ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ តាន់សូមបន្តពិនិត្យមើលទៅលើស្ថានភាពភូមិសាស្រ្ត នយោបាយរបស់ប្រទេសចិន តទៅទៀត។
សព្វថ្ងៃ ចិនបានក្លាយជាមហាអំណាចតំបន់មួយប្រកែកមិនបាន និងមានមហិច្ឆតាចង់ក្លាយ ជាមហាអំណាចពិភពលោក។ ទាំងនេះ គឺដោយសារតែមរតកសេដ្ឋកិច្ច និងសម្បត្តិ មនោគមវិជ្ជាដ៏ធំធេងដែលលោក តេង សៀវប៉េងបានបន្សល់ទុកឲ្យប្រជាជាតិចិនដែរ។
ថ្នាក់ដឹកនាំបស្ចិមលោក អ្នកសង្កេតការណ៍
និងអ្នកការទូតចាប់អារម្មណ៍ខ្លាំងឡើងៗ ទៅលើមហិច្ឆតារបស់ចិន
ពីព្រោះចិនទុកចិត្តខ្លួនឯងកាន់តែខ្លាំង
ចង់ឲ្យពិភពលោកទទួលស្គាល់ខ្លួន ថាជាមហាអំណាចមួយពិតប្រាកដ។
សកម្មភាពអន្តរជាតិរបស់មហាយក្សអាស៊ីមួយនេះ
ដែលច្របាច់បញ្ចូលគ្នាយ៉ាងប៉ិនប្រសប់ជំនួញនិងការទូត
កំពុងជះឥទ្ធិពលខ្លាំងទៅលើអាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង។
គេនឹងមិនអាចយល់បានឡើយថាហេតុអ្វីបានជានៅដើមសតវត្សរ៍ទី២១នេះ
ចិនបានក្លាយជាមហាអំណាចតំបន់
និងមានមហិច្ឆតាចង់ក្លាយជាមហាអំណាចពិភពលោក
បើសិនជាគេមិនសាកល្បងយល់ជាមុនសិនទេនូវមរតកសេដ្ឋកិច្ចនិង
សម្បត្តិមនោគមវិជ្ជាដ៏ធំធេងដែលតេង សៀវប៉េង (Deng Xiaoping)
បានបន្សល់ទុកឲ្យប្រជាជាតិចិន។ គឺតេង សៀវប៉េងនេះហើយ
ដែលបានប្តូរទិសដៅយុទ្ធសាស្រ្តរបស់ប្រទសចិនមុនគេបង្អស់
ដោយបានទាញប្រជាជាតិទាំងមូលចេញពីសករាជមនោគមវិជ្ជាដើម្បីបោះជំហាន
ទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ពីឆ្នាំ១៩៤៩ ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិនបានបដិសន្ធិឡើង
រហូតដល់ឆ្នាំ១៩៧៦ ឆ្នាំនៃមរណភាពរបស់ជូ អេនឡាយ (Chou En Lai)
និងរបស់ម៉ៅ សេទុង (Mao Tsé-Tong)
យុទ្ធសាស្រ្តរបស់ប្រទេសចិនពឹងផ្អែកទាំងស្រុងទៅលើកត្តា
មនោគមវិជ្ជា ទៅលើទ្រឹស្តីរបស់អគ្គមគ្គទេសក៍ម៉ៅ
ទឹ្រស្តីដែលគេបានចងក្រងទុកក្នុងកូនសៀវភៅក្រហម(Le petit livre
rouge)។
ចំពោះម៉ៅ សេទុង វីរបុរសចិនគឺជាអ្នកដែលបានចាប់កំណើត
នៅក្នុងភាពក្រតោកយ៉ាក តែធំដឹងក្តីក្នុងភាពរុងរឿង
ដោយសារតែគណបក្សកុម្មុយនិស្ត។
តាមរយៈការសង្វាតអានកូនសៀវភៅក្រហមរបស់ម៉ៅ សេទុង រៀងរាល់ថ្ងៃ
វីរបុរសកុម្មុយនិស្តចិនប្រែក្លាយទៅជាគោលគំនិតរបស់ម៉ៅ សេទុង
ដែលកំពុងតែមានចលនា និងសកម្មភាពជាក់ស្តែង
នៅក្នុងជីវិតប្រចាំថ្ងៃតែម្តង។
ចំពោះម៉ៅ សេទុង
មនោគមវិជ្ជាម៉ៅនិយមគឺជាអាវុធភូមិសាស្រ្តនយោបាយមួយដ៍មាន
ប្រសិទ្ធភាព សម្រាប់ទប់ទល់នឹងការគំរាមកំហែងពីសំណាក់សហរដ្ឋអាមេរិក
និងពីសំណាក់សហភាពសូវៀត។ ឧទាហរណ៍ ទ័ពកុម្មុយនិស្តនៅវៀតណាម នៅកម្ពុជា
និងនៅឡាវ សុទ្ធតែបានអនុវត្តទ្រឹស្តីយោធារបស់ម៉ៅ
ដើម្បីរុញច្រានអាមេរិក ចេញពីឥណ្ឌូចិននៅឆ្នាំ១៩៧៥។
ផ្ទុយពីម៉ៅ សេទុង តេង សៀវប៉េង
យល់ឃើញថាប្រទេសចិនត្រូវតែចាកចេញជាបន្ទាន់ពីសករាជមនោគមវិជ្ជា
ឆ្វេងនិយមជ្រុល ដែលបានជះឥទ្ធិពលអវិជ្ជមានទៅលើសង្គមចិនទាំងមូល
តាមរយៈបដិវត្តន៍វប្បធម៌ពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៧៦។ តេង សៀវប៉េង
យល់ឃើញថា
មនោគមវិជ្ជាឆ្វេងនិយមជ្រុលបានបង្កឲ្យមានភាពតានតឹងជាអចិន្ត្រៃយ៍
ទាំងនៅក្នុងប្រទេសចិន ទាំងនៅលើឆាកអន្តរជាតិ។ តេង
សៀវប៉េងមានជំនឿយ៉ាងមាំថា ដើម្បីទប់ទល់នឹងអាមេរិក
ប្រឈមមុខនឹងសូវៀត
ប្រទេសចិនត្រូវបោះជំហានទៅរកភាពរុងរឿងផ្នែកសេដ្ឋកិច្ចជាមុនសិន
រួចហើយបើសិនជាចាំបាច់ បើសិនជាកាលៈទេសៈទាមទារ
ចាំវិលមកពង្រឹងមនោគមវិជ្ជា នៅពេលក្រោយវិញ។
នៅខែធ្នូឆ្នាំ១៩៧៨
នាឱកាសសម័យប្រជុំពេញអង្គទី៣នៃមហាសន្និបាតលើកទី១១របស់បក្ស
កុម្មុយនិស្តចិន តេង សៀវប៉េង
បានប្រកាសប្តូរទិសដៅយុទ្ធសាស្រ្តនៃប្រទេសចិន។
គេអាចសង្ខេបគោលគំនិតរបស់តេង សៀវប៉េង
ថាជាយុទ្ធសាស្ត្រដែលមានគោលដៅធ្វើឲ្យប្រទេសចិនលេចត្រដែតឡើងដោយ
សន្តិវិធីនៅលើឆាកអន្តរជាតិ។ លោកអគ្គមគ្គទេសន៍តេង
សៀវប៉េងមានមហិច្ឆតាចង់ធ្វើឲ្យ«ខ្លាក្រដាសចិន»ក្លាយជាមហាអំណាច
មួយពិតប្រាកដ តាមរយៈកំណែទម្រង់សេដ្ឋកិច្ច។
ដើម្បីបោះជំហានទៅរកភាពរុងរឿងសេដ្ឋកិច្ចបាន
ប្រទេសចិនត្រូវការបរិយាកាសធូរស្រាល នៅលើឆាកអន្តរជាតិ
និងសន្តិភាពនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ
នៅលើសាច់ការជាក់ស្តែង
គោលគំនិតធ្វើឲ្យប្រទេសចិនលេចត្រដែតឡើងដោយសន្តិវិធីរបស់តេង
សៀវប៉េង
ត្រូវបានបំផុសបំផុលឡើងជួនចំពេលមួយដែលប្រទេសចិនជួបប្រទះនឹងភាព
តានតឹង នៅលើឆាកអន្តរជាតិ ជាពិសេស នៅខ្ទង់ឆ្នាំ១៩៧៨-១៩៧៩។
ពីព្រោះកាលនោះ ចិននិងសូវៀត ប្រជែងឥទ្ធិពលគ្នាខ្លាំង និងពីព្រោះ
វៀតណាមដែលកាលណោះជាប្រទេសរណបសូវៀតបានចូលឈ្លានពានកម្ពុជា
ប្រជាធិបតេយ្យរបស់ប៉ុល ពតដែលរណបប្រទេសចិន។
ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់សហភាពសូវៀត តេង សៀវប៉េង
បានអនុវត្តនយោបាយ«សត្រូវរបស់សត្រូវខ្ញុំជាមិត្ររបស់ខ្ញុំ»។
នៅក្នុងន័យនេះ នៅថ្ងៃទី១មករាឆ្នាំ១៩៧៩
ប្រទេសចិនបានសម្រួលទំនាក់ទំនងទូតជាមួយសហរដ្ឋអាមេរិកដែលជាសត្រូវ
របស់សហភាពសូវៀត។ ចាប់ដៃជាមួយអាមេរិករួចហើយ
ថ្នាក់ដឹកនាំចិនដែលកក់ក្តៅចិត្តជាងមុន
បានសម្រេចបញ្ជូនសារធម៌ក្តៅមួយទៅកាន់សហភាពសូវៀត
ដោយបានវាយលុកលុយទៅលើប្រទេសវៀតណាម នៅថ្ងៃ១៧កុម្ភៈឆ្នាំ១៩៧៩។
គឺជាសង្រ្គាមមួយដ៏ខ្លី ដែលថ្នាក់ដឹកនាំចិនចាត់ទុកថា
ជាការផ្តល់មេរៀនមួយដល់ទីក្រុងហាណូយ(Hanoï)។
នៅទីបំផុត យុទ្ធសាស្រ្តភូមិសាស្រ្តនយោបាយនេះរបស់តេង សៀវប៉េង
បានបើកលទ្ធភាពឲ្យចិនហែលឆ្លងកាត់ទសវត្សរ៍ទី៨០
ដោយទទួលបានជោគជ័យទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស។
នៅក្រៅប្រទេស សម្ព័ន្ធភាពយុទ្ធសាស្រ្តរវាងចិននិងអាមេរិក
មិនត្រឹមតែបានរំងាប់ភាពតានតឹងរវាងទីក្រុងប៉េកាំង(Pékin)និង
វ៉ាស៊ីនតោន(Washington) ប៉ុណ្ណោះទេ
តែវាថែមទាំងបានអនុញ្ញាតឲ្យប្រទេសចិនទប់ទល់នឹងការគាបសង្កត់
ពីសំណាក់សហភាពសូវៀតទៀតផង។ ម្យ៉ាងវិញទៀត បរិយាកាសធូរស្រាល
នៅលើឆាកអន្តរជាតិក៏បានអនុញ្ញាតឲ្យប្រទេសចិនប្រមូលកម្លាំងកាយ
និងកម្លាំងប្រាជ្ញា ដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច នៅក្នុងប្រទេស
ស្របទៅតាមទ្រឹស្តីរបស់តេង សៀវប៉េង៕
Wednesday, January 16, 2013
តេង សៀវប៉េង (Deng Xiaoping) បិតានៃវឌ្ឍនភាពសេដ្ឋកិច្ចចិន

