ថ្ងៃ
នេះហ្សង់-ហ្វ្រង់ស័រ តាន់
សូមបន្តពិនិត្យមើលទៅលើស្ថានភាពភូមិសាស្រ្តនយោបាយរបស់ប្រទេសចិនត
ទៅទៀត
ដោយសូមបន្តនិយាយពីទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសជប៉ុនម្តង។
សព្វថ្ងៃនេះ នៅក្នុងទ្វីបអាស៊ី ចិននិងជប៉ុនប្រៀបដូចជាភ្នំមួយខ្លាពីរអ៊ីចឹង។
ភ្នំមួយខ្លាពីរ
នេះហើយជារូបភាពដែលស្តែងចេញពីវត្តមានរបស់ប្រទេសចិននិងរបស់
ប្រទេសជប៉ុន នៅក្នុងទ្វីបអាស៊ីសព្វថ្ងៃ បានន័យថា
ប្រទេសទាំងពីរចៀសមិនរួចពីមើលមុខគ្នាមិនចំ ប្រឈមមុខដាក់គ្នា
និងប្រជែងឥទ្ធិពលគ្នា ។ ពីព្រោះចិននិងជប៉ុន
ថ្វីដ្បិតជាអាស៊ីដូចគ្នាមែនពិត តែជាគំរូពីរផ្ទុយខុសគ្នាស្រឡះ។
ជប៉ុនមានរូបភាពជាមហាអំណាចត្រជាក់ មិនធ្វើឲ្យគេភ័យ
រីឯចិនវិញជាមហាអំណាចក្តៅ ជាប្រភពនៃក្តីព្រួយបារម្ភ។
ជប៉ុនជាប្រទេសទំនើបមិនចាញ់បស្ចិមលោក។
ជប៉ុនជាប្រទេសទាន់សម័យ តាំងពីចុងសតវត្សរ៍ទី១៩ម្ល៉េះ
ហើយរហូតមកទល់ដើមទសវត្សរ៍ទី៣០ ជប៉ុនជាគំរូសេដ្ឋកិច្ច
មនោគមវិជ្ជានិងនយោបាយ សម្រាប់បណ្តាបញ្ញវន្តអាស៊ីមួយចំនួនធំ។
ក្រោយមកទៀត ជប៉ុនបានបាត់បង់តួនាទីជាប្រទេសគំរូនាំមុខគេនៅអាស៊ី
ដោយហេតុតែខ្លួនជាអ្នកនាំអាទិ៍បង្កសង្គ្រាមលោកលើកទីពីរ។
ក៏ប៉ុន្តែ ចាប់ពីទសវត្សរ៍ទី៥០ទៅ
ជប៉ុនមានកិត្យានុភាពនិងស្គាល់ភាពរុងរឿងឡើងវិញ
រហូតដល់ក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីមួយនៅអាស៊ី
និងជាប្រទេសប្រជាធិបតេយ្យគំរូមួយដ៏ល្អសម្រាប់ប្រទេសអាស៊ីដទៃ។
រីឯចិនវិញ ជាប្រទេសដែលមានអារ្យធម៌រុងរឿង
និងប្រវត្តិសាស្ត្រយូរលង់ ស្មើនឹងអារ្យធម៌ក្រិក(Grèce)
ឬអារ្យធម៌រ៉ូម(Rome) នៅអឺរ៉ុប កាលពីជំនាន់ដើមដែរ
តែបានបាត់បង់កេរ្តិ៍ឈ្មោះ នៅពេលដែលរបបកុម្មុយនិស្តឆ្នាំ១៩៤៩
បានជាន់ឈ្លីខ្ទេចខ្ទីគ្មានសល់អតីតកាលដ៏ត្រចះត្រចង់នេះ។
ចិនទើបតែមានឈ្មោះល្បីល្បាញឡើងវិញ ជាមហាអំណាច
នៅអាស៊ីនារយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ
ដោយសារតែសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លានៃប្រទេសខ្លួន។
ម្ល៉ោះហើយបើនិយាយជាសាមញ្ញ
សព្វថ្ងៃចិននិងជប៉ុនដណ្តើមគ្នាធ្វើស្តេចនៅអាស៊ី
ដោយប្រើមធ្យោបាយ យុទ្ធសាស្រ្ត និងនយោបាយ ខុសគ្នា។
ជប៉ុនអះអាងប្រាប់អាស៊ីថា ខ្លួនជាប្រទេសប្រជាធិបតេយ្យ។ រីឯចិនវិញ
ចៀសវាងមិននិយាយពីនយោបាយ
លើកតម្កើងគោលការណ៍មិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងនៃប្រទេសផ្សេង
ឲ្យអាទិភាពទៅលើតែសេដ្ឋកិច្ច។ នៅចំពោះមុខបណ្តាប្រទេសដែលខ្លួនជួយ
ជប៉ុនឲ្យតម្លៃទៅលើគម្រោងការអភិវឌ្ឍន៍យឺនយូរ មីក្រូគំរោងការ
សង្គមស៊ីវិល និងអភិបាលកិច្ចល្អ។
រីឯចិនវិញអនុវត្តនយោបាយជំនួយគ្មានលក្ខខណ្ឌ
ដូចជានៅភូមា ឬនៅកម្ពុជាជាដើម។
ការដណ្តើមឥទ្ធិពលគ្នារវាងចិននិងជប៉ុននៅអាស៊ី ស្តែងឡើងជាពិសេស
តាមរយៈអភិក្រមនៃសមាហរ័ណកម្មតំបន់។
ថ្នាក់ដឹកនាំចិនចង់បានសមាហរ័ណកម្មមួយ
ដែលប្រមូលយកតែបណ្តាប្រទេសអាស៊ីសុទ្ធសាធមកដាក់ជុំវិញប្រទេសខ្លួន
ដោយមិនឲ្យមានការចូលរួមឬការជ្រៀតជ្រែកពីសំណាក់មហាអំណាចណាដែល
មិនមែនជាអាស៊ី ដូចយ៉ាងសហរដ្ឋអាមេរិក ជាដើម។
រីឯជប៉ុនវិញចង់បើកចំហលំហដែនដីអាស៊ីដល់ប្រទេសផ្សេង
ដូចជាអូស្រ្តាលី នូវែលសេឡង់ និងអាមេរិក។ គោលដៅ
គឺរក្សាតុល្យភាពនៅអាស៊ី កុំឲ្យចិនមានប្រៀបខ្លាំងពេក។
ត្រង់ចំណុចនេះ បណ្តាប្រទេសអាស៊ានភាគច្រើនយល់ឃើញដូចជប៉ុនដែរ
មិនចង់ឲ្យអាស៊ីក្លាយជាប៉ូលមួយដែលឋិតនៅក្រោមឥទ្ធិពលផ្តាច់មុខ
របស់ចិន។
ការប្រជែងឥទ្ធិពលគ្នារវាងចិននិងជប៉ុនប្រព្រឹត្តទៅជាពិសេសនៅ
អាស៊ីអាគ្នេយ៍។ ជាក់ស្តែង នៅខែមករាឆ្នាំ១៩៩៧ ជាលើកទីមួយបង្អស់
នាយករដ្ឋមន្ត្រីជប៉ុនសម័យនោះ គឺ Ryutaro Hashimoto
ស្នើអាស៊ានឲ្យបង្កើតជំនួបកំពូលមួយឆ្នាំម្តងរវាងអាស៊ាននិងជប៉ុន។
ប៉ុន្តែ កាលណោះអាស៊ានរារែក បារម្ភខ្លាចចិនអាក់អន់ចិត្ត។
នៅទីបំផុត អាស៊ានសម្រេចចិត្តអញ្ជើញជប៉ុន ចិន និង កូរ៉េខាងត្បូង
មកចូលរួមជាលើកទីមួយបង្អស់ក្នុងជំនួបកំពូលរបស់គេ នៅខែធ្នូ
ឆ្នាំ១៩៩៧ ។ គឺជាការផ្តើមចាប់បដិសន្ធិឡើងនៃអ្វី
ដែលគេឲ្យឈ្មោះថា«អាស៊ាន+៣»។ អាស៊ាន+៣
ត្រូវបានបង្កើតឡើងជាផ្លូវការ មួយឆ្នាំក្រោយមក
គឺនាឱកាសជំនួបកំពូលនៅហាណូយប្រទេសវៀតណាមក្នុងឆ្នាំ១៩៩៨
ពីព្រោះនៅឆ្នាំ១៩៩៨នោះ
ប្រទេសអាស៊ីមួយចំនួនជួបនឹងការប្រែប្រួលនយោបាយ។ នៅឥណ្ឌូណេស៊ី
របបផ្តាច់ការរបស់Suharto ដួលរលំ នៅម៉ាឡេស៊ី នាយករដ្ឋមន្ត្រីMahathir
ដកឧបនាយករដ្ឋមន្រ្តីAnwar ដែលក្លាយជាគូប្រជែងចេញពីតំណែង
នៅកូរ៉េខាងត្បូង Kim Dae Jung ជាប់ឆ្នោតជាប្រធានាធិបតី
នៅជប៉ុនRyutaro Hashimoto
ត្រូវបង្ខំចិត្តលាលែងពីតំណែងនាយករដ្ឋមន្រ្តី។
ការប្រែប្រួលនយោបាយទាំងអស់នេះ និងវិបត្តិហិរញ្ញវត្ថុអាស៊ី
បានតម្រូវឲ្យបង្កើតឡើងយ៉ាងលឿនរហ័ស ជំនួបកំពូលអាស៊ានបូក+៣ នេះឡើង
ដើម្បីជាឱកាសឲ្យថ្នាក់ដឹកនាំអាស៊ីផ្តោះប្តូរយោបល់
និងសាកល្បងរកដំណោះស្រាយ។
ការប្រជែងឥទ្ធិពលគ្នារវាងចិននិងជប៉ុនបានធ្លាយចេញហួសពីព្រំដែន
នៃទ្វីបអាស៊ី ហើយចូលទៅដល់វេទិកានៃអង្គការសហប្រជាជាតិ។
ជប៉ុនទាមទារចង់បានដូចចិនដែរ អាសនៈអចិន្ត្រៃយ៍មួយ
នៅក្នុងក្រុមប្រឹក្សាសន្តិសុខ
ហើយសុំឲ្យលុបបំបាត់ចោលមាត្រាទី៥៣នៃធម្មនុញ្ញអង្គការ
សហប្រជាជាតិ។ មាត្រាទី៥៣នេះ
ចាត់ទុកជប៉ុននិងអាល្លឺម៉ង់ដែលជាអ្នកបានបង្កសង្រ្គាមលោកលើកទី
ពីរថាជាប្រទេស«សត្រូវ»។ ក៏ប៉ុន្តែ ចិនដែលមានសិទ្ធិវេតូ
មិនព្រមឲ្យលុបមាត្រានេះចោល។ ចិនអះអាងថា
ជប៉ុនចង់សើរើប្រវត្តិសាស្រ្ត
ចង់វិលទៅរកអតីតកាលយោធានិយមរបស់ខ្លួនវិញ។ ដូចគ្នាអ៊ីចឹងដែរ
ចិនមិនព្រមឲ្យជប៉ុនក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិ។
នេះគឺមកពីចិនចង់រក្សាលក្ខន្តិកៈរបស់ខ្លួន
ជាមហាអំណាចនយោបាយតែមួយគត់នៅអាស៊ី៕
Wednesday, January 16, 2013
ចិន និងជប៉ុន ៖ ភ្នំមួយខ្លាពីរ

