​អភិបាលកិច្ច​ល្អ។ រីឯ​ចិន​វិញ​អនុវត្តន​យោបាយ​ជំនួយ​គ្មាន​លក្ខខណ្ឌ ដូច​ជា​នៅ​ភូមា​ ឬ​នៅ​កម្ពុជា​ជា​ដើម។

ការ​ដណ្តើម​ឥទ្ធិពល​គ្នា​រវាង​ចិន​និង​ជប៉ុន​នៅ​អាស៊ី ស្តែង​ឡើង​ជា​ពិសេស តាម​រយៈ​អភិក្រម​នៃ​សមាហរ័ណកម្ម​តំបន់។ ថ្នាក់ដឹកនាំ​ចិន​ចង់​បាន​សមាហរ័ណកម្ម​មួយ ដែល​ប្រមូល​យក​តែ​បណ្តា​ប្រទេស​អាស៊ី​សុទ្ធសាធ​មក​ដាក់​ជុំវិញ​ប្រទេស​ខ្លួន ដោយ​មិន​ឲ្យ​មាន​ការ​ចូល​រួម​ឬ​ការ​ជ្រៀតជ្រែក​ពី​សំណាក់​មហាអំណាច​ណា​ដែល​ មិនមែន​ជា​អាស៊ី ដូច​យ៉ាង​សហរដ្ឋ​អាមេរិក ជា​ដើម។ រីឯ​ជប៉ុន​វិញ​ចង់​បើក​ចំហ​លំហ​ដែនដី​អាស៊ី​ដល់​ប្រទេស​ផ្សេង ដូចជា​អូស្រ្តាលី នូវែលសេឡង់ និង​អាមេរិក។ គោលដៅ គឺ​រក្សា​តុល្យភាព​នៅ​អាស៊ី កុំ​ឲ្យ​ចិន​មាន​ប្រៀប​ខ្លាំង​ពេក។ ត្រង់​ចំណុច​នេះ បណ្តា​ប្រទេស​អាស៊ាន​ភាគ​ច្រើន​យល់​ឃើញ​ដូច​ជប៉ុន​ដែរ មិន​ចង់​ឲ្យ​អាស៊ី​ក្លាយ​ជា​ប៉ូល​មួយ​ដែល​ឋិត​នៅ​ក្រោម​ឥទ្ធិពល​ផ្តាច់មុខ​ របស់​ចិន។

ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​ចិន​និង​ជប៉ុន​ប្រព្រឹត្ត​ទៅ​ជា​ពិសេស​នៅ​ អាស៊ី​អាគ្នេយ៍។ ជាក់ស្តែង នៅ​ខែ​មករា​ឆ្នាំ​១៩៩៧ ជា​លើក​ទី​មួយ​បង្អស់ នាយករដ្ឋមន្ត្រី​ជប៉ុន​សម័យ​នោះ គឺ Ryutaro Hashimoto ស្នើ​អាស៊ាន​ឲ្យ​បង្កើត​ជំនួប​កំពូល​មួយ​ឆ្នាំ​ម្តង​រវាង​អាស៊ាន​និង​ជប៉ុន។ ប៉ុន្តែ កាល​ណោះ​អាស៊ាន​រារែក បារម្ភ​ខ្លាច​ចិន​អាក់អន់​ចិត្ត។ នៅ​ទី​បំផុត អាស៊ាន​សម្រេច​ចិត្ត​អញ្ជើញ​ជប៉ុន ចិន និង កូរ៉េខាងត្បូង មក​ចូល​រួម​ជា​លើក​ទី​មួយ​បង្អស់​ក្នុង​ជំនួប​កំពូល​របស់​គេ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩៧ ។ គឺ​ជា​ការ​ផ្តើម​ចាប់​បដិសន្ធិ​ឡើង​នៃ​អ្វី ដែល​គេ​ឲ្យ​ឈ្មោះ​ថា​«អាស៊ាន+៣»។ អាស៊ាន+៣ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ មួយ​ឆ្នាំ​ក្រោយ​មក គឺ​នា​ឱកាស​ជំនួប​កំពូល​នៅ​ហាណូយ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​១៩៩៨ ពីព្រោះ​នៅ​ឆ្នាំ​១៩៩៨​នោះ ប្រទេស​អាស៊ី​មួយ​ចំនួន​ជួប​នឹង​ការ​ប្រែប្រួល​នយោបាយ។ នៅ​ឥណ្ឌូណេស៊ី របប​ផ្តាច់ការ​របស់​Suharto ដួល​រលំ នៅ​ម៉ាឡេស៊ី នាយករដ្ឋមន្ត្រី​Mahathir ដក​ឧបនាយក​រដ្ឋមន្រ្តី​Anwar ដែល​ក្លាយ​ជា​គូប្រជែង​ចេញ​ពី​តំណែង នៅ​កូរ៉េខាងត្បូង Kim Dae Jung ជាប់​ឆ្នោត​ជា​ប្រធានាធិបតី នៅ​ជប៉ុន​Ryutaro Hashimoto ត្រូវ​បង្ខំ​ចិត្ត​លាលែង​ពី​តំណែង​នាយករដ្ឋមន្រ្តី។ ការ​ប្រែប្រួល​នយោបាយ​ទាំង​អស់​នេះ និង​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី បាន​តម្រូវ​ឲ្យ​បង្កើត​ឡើង​យ៉ាង​លឿន​រហ័ស ជំនួប​កំពូល​អាស៊ាន​បូក+៣ នេះ​ឡើង ដើម្បី​ជា​ឱកាស​ឲ្យ​ថ្នាក់​ដឹក​នាំ​អាស៊ី​ផ្តោះប្តូរ​យោបល់ និង​សាកល្បង​រក​ដំណោះស្រាយ។

ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​ចិន​និង​ជប៉ុន​បាន​ធ្លាយ​ចេញ​ហួស​ពី​ព្រំដែន​ នៃ​ទ្វីប​អាស៊ី ហើយ​ចូល​ទៅ​ដល់​វេទិកា​នៃ​អង្គការ​សហប្រជាជាតិ។ ជប៉ុន​ទាមទារ​ចង់​បាន​ដូច​ចិន​ដែរ អាសនៈ​អចិន្ត្រៃយ៍​មួយ នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ ហើយ​សុំ​ឲ្យ​លុប​បំបាត់​ចោល​មាត្រា​ទី​៥៣​នៃ​ធម្មនុញ្ញ​អង្គការ​ សហប្រជាជាតិ។ មាត្រា​ទី​៥៣​នេះ ចាត់​ទុក​ជប៉ុន​និង​អាល្លឺម៉ង់​ដែល​ជា​អ្នក​បាន​បង្ក​សង្រ្គាមលោក​លើក​ទី​ ពីរថា​ជា​ប្រទេស«សត្រូវ»។ ក៏ប៉ុន្តែ ចិន​ដែល​មាន​សិទ្ធិ​វេតូ មិន​ព្រម​ឲ្យ​លុប​មាត្រា​នេះ​ចោល។ ចិន​អះអាង​ថា ជប៉ុន​ចង់​សើរើ​ប្រវត្តិសាស្រ្ត ចង់​វិល​ទៅ​រក​អតីតកាល​យោធា​និយម​របស់​ខ្លួន​វិញ។ ដូចគ្នា​អ៊ីចឹង​ដែរ ចិន​មិន​ព្រម​ឲ្យ​ជប៉ុន​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​ សន្តិសុខ​អង្គការ​សហប្រជាជាតិ។ នេះ​គឺ​មក​ពី​ចិន​ចង់​រក្សា​លក្ខន្តិកៈ​របស់​ខ្លួន ជា​មហា​អំណាច​នយោបាយ​តែ​មួយ​គត់​នៅ​អាស៊ី៕

បទវិភាគ​របស់ ហ្សង់-ហ្វ្រង់ស័រ​ តាន់
(06:30)

Twitter Delicious Facebook Digg Stumbleupon Favorites More