នៅ
ឆ្នាំ២០០១ អ្វីដែលធ្វើឲ្យថ្នាក់ដឹកនាំចិនបារម្ភខ្លាំង
គឺជំហររបស់សហរដ្ឋអាមេរិកដែលឋិតនៅក្រោមការគ្រប់គ្រងរបស់George
Bush កូន។ Bushកូន ចាត់ទុកចិនថាជាគូប្រជែងយុទ្ធសាស្រ្ត
និងប្រកាន់ជំហរឯកតោភាគីនិយមជ្រុលពេក នៅលើឆាកអន្តរជាតិ។ អ៊ីចឹងហើយ
បានជាថ្នាក់ដឹកនាំចិនសម្រេចផ្លាស់ប្តូរយុទ្ធសាស្រ្តម្តងទៀត។
នៅខែកញ្ញាឆ្នាំ២០០១
ថ្នាក់ដឹកនាំចិនត្រូវបង្ខំចិត្តផ្លាស់ប្តូរយុទ្ធសាស្ត្រម្តងទៀត
ដោយហេតុតែព្រឹត្តិការណ៍ពីរសំខាន់ៗ។ ព្រឹត្តិការណ៍ទីមួយ គឺGeorge
Bushកូនឡើងធ្វើជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។
រីឯព្រឹត្តិការណ៍ទីពីរ គឺមហាភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១
ដែលបានធ្វើឲ្យអាមេរិកតក់ស្លុតខ្លាំង។
នៅពេលដែលប្រជាជាតិអាមេរិកកំពុងភ័យតក់ស្លុត George Bushកូន
និងពួកទីប្រឹក្សាអភិរក្សនិយមដែលនៅជុំវិញលោក
បានសម្រេចធ្វើសង្គ្រាម នៅអាហ្វហ្កានីស្តង់(Afghanistan)។
កងទ័ពអាមេរិក១៧០០០នាក់
និងកងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(OTAN)៥០០០នាក់
ចូលវាយរំលំរបបតាលីបង់នៅKaboulដែលជួយលាក់ខ្លួននិងការពារBen
Laden មេដឹកនាំអង្គការភេរវកម្មអន្តរជាតិAl-Qaïda។
សង្គ្រាមអាហ្វហ្កានីស្តង់ធ្វើឲ្យចិនសប្បាយចិត្តផងនិងបារម្ភផង។
ចិនសប្បាយចិត្ត ពីព្រោះរបបតាលីបង់អ៊ីស្លាមនិយមជ្រុលបានរលាយ។
ចិនបារម្ភ ពីព្រោះតាមរយៈសង្គ្រាមអាហ្វហ្កានីស្តង់
កងទ័ពអាមេរិកបានឆ្លៀតចូលមកដល់អាស៊ីកណ្តាល
ដែលជាតំបន់ជាប់ជិតបង្កើយនឹងប្រទេសខ្លួន។ ជាក់ស្តែង
ដើម្បីធ្វើសង្គ្រាមនៅអាហ្វហ្កានីស្តង់
សហរដ្ឋអាមេរិកបានដាក់ទាហាននៅមូលដ្ឋានQarshi Hanabad
ក្នុងប្រទេសOuzbekistan និង នៅមូលដ្ឋានManasប្រទេសKirghizstan។
ថ្នាក់ដឹកនាំចិនយល់ឃើញថាអាមេរិកបានយកសង្គ្រាមប្រឆាំងភេរវកកម្មមក
ធ្វើជាលេសដើម្បីចូលមកកៀកប្រទេសខ្លួន
និងផ្តើមធ្វើការឡោមព័ទ្ធប្រទេសខ្លួន។ ម្ល៉ោះហើយ
បានជានៅឆ្នាំ២០០១នោះ
ថ្នាក់ដឹកនាំចិនសម្រេចបង្កើនថវិកាយោធាចំនួន១៧,៧%
ជាហេតុធ្វើឲ្យកញ្ចប់ប្រាក់នៃក្រសួងការពារជាតិឡើងដល់ទៅ១៧០០០
លានដុល្លារ។ ហើយតាំងពីឆ្នាំ២០០១នោះមក
កញ្ចប់ថវិកាយោធារបស់ប្រទេសចិនកើនឡើងជាលំដាប់
ដើម្បីទប់ទល់នឹងការគំរាមកំហែងជាយថាហេតុពីសំណាក់អាមេរិក។
គ្រោះថ្នាក់បង្កឡើងដោយអាមេរិក
មិនមែនអាចត្រឹមតែលេចចេញមកតាមច្រកអាស៊ីកណ្តាលតែប៉ុណ្ណោះទេ។
វាក៏អាចចេញមកតាមច្រកអាស៊ីបូព៌ាដែរ
ពីព្រោះនៅខ្ទង់ឆ្នាំ២០០១-២០០២ ប្រមុខរដ្ឋអាមេរិកGeorge Bush
ផ្តើមនិយាយឡើងវិញពីផែនការសាងសង់ខែលមីស្ស៊ីលប្រឆាំងមីស្ស៊ីល។
Bushថែមទាំងប្រាប់ឲ្យដឹងថាចង់ពង្រីកខែលមីស្ស៊ីលនេះ
ទៅដល់ជប៉ុននិងតៃវ៉ាន់
ដើម្បីជួយការពារដែនដីទាំងពីរនេះឲ្យរួចផុតពីការវាយប្រហារ
ជាយថាហេតុពីសំណាក់ប្រទេសចិន។
អ៊ីចឹងហើយបានជាចិនបារម្ភ។
ពីព្រោះបើសិនជាអាមេរិកពិតជាចង់ដាក់តៃវ៉ាន់
នៅក្រោមកិច្ចការពាររបស់ខ្លួនមែន
នោះថ្នាក់ដឹកនាំតៃវ៉ាន់នឹងកក់ក្តៅក្នុងចិត្តជាងមុន
រហូតដល់អាចហ៊ានប្រកាសឯករាជ្យនៃកោះនេះ នៅថ្ងៃណាមួយមិនខានឡើយ។
ទន្ទឹមជាមួយគ្នានេះដែរ ចិនក៏បារម្ភមិនតិចដែរ នៅចំពោះមុខជប៉ុន
ជាពិសេសតាំងពីJunichiro Koizumi
ឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០១មក។ ពីព្រោះ
ចំពោះថ្នាក់ដឹកនាំចិន Koizumi ជាអ្នកជាតិនិយមជ្រុល
មាននិន្នាការផ្អៀងទៅខាងសហរដ្ឋអាមេរិកខ្លាំងពេក។ និយាយបែបផ្សេង
ចិនខ្លាចជប៉ុនរបស់Koizumi ប្រកាន់ជំហរយោធានិយម ដូចកាលពីអតីតកាល
និងខ្លាចជប៉ុនមានមហិច្ឆតាចង់ក្លាយជាមហាអំណាចនុយក្លេអ៊ែរ។
ក្រៅពីពង្រឹងប្រព័ន្ធការពារជាតិ
ថ្នាក់ដឹកនាំចិនក៏ប្រឹងប្រែងបង្កើនសកម្មភាពទូត នៅអាស៊ីបូព៌ាដែរ។
នេះគឺដើម្បីទប់ស្កាត់កុំឲ្យអាមេរិករកលេស ចូលមកបង្កបញ្ហា
នៅក្នុងតំបន់នេះបាន។ ជាក់ស្តែង ចាប់ពីខែមករាឆ្នាំ២០០៣ទៅ
គឺក្រោយពីកូរ៉េខាងជើងបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាមិនសាយភាយ
អាវុធនុយក្លេអ៊ែរ
ចិនក៏ចេញមុខដោះស្រាយវិបត្តិនុយក្លេអ៊ែររបស់កូរ៉េកុម្មុយនិស្ត
តាមរយៈអ្វីដែលគេហៅថាកិច្ចចរចាប្រាំមួយប្រទេស គឺសហរដ្ឋអាមេរិក
រុស្ស៊ី ចិន ជប៉ុន និងកូរ៉េទាំងពីរ។
ថ្នាក់ដឹកនាំចិនពិតជាមានឆន្ទៈបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំឲ្យផលិត
គ្រាប់បែកបរមាណូ។
នេះគឺដើម្បីកុំឲ្យអាមេរិកមានលេសចូលមកបង្ករឿងនៅឧបទ្វីប
កូរ៉េបាន និងកុំឲ្យជប៉ុនមានលេសចង់ផលិតអាវុធ
នុយក្លេអ៊ែរនឹងគេដែរ។
ទន្ទឹមជាមួយគ្នានេះ
យុទ្ធសាស្ត្រទូតរបស់ចិនក៏ដៅទៅរកការទាញកូរ៉េខាងត្បូងឲ្យឃ្លាត
ចេញបន្តិចម្តងៗពីសហរដ្ឋអាមេរិកដែរ។
ចូរកុំភ្លេចថាតាំងពីចប់សង្គ្រាមកូរ៉េ នៅឆ្នាំ១៩៥៣មក
ចិនមិនពេញចិត្តនឹងវត្តមានទាហានអាមេរិកនៅកូរ៉េខាងត្បូងទេ
ហើយប៉ងចង់កំចាត់ឥទ្ធិពលនយោបាយនិងយោធារបស់អាមេរិកឲ្យអស់ពី
ឧបទ្វីបកូរ៉េ៕
Wednesday, January 16, 2013
ឆ្នាំ២០០១ចិនប្តូរយុទ្ធសាស្រ្តជាលើកទី៣ លើកនេះដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក

