នៅចំពោះមុខគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃសុក្រនេះ លោកជឿង
តាន់ សាង (Truong Tan Sang) ប្រធានាធិបតីវៀតណាម បានថ្លែងថា
ការចរចារហូតឈានដល់ការចុះកិច្ចព្រមព្រៀង នៅក្រុងប៉ារីស
កាលពីថ្ងៃទី២៧ មករា ឆ្នាំ១៩៧៣នេះ គឺជាការចរចាដ៏វែង
និងដ៏សែនពិបាកមួយ ក្នុងវិស័យការទូតវៀតណាម។ ក៏ប៉ុន្តែ
កិច្ចព្រមព្រៀងនេះ គឺជាជោគជ័យផ្នែកការទូតដ៏ធំធេងមួយរបស់វៀតណាម
ទល់នឹងមហាអំណាចអាមេរិក។
គួររំឭកឡើងវិញថា ការចរចាបញ្ចប់សង្រ្គាមអាមេរិក-វៀតណាម
បានចាប់ផ្តើមបើកធ្វើ នៅក្រុងប៉ារីស កាលពីខែឧសភា ឆ្នាំ១៩៦៨
ដោយអាមេរិករំពឹងថានឹងអាចចុះកិច្ចព្រមព្រៀងបានឆាប់ៗ។ ក៏ប៉ុន្តែ
ការចរចានេះត្រូវបានអូសបន្លាយពេលរហូតដល់ទៅ ៥ឆ្នាំ
ដោយនៅក្នុងអំឡុងពេលនេះ សង្រ្គាមវៀតណាមនៅតែបន្តរាលដាលកាន់តែខ្លាំង
ដោយភាគីទាំងពីរ គឺម្ខាងវៀតណាមខាងជើង និងម្ខាងទៀតអាមេរិក
និងវៀតណាមខាងត្បូង ដាក់ចេញនូវយុទ្ធសាស្រ្ត “វ៉ៃផង ចរចាផង”
ដើម្បីយកកម្លាំងនៅលើសមរភូមិមកធ្វើជាសម្ពាធលើតុចរចា។
ប៉ុន្តែ ការអូសបន្លាយពេលចរចានេះ បានជាប្រយោជន៍ដល់វៀតណាមខាងជើង
ជាងអាមេរិក
ដែលចលនាប្រជាជនអាមេរិកបានងើបឡើងប្រឆាំងនឹងសង្រ្គាមនៅវៀតណាមកាន់តែ
ខ្លាំងឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ
ធ្វើឲ្យអាមេរិកត្រូវបង្ខំចិត្តកាត់បន្ថយចំនួនទ័ពនៅវៀតណាម។
នៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ភាគីទាំងបី គឺវៀតណាមខាងជើង
វៀតណាមខាងត្បូង និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាលើបទឈប់បាញ់
ដោយអាមេរិកសន្យាដកកងទ័ពចេញពីវៀតណាម ក្នុងរយៈពេល ៦០ថ្ងៃ
ហើយវៀតណាមខាងជើងសន្យាដោះលែងឈ្លើយសឹកអាមេរិកទាំងអស់។ វៀតណាមខាងជើង
និងវៀតណាមខាងត្បូងក៏បានព្រមព្រៀងគ្នាដែរថា
នឹងជជែកគ្នារកវិធីបង្រួបបង្រួមគ្នាវិញ ដោយសន្តិវិធី។
នៅឆ្នាំ១៩៧៣នោះ លោក Henry Kissinger រដ្ឋមន្រ្តីការបរទេសអាមេរិក
និងលោកឡេ ឌឹក ថូ (Le Duc Tho)
សមាជិកគណៈអចិន្រ្តៃយ៍បក្សកុម្មុយនិស្តវៀតណាម ដែលជាតួអង្គសំខាន់
ក្នុងការចរចាក្រុងប៉ារីស
ត្រូវបានគេសម្រេចប្រគល់រង្វាន់ណូបែលសន្តិភាព។ ក៏ប៉ុន្តែ លោកឡេ
ឌឹក ថូ បានបដិសេធមិនទទួលរង្វាន់ណូបែលសន្តិភាពនេះ ដោយអះអាងថា
ប្រទេសរបស់លោកមិនទាន់ទទួលបានសន្តិភាពពេញលេញនៅឡើយ។
ក្រោយមក វៀតណាមខាងជើងក៏បានរំលោភលើកិច្ចព្រមព្រៀងក្រុងប៉ារីស
ហើយបើកការវាយលុកទៅលើវៀតណាមខាងត្បូង
រហូតដណ្តើមកាន់កាប់បានក្រុងសៃហ្កន (ព្រៃនគរ) នៅខែមេសា ឆ្នាំ១៩៧៥។
គិតជាសរុប សង្រ្គាមវៀតណាម (ឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥)
បានបណ្តាលឲ្យទាហានអាមេរិកស្លាប់ជិត ៦ម៉ឺននាក់។ ចំណែកវៀតណាមវិញ
សង្រ្គាម ២០ឆ្នាំនេះបានសម្លាប់មនុស្សប្រមាណជា ៣លាននាក់
ទាំងវៀតណាមខាងជើង និងវៀតណាមខាង៕
Saturday, January 26, 2013
វៀតណាមប្រាព្ធខួប៤០ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីសបញ្ចប់សង្រ្គាមជាមួយអាមេរិក

