ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តពិនិត្យមើលទៅលើស្ថានភាពភូមិសាស្រ្តនយោបាយរបស់ប្រទេសចិនតទៅទៀត។ នៅ
ដើមទសវត្សរ៍ទី៩០ អ្វីដែលធ្វើឲ្យថ្នាក់ដឹកនាំចិនបារម្ភខ្លាំង គឺ
មនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម
ដោយហេតុតែការប្រែប្រួលស្ថានភាពនៅតំបន់អាស៊ីកណ្តាល និងជាពិសេស
នៅប្រទេស អាហ្កហ្កានីស្តង់(Afghanistan)។
គឺនៅក្នុងបរិបទនេះហើយដែលទីក្រុងប៉េកាំងសម្រេចប្តូរយុទ្ធសាស្រ្ត
របស់ខ្លួន។
នៅដើមទសវត្សរ៍ទី៩០
ថ្នាក់ដឹកនាំចិនបានសម្រេចប្តូរយុទ្ធសាស្រ្តរបស់ខ្លួនជាថ្មីម្តង
ទៀត ពីព្រោះភូមិសាស្ត្រនយោបាយពិភពលោក
និងស្ថានភាពក្នុងប្រទេសចិនប្រែប្រួល។ នៅលើឆាកអន្តរជាតិ
បរិបទផ្លាស់ប្តូរ ដោយហេតុតែការរលាយបាត់ទៅនៃសហភាពសូវៀត
នៅថ្ងៃទី២៦ធ្នូឆ្នាំ១៩៩១។ នៅក្នុងប្រទេសចិនវិញ
មានការរំជើបរំជួលកើតឡើង នៅស៊ីងជាំង (Xinjiang)
ប៉ែកខាងលិចនៃប្រទេស។ នៅទីនោះ ពួកអ៊ុយហ្កួរ (Ouïgours)
ដែលជាអ្នកកាន់សាសនាអ៊ីស្លាម
នាំគ្នាទាមទារឯករាជ្យបង្កឃាតកម្មនិងភេរវកម្ម។
ហេតុអ្វីបានជាថ្នាក់ដឹកនាំចិនត្រូវបង្ខំចិត្តប្តូរយុទ្ធសាស្ត្រ
ក្រោយពេលដែលសហភាពសូវៀត រលាយ?
ការរលាយបាត់ទៅនៃសហភាពសូវៀតបានធ្វើឲ្យសាធារណរដ្ឋអាស៊ីកណ្តាល
ទាំងប្រាំ គឺ Kazakhstan Kirghizstan Ouzbékistan Tadjikistan និង
Turkménistan ក្លាយជារដ្ឋឯករាជ។ ក្រោយឆ្នាំ១៩៩១
អាស៊ីកណ្តាលលែងជាកម្មសិទ្ធរបស់រុស្ស៊ីទៀតហើយ
ជាហេតុធ្វើឲ្យចិនសម្លឹងឃើញប្រេងកាតដ៏ច្រើនសន្ធឹកសន្ធាប់របស់
តំបន់នេះ។ តាមពិត សូម្បីតែរុស្ស៊ីខ្លួនឯង សហរដ្ឋអាមេរិក និងឥណ្ឌា
ក៏សម្លឹងឃើញប្រយោជន៍នៃភូមិភាគអាស៊ីកណ្តាលនេះដែរ។
ម៉្យាងវិញទៀត
ចិនចាំបាច់ត្រូវតែយកចិត្តទុកដាក់ទៅលើតំបន់យុទ្ធសាស្ត្រមួយនេះ
ជាទីដែលប្រជាជនច្រើនលើសលប់ជាអ្នកកាន់សាសនាអ៊ីស្លាម
ពីព្រោះមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយមអាចធ្លាយចេញពីតំបន់អាស៊ី
កណ្តាលនេះ ហើយអាចឆ្លងចូលមកក្នុងខេត្តស៊ីងជាំងរបស់ចិន
ដែលជាប់ជិតបង្កើយនៅទីនោះ។
ប្រឈមមុខនឹងបរិបទថ្មីបែបនេះនៃពិភពលោក
ថ្នាក់ដឹកនាំចិនបានជ្រើសយកយុទ្ធសាស្ត្រពីរ
ដែលត្រូវអនុវត្តទន្ទឹមគ្នា។ នៅម្ខាង
ចិនត្រូវខ្នះខ្នែងបន្តរក្សាស្ថិរភាពនៅក្នុងតំបន់ជុំវិញខ្លួន
ដើម្បីឲ្យប្រទេសខ្លួនអាចបន្តបោះជំហាន
ទៅរកភាពរុងរឿងផ្នែកសេដ្ឋកិច្ចបាន។ នៅម្ខាងទៀត
ចិនត្រូវរកមធ្យោបាយទប់ទល់នឹងការគំរាមកំហែងនៃមនោគមវិជ្ជាអ៊ីស្លាម
ជ្រុលនិយម។ ដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់
ថ្នាក់ដឹកនាំចិនផ្តើមសម្រួលទំនាក់ទំនងទូត
ជាមួយប្រទេសអាស៊ីកណ្តាលទាំងប្រាំ ចាប់ពីខែមករាឆ្នាំ១៩៩២ទៅ។
ដោយឡែក ចាប់ពីឆ្នាំ១៩៩២ទៅដែរ
ចិននិងរុស្ស៊ីក៏ផ្តើមខិតចូលជិតគ្នា
ពីព្រោះប្រទេសទាំងពីរបារម្ភខ្លាំង នៅចំពោះមុខពួកតាលីបង់ (Taliban)
ដែលជាពួកឆ្គួតលីលានឹងមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម
និងដែលកំពុងវាយក្តោបក្តាប់យកប្រទេសអាហ្កហ្កានីស្តង់ (Afghanistan)។
នៅខែកញ្ញាឆ្នាំ១៩៩៦ ពួកតាលីបង់ចូលកាន់កាប់ទីក្រុងKaboul
ជាហេតុជំរុញចិននិងរុស្ស៊ីឲ្យរួបរួមគ្នា
ដើម្បីទប់ស្កាត់កុំឲ្យឥទ្ធិពលអ៊ីស្លាមជ្រុលនិយមធ្លាយចេញពី
អាហ្កហ្កានីស្តង់ចូលមកក្នុងតំបន់អាស៊ីកណ្តាល។ ក្នុងន័យនេះ
នៅឆ្នាំ១៩៩៦ ចិនរុស្ស៊ី Kazakhstan, Kirghizstan និងTadjikistan
បានបង្កើតក្រុមសៀងហៃ«Groupe de Shanghai»។ អង្គការនេះ ដែលក្រោយមក
គឺនៅឆ្នាំ២០០១ Ouzbékistan សូមចូលជាសមាជិកដែរនោះ មានគោលដៅពីរ។
ទីមួយគឺប្រយុទ្ធទប់ទល់នឹងភេរវកម្ម
និងទីពីរគឺពួតដៃគ្នាទប់ស្កាត់កុំឲ្យសហរដ្ឋអាមេរិកអុងអាត់តែ
ឯកឯងពេក នៅលើឆាកអន្តរជាតិ។
សម្រេចសម្រួចទៅ ពេញមួយទសវត្សរ៍ទី៩០
ចិនមិនត្រឹមតែរក្សាស្ថិរភាពបានល្អ
នៅក្នុងតំបន់ជុំវិញប្រទេសខ្លួនប៉ុណ្ណោះទេ លើសពីនេះទៅទៀត
ចិនបានឆ្លៀតប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែន
ជាមួយបណ្តាប្រទេសជិតខាង។ គោលដៅ
គឺធានាឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសបន្តមានសន្ទុះទៅមុខ។
អ៊ីចឹងហើយបានជា ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៩
ថ្នាក់ដឹកនាំចិនបានធ្វើកិច្ចចរចាព្រំដែនជាមួយរុស្ស៊ី Kazakhstan,
Kirghizstan, Vietnam និងក្រោយមកទៀតជាមួយឥណ្ឌា។
ដំណោះស្រាយព្រំដែនទាំងអស់នេះ បានអនុញ្ញាតឲ្យពាណិជ្ជកម្មកើនសន្ទុះ
នៅតាមបណ្តោយតំបន់ព្រំប្រទល់ និងបានអនុញ្ញាតឲ្យប្រជាជន
ដែលរស់នៅទីនោះផ្តើមស្គាល់សេដ្ឋកិច្ចទីផ្សារ
ស្របទៅតាមមហិច្ឆតារបស់តេង សៀវប៉េង។ ក៏ប៉ុន្តែ នៅចុងទសវត្សរ៍ទី៩០
ថ្នាក់ដឹកនាំចិនមើលឃើញការគំរាមកំហែងមួយថ្មី
នោះគឺឥរិយាបទអុងអាត់របស់សហរដ្ឋអាមេរិក នៅលើឆាកអន្តរជាតិ៕
Wednesday, January 16, 2013
ឆ្នាំ១៩៩១៖ចិនប្តូរយុទ្ធសាស្ត្រជាថ្មីលើកនេះគឺដើម្បីទប់ទល់នឹងភេរវកម្មអ៊ីស្លាមជ្រុលនិយម

