ថ្ងៃ
នេះ Jean-François TAIN
សូមបន្តលើកឡើងអំពីភូមិសាស្ត្រនយោបាយនៃភូមិភាគដើមបូព៌ា
ដោយផ្តើមសិក្សាលម្អិត ទៅលើនយោបាយអាមេរិកាំង នៅក្នុងតំបន់នេះ
តាំងពីព្រឹត្តិការណ៍ថ្ងៃទី១១កញ្ញាឆ្នាំ២០០១មក។
កាលពីសប្តាហ៍មុន Jean-François
បានលាតត្រដាងឲ្យឃើញនូវមហារីកធំៗទាំងបួនដែលបាននិងកំពុងបន្ត
រាតត្បាត ភូមិភាគដើមបូព៌ា នោះគឺជម្លោះរ៉ាំរ៉ៃរវាងIsraëlនិងPalestine
អស្ថិរភាពនៅIrak ស្ថានភាពមិនជាក់លាក់ នៅAfghanistan
និងកម្មវិធីនុយក្លេអ៊ែររបស់Iran។
ទាំងនេះសុទ្ធសឹងជាផលវិបាកនៃនយោបាយអាមេរិកាំងនៅក្នុងតំបន់នេះ
នារយៈពេលជិត១០ឆ្នាំចុងក្រោយនេះ។
ក្រោយពីសង្គ្រាមត្រជាក់បានរលត់រលាយទៅ
សហរដ្ឋអាមេរិកបានសើរើពិនិត្យមើលឡើងវិញទាំងស្រុង
យុទ្ធសាស្រ្តភូមិសាស្ត្រនយោបាយរបស់ខ្លួន។
គោលដៅរបស់ទីក្រុងWashington គឺធ្វើយ៉ាងណាឲ្យអាមេរិក
នៅតែជាមហាអំណាចខ្លាំងផ្តាច់មុខតែឯង នៅក្នុងពិភពលោក
យូរលង់តទៅអនាគត។
នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តថ្មីនេះ
ភូមិភាគដើមបូព៌ាជាអាទិភាពមួយធំជាងគេបង្អស់
សម្រាប់រដ្ឋការអាមេរិកាំងជាបន្តបន្ទាប់។ ជាក់ស្តែង
គឺនៅក្នុងភូមិភាគដើមបូព៌ានេះឯង
ដែលកាលសម័យសង្គ្រាមឈូងសមុទ្រPerse ឆ្នាំ១៩៩០-១៩៩១
អាមេរិកបានអនុវត្តជាលើកទីមួយបង្អស់សិទ្ធិរបស់ខ្លួន
ក្នុងនាមជានគរបាលពិភពលោក។ កាលណោះ
អាមេរិកដែលដឹកនាំកងទ័ពពហុជាតិមួយ បានវាយប្រហារទៅលើប្រទេសIrak
ពីព្រោះIrak បានឈ្លានពាននិងចូលកាន់កាប់ប្រទេសKoweït។
ស្ថានភាពបច្ចុប្បន្ននៅភូមិភាគដើមបូព៌ា
ជាផលវិបាកប្រកែកមិនបាននៃនយោបាយរបស់រដ្ឋការលោកBush
ក្រោយពីមានព្រឹត្តិការណ៍ថ្ងៃទី១១កញ្ញាឆ្នាំ២០០១។
ក្រៅពីសង្គ្រាមនៅAfghanistan ក្នុងឆ្នាំ២០០១ ដើម្បីរំលំរបបពួកTaliban ដែលការពារ
Ben Laden មេកើយរបស់Al-Qaïda នយោបាយរបស់រដ្ឋការBush នៅភូមិភាគដើមបូព៌ាមាន
គោលដៅ៥សំខាន់ៗ។ ទី១ គឺទប់ស្កាត់កុំឲ្យជម្លោះរវាងIsraël និងPalestine ក្លាយជាសង្គ្រាម
ធំ រហូតដល់អាចរីករាលដាលពាសពេញតំបន់។ ទី២
គឺគាបសង្កត់ទៅលើប្រទេសណាដែលមានមហិច្ឆតាចង់បង្កើតអាវុធប្រល័យ
លោក។ ទី៣ គឺពង្រឹងការតស៊ូប្រឆាំងនឹងពួកភេរវជន។ ត្រង់នេះ
រដ្ឋការលោកBush បានចាត់ទុក អង្គការរំដោះPalestine OLP
ក៏ដូចចលនាHamasនៅក្នុងដែនដីកាន់កាប់ និងក៏ដូចចលនាHezbollah
នៅប្រទេសLiban
ថាជាចលនាភេរវកម្មឬជាចលនាដែលមានទំនាក់ទំនងជាមួយពួកភេរវជន។
គោលដៅទី៤ នៃនយោបាយរបស់រដ្ឋការលោកBush នៅក្នុងភូមិភាគដើមបូព៌ា
គឺរំលំរបបរបស់ Saddam Hussein នៅIrak និងរំលំរបបរបស់ពួកAyatollah
នៅIran។ រីឯគោលដៅទី៥
គឺពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តនៅក្នុងតំបន់
ពិសេសជាមួយប្រទេសIsraël និងប្រទេសTurquie។
ទិសដៅធំៗទាំង៥ ត្រូវបានកំណត់ដោយវិជ្ជាស្ថាន Washington Institute
for Near East Policy
នៅក្នុងរបាយការណ៍មួយសម្រាប់លោកប្រធានាធិបតីអាមេរិកាំងBush
ចុះនៅខែមករាឆ្នាំ២០០១ ពោលគឺ៨ខែមុនមហាភេរវកម្មថ្ងៃទី១១កញ្ញា
ឆ្នាំ២០០១។
*
មែនទែនទៅ របាយការណ៍របស់Washington Institute for Near East Policy
របាយការណ៍ដែលបានទៅដល់ដៃរបស់លោកBush នៅខែមករាឆ្នាំ២០០១
មិនបានលើកឡើងសោះឡើយ អំពីសារៈសំខាន់នៃប្រេងកាត
នៅក្នុងភូមិភាគដើមបូព៌ា។ ក៏ប៉ុន្តែ អ្នកណាក៏ដឹងដែរថា
ប្រេងកាតជាកត្តាមួយសំខាន់ដែលបានជម្រុញរដ្ឋការលោកBush
ឲ្យចាត់ទុកដើមបូព៌ា ថាជាតំបន់អាទិភាព។
ភូមិភាគដើមបូព៌ាជាមហាអណ្តូងប្រេងកាតរបស់ពិភពលោក។
គ្រាន់តែតំបន់ឈូងសមុទ្រPerse តែមួយ មានផ្ទុកប្រេងកាតរហូតទៅដល់៦៦
០០០០លាន baril
ពោលគឺប្រមាណ៦៥%នៃបរិមាណប្រេងកាតទាំងស្រុងដែលគេបានរកឃើញ
នៅក្នុងពិភពលោកសព្វថ្ងៃ។ លើសពីនេះទៅទៀត
ភូមិភាគដើមបូព៌ានៅជាប់នឹងតំបន់សមុទ្រCaspienne
ដែលក៏សម្បូណ៌ទៅដោយប្រេងកាតដែរ។
យ៉ាងណាក៏ដោយ មហាភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១ បានជំរុញរដ្ឋការលោកBush ឲ្យ
ប្រញាប់ផ្លាស់ប្តូរតួនាទីរបស់អាមេរិកនៅក្នុងភូមិភាគដើមបូព៌ា ពីនគរបាលពិភពលោក ទៅជាវិស្វករនយោបាយពិភពលោក។
ដូចដែលយើងបានលើកឡើងខាងលើរួចហើយថា អាមេរិករបស់លោកBushឪពុក
បានដើរតួនាទីជានគរបាលពិភពលោក នៅសម័យសង្គ្រាមឈូងសមុទ្រPerse
ឆ្នាំ១៩៩០-១៩៩១។ កាលណោះ កងទ័ពអាមេរិកាំងបានរុញច្រានទ័ពរបស់Irak
ចេញពីប្រទេសKoweït តែមិនបានចូលទៅដល់ទីក្រុងBagdad
ដើម្បីរំលំរបបរបស់Saddam Husseinទេ។
១០ឆ្នាំក្រោយមក អាមេរិករបស់លោកBushកូន
បានចេញមុខដើរតួនាទីជាវិស្វករនយោបាយពិភពលោក។ បានន័យថា
ចំពោះលោកBushកូន អាមេរិកត្រូវហ៊ានប្រើគ្រប់មធ្យោបាយ
រួមទាំងមធ្យោបាយសឹកផង
ដើម្បីធ្វើឲ្យរលកប្រជាធិបតេយ្យគ្របដណ្តប់ទៅលើទូទាំងពិភពលោក
ពិសេសទៅលើភូមិភាគដើមបូព៌ា។ និយាយរួម រដ្ឋការលោកBushមានជំនឿថា
ដើម្បីសន្តិភាពនៅដើមបូព៌ា
គេត្រូវគាស់រម្លើងរបបផ្តាច់ការនៅក្នុងតំបន់ ហើយរបបរបស់Saddam
Hussein នៅIrak គឺជាអំណាចដែលអាមេរិកត្រូវផ្តួលរំលំមុនគេ។
នៅសប្តាហ៍កក្រោយ
ខ្ញុំនឹងលើកឡើងអំពីមហិច្ឆតារបស់រដ្ឋការលោកBush ក្នុងការធ្វើឲ្យមានលំនឹង
ភូមិសាស្រ្តនយោបាយនៅភូមិភាគដើមបូព៌ា តាមរយៈសង្គ្រាមនៅIrak។
Wednesday, January 16, 2013
អាមេរិកនៅដើមបូព៌ា៖ពីនគរបាលពិភពលោកមកជាវិស្វករនយោបាយពិភពលោក

