Monday, January 21, 2013

តើ​ការ​ចម្លង​ប្រាសាទ​អង្គរវត្ត​ជា​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា​ដែរ​ឬ​ទេ?


បទវិភាគ​របស់ សេង ឌីណា
(05:53)

ការ​សង់​ប្រាសាទ​ថ្មី ដោយ​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត ដែល​គេ​កំពុង​ធ្វើ​នៅ​ឥណ្ឌា នៅពេលនេះ គឺ​ចូល​ក្នុង​ករណី​ចម្លង​ស្នាដៃ​ស្ថាបត្យកម្ម ដែល​ជា​ផ្នែកមួយ នៃ​សិទ្ធិអ្នកនិពន្ធ។ នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​កម្ពុជា ស្នាដៃ​ស្ថាបត្យកម្ម ទទួលបាន​នូវការការពារ​ពី​សំណាក់​​ច្បាប់ ស្តីពី​សិទ្ធិអ្នកនិពន្ធ និង​សិទ្ធិប្រហាក់ប្រហែល ឆ្នាំ​២០០៣។
នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ សិទ្ធិ​អ្នក​និពន្ធ​ទទួលបាននូវការ​ការពារ​ពី​សំណាក់​អនុសញ្ញា​សំខាន់ៗពីរ គឺ​អនុសញ្ញា​ក្រុង​ប៊ែន (Berne Convention 1886) និង​អនុសញ្ញា​ក្រុង​ហ្សឺណែវ ស្តីពី​សិទ្ធិជាសកលនៃ​អ្នកនិពន្ធ (Universal Copyright Convention 1952)។ កម្ពុជា និង​ឥណ្ឌា គឺ​​ជា​សមាជិក​នៃ​អនុសញ្ញា​ក្រុង​ហ្សឺណែវ​នេះ។ ម្យ៉ាងទៀត ប្រទេស​ទាំងពីរ​សុទ្ធសឹង​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ។ ដូច្នេះ ឥណ្ឌា​មាន​កាតព្វកិច្ច​គោរព​​សិទ្ធិ​អ្នកនិពន្ធ ដែល​មាន​ចែង​ក្នុង​ច្បាប់​របស់​កម្ពុជា។
ក៏ប៉ុន្តែ ទាំង​នៅ​ក្នុង​ច្បាប់​កម្ពុជា និង​នៅ​ក្នុង​អនុសញ្ញា​អន្តរជាតិ ស្នាដៃ​ស្ថាបត្យកម្ម​មិន​ទទួលបាន​នូវការការពារ​ជា​រៀងរហូត ដោយ​គ្មាន​កាលកំណត់​នោះទេ។ ច្បាប់​របស់​កម្ពុជា (ក៏ដូចជា​អនុសញ្ញា​ក្រុង​ប៊ែន) បាន​កំណត់​ថា សិទ្ធិ​បេតិកភណ្ឌ​របស់​អ្នក​និពន្ធ​ទទួលបាន​ការការពារ​តែ​ក្នុង​រយៈពេល ៥០​ឆ្នាំ​ប៉ុណ្ណោះ ក្រោយ​ពី​ការ​ស្លាប់​របស់​អ្នក​និពន្ធ។
ដូច្នេះ ស្នាដៃ​ស្ថាបត្យកម្ម​ប្រាសាទ​អង្គរវត្ត ដែល​សាងសង់​ដោយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ តាំង​ពី​រាប់​រយឆ្នាំ​មកហើយ​នោះ ប្រាកដ​ជា​ត្រូវ​ហួស​ពេល​កំណត់ ដែលការពារ​ដោយ​ច្បាប់​ហើយ។
នៅ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​យូណេស្កូវិញ ប្រាសាទ​អង្គរវត្ត ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ទទួលបាន​នូវការ​ការពារ​ពី​សំណាក់ អនុសញ្ញា ឆ្នាំ​១៩៧២។ ក៏ប៉ុន្តែ អនុសញ្ញា​នេះ មាន​ចែងតែ​អំពី​ការ​ការពារ និង​ការអភិរក្ស​ប្រាសាទ កុំ​ឲ្យបាក់បែក ឬ​ខូចខាត​តែ​ប៉ុណ្ណោះ មិនមាន​ចែង​អំពី​ការ​ការពារ​ស្នាដៃ​ស្ថាបត្យកម្ម ពី​ការ​ថតចម្លង​នោះទេ។
Tour Eiffel នៅ​កាស៊ីណូ Las Vegas សហរដ្ឋ​អាមេរិក
wikipedia
នៅ ​ក្នុង​ការអនុវត្ត​ជាក់ស្តែង ការ​ចម្លង​សម្បត្តិវប្បធម៌ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ មិនមែន​ទើបតែ​នឹង​កើតមានឡើង ចំពោះ​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​​នៅពេលនេះទេ។ Tour Eiffel របស់​បារាំង​​ត្រូវបាន​គេ​ចម្លង​​​ប្រមាណ​ជា ៣០ ដូចជា Tour Eiffel នៅ​កាស៊ីណូ​ Las Vegas (សហរដ្ឋ​អាមេរិក) ដែល​ជាការ​ចម្លង​ដូច​បេះបិទ គ្រាន់តែ​មាន​ទំហំ​ទាបជាង​​ពាក់កណ្តាល។ អង់តែន Tokyo Tower នៅ​ជប៉ុន សង់យក​លំនាំតាម​ ហើយ​មាន​កម្ពស់​ខ្ពស់​ជាង​ Tour Eiffel មែនទែន ដោយ​គ្រាន់តែ​លាបពណ៌​ខុសគ្នា (ពណ៌ស លាយ​ក្រហម)។
ករណី​សង់​ចម្លង​ក្នុង​ទំហំ​ប៉ុន​របស់​ដើម គេ​ក៏​ធ្លាប់​មានដែរ​ចំពោះ Stonehenge របស់​អង់គ្លេស (សង់ចម្លង​នៅ​វ៉ាស៊ីងតោន​ សហរដ្ឋ​អាមេរិក) Parthenon របស់​ក្រិក (សង់ចម្លង​នៅ​​ទីក្រុង Nashville រដ្ឋ​ Tennessee សហរដ្ឋ​អាមេរិក)។ Taj Mahal របស់​ឥណ្ឌា​ខ្លួនឯង​ក៏​ត្រូវ​បាន​គេ​សង់ចម្លង​ដូចគ្នា​បេះបិទ​ដែរ នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។
Taj Mahal នៅ​បង់ក្លាដែស ដែល​ចម្លង​ពី​ Taj Mahal របស់​ឥណ្ឌា
wikipedia
គួរ ​បញ្ជាក់ថា ការ​សង់​ចម្លង Taj Mahal នៅ​បង់ក្លាដែស គឺ​ជា​គម្រោង​របស់​​​​មហាសេដ្ឋី ជា​ម្ចាស់​ផលិតកម្ម​ភាពយន្ត​ជនជាតិ​បង់ក្លាដែសម្នាក់ ដោយត្រូវ​​ចំណាយ​លុយ​ប្រមាណ ៥៨លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​រយៈពេល​សាងសង់​ប្រមាណ ៥ឆ្នាំ ហើយ​ចាប់​បើកទ្វារ​ឲ្យ​ទេសចរ​ចូល​ទស្សនា នៅ​ឆ្នាំ​២០០៩។
ការ​សង់​ចម្លង Taj Mahal នៅ​បង់ក្លាដែស ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​យ៉ាងខ្លាំងក្លា​ដែរ ទាំង​ពី​សំណាក់​រដ្ឋាភិបាល​ និង​ប្រជាជនឥណ្ឌា។ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​បង់ក្លាដែស​ថែមទាំង​បាន​គំរាម​ប្តឹង​ អ្នក​ចម្លង​នេះ​ទៀតផង ដោយ​ចោទ​ពីបទរំលោភ​លើ​កម្មសិទ្ធិបញ្ញា។ ក៏ប៉ុន្តែ អ្នក​ច្បាប់​ឥណ្ឌា​ជាច្រើន​បាន​ពន្យល់ថា​ សិទ្ធិ​លើ​ស្នាដៃ​ស្ថាបត្យកម្ម​ Taj Mahal បាន​ហួស​រយៈពេល​កំណត់​នៃ​ការការពារ​ដោយ​​អនុសញ្ញា​អន្តរជាតិ​ហើយ។
បើទោះជា​មិនអាច​ដាក់បណ្តឹង​តាមផ្លូវច្បាប់ ក៏នៅតែមាន​មតិជាទូទៅ នៅឥណ្ឌា នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ចម្លង Taj Mahal នៅ​បង់ក្លាដែស ដោយ​លើកឡើង​ថា ការចម្លងនេះ​អាច​នឹង​ធ្វើ​ឲ្យទេសចរ​ទៅ​ទស្សនា​ Taj Mahal មែនទែន នៅ​ឥណ្ឌា​ត្រូវ​ធ្លាក់ចុះ។ ក៏ប៉ុន្តែ ទីបំផុត នៅ​ក្រោយ​ពេល​ដែល Taj Mahal នៅ​បង់ក្លាដែស​សាងសង់​រួច ហើយ​បើកទ្វារ​ឲ្យ​ទេសចរ​ចូល​ទស្សនា គេ​មិនឃើញ​មាន​ផលប៉ះពាល់​ដល់​​​ចំនួន​អ្នក​ទៅ​ទស្សនា Taj Mahal មែនទែន នៅ​ឥណ្ឌា ភាពចម្រូងចម្រាស​ក៏​បាន​ស្ងប់​ទៅវិញ។
ប្រាសាទ Parthenon នៅក្រិក (ឆ្វេង) និង​ប្រាសាទ​ចម្លង​នៅ​អាមេរិក
wikipedia
តាមការ ​សង្កេត​កន្លងមក ការ​សង់ចម្លង​​អច្ឆរិយវត្ថុ​សំខាន់ៗ​ ដូចជា Tour Eiffel, Stonehenge និង Parthenon ជាដើម ហាក់ដូចជា​មិន​​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំនួន​អ្នក​ទៅទស្សនា​ អច្ឆរិយវត្ថុ​មែនទែន នៅ​កន្លែង​ដើម​នោះទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា​ ភាពចម្រូងចម្រាស​ជុំវិញ​កម្មសិទ្ធិបញ្ញា​លើ​អច្ឆរិយវត្ថុ​​​ក៏តែងតែ​កើតមាន​ ជារឿយៗ​ដែរ៕

Twitter Delicious Facebook Digg Stumbleupon Favorites More