Monday, January 21, 2013

លំ​ហាត់ប្រាណ​5​ប្រ​ភេទ​ជួយ​​ឱ្យ​សុខ​ភាព​បេះ​ដូង​​​​ដើរ​បាន​ល្អ​ប្រសើរ​

គ្រាន់​តែ​ចង់​ធ្វើ​ឱ្យ​សុខ​ភាព​បេះ​ដូង​បាន​ល្អ​ប្រ​ សើរ អស់​លោក​អ្នក​មិន​ចាំ​បាច់​ក្លាយ​ខ្លួន​ជា​អត្ត​ពលិក​ម្នាក់​​ទេ​ ។ ការ​ហាត់​ប្រាណ​ត្រឹម​កម្រិត​មធ្យម​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ ជំ​ងឺ​បេះ​ដូង​ និង​ជំ​ងឺ​ផ្សេង​ៗ​ទៀត​បាន​យ៉ាង​ច្រើន​ ។​ ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ប្រ​ភេទ​ណា​មួយ​ និង​កម្រិត​ណា​មួយ​គឺ​សុទ្ធ​តែ​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​ជា​ទូ​ទៅ ។ ខាង​ក្រោម​នេះ​ជា​លំ​ហាត់​ប្រាណ​៥​ប្រ​ភេទ​ដែល​អ្នក​ជំ​នាញ​អះ​អាង​ថា ផ្តល់​អត្ថ​ប្រ​យោជន៍​ច្រើន​​ដល់​បេះ​ដូង ៖
១- ដើរ​ញាប់យ៉ាង​តិច​២២​នា​ទី​ក្នុង​មួយ​ថ្ងៃ៖


ពិត ​ណាស់​ មនុស្ស​លោក​កើត​មក​ត្រូវ​តែ​ចេះ​ដើរ ។ មិន​ថា​ជា​អ្នក​ធ្វើ​ដំណើរ​នៅ​លើផ្លូវ​ ឬ​នៅ​កន្លែង​ណា​មួយ​ទេ ការ​ដើរ​ញាប់​ក្នុង​ដំណើរ​ប្រ​ញាប់​ប្រ​ញាល់​គឺ​ជា​មធ្យោ​បាន​ពី​ធម្ម​ជាតិ​ មួយ​ធ្វើឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​រាង​កាយ ។
ចូរ​ជ្រើស​យក​ស្បែក​ជើង ​ស​ម​រម្យ​ដែលផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រ​អប់​ជើង​របស់​អ្នក ។ បើ​ទោះ​ណា​មាន​មតិ​ខ្លះ​យល់​ថា ការ​ដើរ​របៀប​លំ​ហែ​ប្រ​សើរ​ជាង​ការ​អង្គុយ​មួយ​កន្លែង​ក្តី ប៉ុន្តែ​ដើម្បី​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ ជា​ពិ​សេស​ធ្វើ​ឱ្យ​រាង​កាយ​មាន​សកម្ម​ភាព​មធ្យម​ អ្នក​គួរ​ដើរ​ឱ្យ​បាន​លឿន ។​
២- រត់​យ៉ាង​តិច​១៥​នា​ទី ចំនួន​៥ថ្ងៃ​ក្នុង​១សប្តាហ៍ ៖
បើ ​ទោះ​ណា​វា​ពិ​បាក​ជាង​ការ​ដើរ ប៉ុន្តែ​ការរត់​គឺ​ជាសកម្ម​ភាព​រាង​កាយ​ផ្តល់​អត្ថ​ប្រយោជន៍​​ដល់​បេះ​ដូង​ មួយ​ផ្សេង​ទៀត​ដែល​គ្រប់​រាង​កាយ​មនុស្ស​ទទួល​យក​បាន ។​ បន្ថែម​ពី​លើ​នេះ​ទៀត វា​ជា​មធ្យោ​បាយ​ល្អ​មួយ​ជួយ​ដុត​បំផ្លាញ​កាឡូរី​( បើ​អ្នក​មាន​ជាង​៧០​គី​ឡូ​ក្រាម​រត់​ចម្ងាយ​១គីឡូ​ម៉ែត្រ​កន្លះ​អាច​ដុត​បំ​ ផ្លាញ​កាឡូ​រី​បាន​១០០) ។​ 
ចូរ​ដើរ​ញាប់​សិន​ ហើយ​បន្ទាប់​មក​រត់​១ទៅ​២​នា​ទី​រៀង​រាល់​ការ​ដើរ​ញាប់​៥​នា​ទី (សម្រាប់​​​​អ្នក​ទើប​ចាប់​ផ្តើម​រត់​ដំ​បូង) ។​ នៅ​ពេល​ស៊ាំ​​នឹង​ការ​ហត់​ហើយ អ្នក​អាច​បង្កើន​នា​ទី​រត់​រហូត​មិន​ចាំ​បាច់​ឈប់​ដើរ ។
៣- ហែល​ទឹក ៖
​អាង​ហែល​ទឹក​អាច​ ជា​ទី​កន្លែ​ង​ដ៏​ល្អ​មួយ​ជួយ​ដល់​សុខ​ភាព​អ្នក​ ។ វា​មិន​ត្រឹម​តែ​ជួយ​ឱ្យ​សុខ​ភាព​បេះ​ដូង​បាន​ល្អ​ទេ តែ​ថែម​ទាំង​ជួយ​ឱ្យ​ចង្វាក់​បេះ​ដូង​ដើរ​ទៀង​ទាត់​ទៀត​ផង ។ បន្ថែម​ពី​នេះ​ទៀត ជួយ​កែ​លំ​អ​កម្លាំង​សាច់​ដុំ ហើយ​វា​រឹតតែ​ល្អ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​សន្លាក់​មិន​អាច​ហាត់​ប្រាណ​ រត់​ ឬ​ដើរ​បាន ។
៤- ជិះ​កង់ ៖
វា​ជា​ប្រ​ភេទ​លំ​ ហាត់​ប្រាណ​ដែល​អ្នក​អាច​ធ្វើ​លើ​ផ្លូវ​ថ្នល់ ឬ​នៅ​ក្នុង​ក្លឹប​ ។ ក្រៅ​ពី​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​បេះ​ដូង ជិះ​កង់​មិន​បាន​ផ្តល់​ផល​អា​ក្រក់​ដល់​សន្លាក់​នោះ​ទេ ។​ វា​ជា​លំ​ហាត់​ប្រាណ​សម​រម្យ​សម្រាប់​អ្នក​មិន​សូវ​មាន​ពេល​ទំនេរ​ដ្បិត​ការ ​ជិះ​កង់​ចេញ​ពី​កន្លែង​ធ្វើ​ការ​ទៅ​​ផ្ទះ​អាច​ចាត់​ទុក​ជា​ការ​ហាត់​ប្រាណ​ បាន ។​
៥- ធ្វើ​លំ​ហាត់​ប្រាណអ៊ែរ៉ូ​ប៊ិក ៖
​ លំ​ហាត់​ប្រាណ​នេះ​(​ភាគ​ច្រើន​សម្រាប់​មនុស្ស​ស្រី​)​ក្រៅ​ពី​ជួយ​ធ្វើ​ឱ្យ ​សុខ​ភាព​បេះ​ដូង​របស់​អ្នក​​បាន​ល្អ​ប្រ​សើរ​ វា​ក៏​អាច​ជួយ​ឱ្យ​សាច់​ដុំ​មាន​កម្លាំង​មាំ​មួន​ផង​ដែរ ។ ប៉ុន្តែ​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន​សិន​ដើម្បី​ធ្វើឱ្យ​ប្រា​កដ​ ថា លំ​ហាត់​មួយ​ណា​សម​រម្យ​នឹង​អា​យុ​ លក្ខខណ្ឌ​សុខ​ភាព​រាង​កាយ​របស់​អ្នក ៕   

​សំ​ឡឹង​មើល​ដើម​ទ្រូង​ស្ត្រី​ជួយ​បង្កើន​សុខ​ភាព​បេះ​ដូង​និង​អា​យុ​បុ​រស​បាន​5​ឆ្នាំ​

តាម​ការ​សិក្សា​មួយ​របស់​អា​ល្លឺ​ម៉ង់​បាន​អះ​អាង​ថា ដើម​ទ្រូង​ដ៏​ទ្រលុក​ទ្រ​លន់​មួយ​គូ​របស់​ស្ត្រី​គឺ​ជា​ឱសថ​យ៉ាង​ស័ក្តិ​ សិទ្ធិជួយ​ព្យា​បាល​ជំ​ងឺ​​បុរស​បាន ។ ​ការ​សិក្សា​បាន​រក​ឃើញ​ថា បណ្តា​បុ​រស​ដែល​សំ​ឡឹង​មើល​ដើម​ទ្រូង​ស្ត្រី​ជា​ប្រ​ចាំ​ សម្ពាធ​ឈាម​ថយ​ចុះ​​ចង្វាក់​បេះ​ដូង​ក៏​ថយ​ចុះ ​ហើយ​កាត់​បន្ថយ​​បាន​នូវ​ការ​កើត​ជំ​ងឺ​បេះ​ដូង ។
វេជ្ជ​បណ្ឌិត Karen Weatherbyអ្នក​និ​ពន្ធ​អត្ថ​បទ​សិក្សា​បញ្ជាក់​ថា សំឡឹង​មើល​ដើម​ទ្រូង​ស្ត្រី​គឺ​ពិត​ជា​សកម្ម​ភាព​ប្រ​កប​ដោយ​សុខ​ភាព​ដែល​ អាច​ប្រ​កួត​ប្រ​ជែងជា​មួយ​​ការ​ហាត់​ប្រាណ​បាន ។ ​ក្រៅ​ពី​នេះ​ វា​អាច​ជួយ​ឱ្យ​បុ​រស​មាន​អា​យុ​វែង​បាន​៥​ឆ្នាំ​ទៀត​ផង ។
​លោក​វេជ្ជ​ បណ្ឌិត Karen Weatherbyបាន​បញ្ជាក់​បន្ថែម​ថា ការ​មើល​ដើម​ទ្រូង​ស្ត្រី​ត្រឹម​តែ​១០​នា​ទី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​គឺ​ ស្មើ​នឹង​ការ​ហាត់​ប្រាណ​៣០​នា​ទី ។
អំ​ឡុង​ការ​សិក្សា​ អ្នក​វិទ្យាសាស្ត្រ​បាន​ពិ​សោធ​​លើ​បុ​រស​វ័យ​ចាប់​ពី​៤០​ឆ្នាំ​​​ចំ​នួន​៥​ រយ​នាក់​និង​ប្រើ​ពេល​៥​ឆ្នាំដោយ​អ្នក​ស្ម័គ្រ​ពិ​សោធន៍​ត្រូវ​បែង​ចែក​ជា​២ ​ក្រុម ។ មួយ​ក្រុម​មិន​ឱ្យ​មើល​ដើម​ទ្រូង​ស្ត្រី​រយៈ​ពេល​ពេញ​៥ឆ្នាំ ខណៈ​មួយ​ក្រុម​ផ្សេង​ទៀត​ត្រូវ​គេតម្រូវ​ឱ្យ​មើល​រាល់​ថ្ងៃ ។ ជា​លទ្ធផល​ក្រុម​ដែល​មើល​ដើម​ទ្រូង​ស្ត្រី​រាល់​ថ្ងៃ​ សុខ​ភាព​ផ្លូវ​ចិត្ត​របស់​ពួក​គេ​បាន​ល្អ​ប្រ​សើរ​ជាង​ក្រុម​ដែល​មិន​បាន​ មើល។ជា​ការ​សន្និ​ដ្ឋាន​ចុង​ក្រោយ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សុំ​ឱ្យ​បុ​រស​គួរ​សំ​ឡឹង​មើល​ដើម​ទ្រូង​ស្ត្រី ​យ៉ាង​ហោច​ណាស់​១០​នា​ទី​ក្នុង​មួយ​ថ្ងៃ ៕   

គ្រាន់តែ​កើតមក​ក្លាយជា​...​អ្នកមាន​តែម្តង

​ពលរដ្ឋ​សិង្ហ​បុរី ដែល​កើតឡើង​នៅ​ថ្ងៃទី ២៦/៨/២០១២ ឬ​ចាប់ពី​ថ្ងៃនេះ​ទៅ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​របស់​រដ្ឋា​ភិ​បាល ចំនួន​៦០០០ USD គឺ​កើនឡើង​បន្ថែម 200 USD ប្រៀប​នឹង​ពេលមុន ។ ប្រសិនបើ​កើតកូន​ទី​៣ ឬ​ទី​៤​ទៅ នោះ​នឹង​ទទួលបាន​ប្រាក់​ដល់​ទៅ​៨០០០USD ឯណោះ ។​
ការឧបត្ថម្ភ​ជា​ប្រាក់សុទ្ធ​នេះ នឹង​ត្រូវបាន​ទូទាត់​ជា​៣​លើក ក្នុង​១​ឆ្នាំ ជំនួស​ឲ្យ​ការទូទាត់​ជា​៤​លើក ក្នុង​១​ឆ្នាំ ដូច​កាលពី​១៨​ខែ​មុននេះ ។​
​ប្រសិនបើ​ពលរដ្ឋ​ដែល​កើត​ចំ ឬ​ក្រោយ​ថ្ងៃទី​២៦/៨ ឆ្នាំទៅ​មិញ (២០១២) នោះ​ក៏​ទទួលបាន​គណនី​សន្សំ​ប្រាក់​សុខាភិបាល​ចំនួន ៣០០០USD ។ ខ្ទង់​ប្រាក់​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ទូទាត់ នូវ​សោហ៊ុយ​សុខាភិបាល​របស់​ទារក​នោះ នឹង​បែង​ចែកជា​២​លើក ។​
​សាច់ប្រាក់​ពាក់កណ្តាល នឹងត្រូវ​បានប្រគល់​ឲ្យ​ភ្លាម ពេលដែល​ឪពុកម្តាយ​ទារក​ទៅ​ចុះបញ្ជី​ជាតិ​ឲ្យ​ក្មេង​នោះ រីឯ​ចំនួន​នៅសល់ នឹង​ត្រូវបាន​ទូទាត់​ឲ្យ​ក្នុង​ឆ្នាំ​បន្តៗ​ទៀត តាម​តម្រូវការ ដើម្បី​ទិញ​ប័ណ្ណធានា​រ៉ាប់រង Medi Shield ។​
​បំណង​ថែទាំ​ពលរដ្ឋ "​ថ្មី​" បានល្អ​ប្រសើរ​ជាង​មុន រដ្ឋាភិបាល​សិង្ហ​បុរី​ក៏​បើកទូលាយ​ធានារ៉ាប់រង Medi Shield ចំពោះ​អ្នកមាន​រោគ​បន្ត​ពូជ ។ គោលនយោបាយ​នេះ ក៏​នឹងមាន​សុពលភាព​ពីថ្ងៃ​ទី​១/៣/២០១៣ នេះ​ទៅ​ដែរ ។​
​ក្រៅពីនោះ ឪពុកម្តាយ​របស់​ទារ​ក​ដែលមាន​ភរិយា​សម្រាលកូន នៅ​ចំ​ឬ​ក្រោយ​ថ្ងៃទី​១/៥/២០១៣ នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ឈប់សម្រាក​១​សប្តាហ៍​ដើម្បី​ថែទាំ​កូន​ស្ថិតក្នុង ​ថេរៈវេលា​ពី​ទារក​នេះ​កើត រហូតដល់​អាយុ​បាន​១៦​សប្តាហ៍ ។ ប្រសិនបើ​បុរស​ជា​ឪពុក ពុំ​ទទួលយក​ពេលវេលា​សម្រាក​នេះ​ទេ ក៏​អាច​ផ្ទេរ​ឲ្យ​ទៅ​ភរិយា​របស់ខ្លួន ។​
​បណ្តា​គោលនយោបាយ​ត្រូវបាន​ដាក់ចេញ​កាលពី​ ថ្ងៃ​ច័ន្ទ ទី​២១/១/២០១៣ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ជំរុញ​អាពាហ៍ពិពាហ៍ និង​ឥរិយាបថ​ធ្វើជា​ម្តាយ​ឪពុក​របស់​រដ្ឋាភិបាល​សិង្ហ​បុរី ។ ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី Teo Chee Hean ឲ្យ​ដឹងថា គោលបំណង​នៃ​ការងារ​នេះ គឺជា​សញ្ញា សម្រាប់​អាណាព្យាបាល​ទាំងឡាយ​មាន​តួនាទី​ច្រើនជាង​មុន ក្នុង​ចិញ្ចឹម​បីបាច់ និង​អប់រំ​កូន ៕​

តើ​ការ​ចម្លង​ប្រាសាទ​អង្គរវត្ត​ជា​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា​ដែរ​ឬ​ទេ?


បទវិភាគ​របស់ សេង ឌីណា
(05:53)

ការ​សង់​ប្រាសាទ​ថ្មី ដោយ​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត ដែល​គេ​កំពុង​ធ្វើ​នៅ​ឥណ្ឌា នៅពេលនេះ គឺ​ចូល​ក្នុង​ករណី​ចម្លង​ស្នាដៃ​ស្ថាបត្យកម្ម ដែល​ជា​ផ្នែកមួយ នៃ​សិទ្ធិអ្នកនិពន្ធ។ នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​កម្ពុជា ស្នាដៃ​ស្ថាបត្យកម្ម ទទួលបាន​នូវការការពារ​ពី​សំណាក់​​ច្បាប់ ស្តីពី​សិទ្ធិអ្នកនិពន្ធ និង​សិទ្ធិប្រហាក់ប្រហែល ឆ្នាំ​២០០៣។
នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ សិទ្ធិ​អ្នក​និពន្ធ​ទទួលបាននូវការ​ការពារ​ពី​សំណាក់​អនុសញ្ញា​សំខាន់ៗពីរ គឺ​អនុសញ្ញា​ក្រុង​ប៊ែន (Berne Convention 1886) និង​អនុសញ្ញា​ក្រុង​ហ្សឺណែវ ស្តីពី​សិទ្ធិជាសកលនៃ​អ្នកនិពន្ធ (Universal Copyright Convention 1952)។ កម្ពុជា និង​ឥណ្ឌា គឺ​​ជា​សមាជិក​នៃ​អនុសញ្ញា​ក្រុង​ហ្សឺណែវ​នេះ។ ម្យ៉ាងទៀត ប្រទេស​ទាំងពីរ​សុទ្ធសឹង​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ។ ដូច្នេះ ឥណ្ឌា​មាន​កាតព្វកិច្ច​គោរព​​សិទ្ធិ​អ្នកនិពន្ធ ដែល​មាន​ចែង​ក្នុង​ច្បាប់​របស់​កម្ពុជា។
ក៏ប៉ុន្តែ ទាំង​នៅ​ក្នុង​ច្បាប់​កម្ពុជា និង​នៅ​ក្នុង​អនុសញ្ញា​អន្តរជាតិ ស្នាដៃ​ស្ថាបត្យកម្ម​មិន​ទទួលបាន​នូវការការពារ​ជា​រៀងរហូត ដោយ​គ្មាន​កាលកំណត់​នោះទេ។ ច្បាប់​របស់​កម្ពុជា (ក៏ដូចជា​អនុសញ្ញា​ក្រុង​ប៊ែន) បាន​កំណត់​ថា សិទ្ធិ​បេតិកភណ្ឌ​របស់​អ្នក​និពន្ធ​ទទួលបាន​ការការពារ​តែ​ក្នុង​រយៈពេល ៥០​ឆ្នាំ​ប៉ុណ្ណោះ ក្រោយ​ពី​ការ​ស្លាប់​របស់​អ្នក​និពន្ធ។
ដូច្នេះ ស្នាដៃ​ស្ថាបត្យកម្ម​ប្រាសាទ​អង្គរវត្ត ដែល​សាងសង់​ដោយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ តាំង​ពី​រាប់​រយឆ្នាំ​មកហើយ​នោះ ប្រាកដ​ជា​ត្រូវ​ហួស​ពេល​កំណត់ ដែលការពារ​ដោយ​ច្បាប់​ហើយ។
នៅ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​យូណេស្កូវិញ ប្រាសាទ​អង្គរវត្ត ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ទទួលបាន​នូវការ​ការពារ​ពី​សំណាក់ អនុសញ្ញា ឆ្នាំ​១៩៧២។ ក៏ប៉ុន្តែ អនុសញ្ញា​នេះ មាន​ចែងតែ​អំពី​ការ​ការពារ និង​ការអភិរក្ស​ប្រាសាទ កុំ​ឲ្យបាក់បែក ឬ​ខូចខាត​តែ​ប៉ុណ្ណោះ មិនមាន​ចែង​អំពី​ការ​ការពារ​ស្នាដៃ​ស្ថាបត្យកម្ម ពី​ការ​ថតចម្លង​នោះទេ។
Tour Eiffel នៅ​កាស៊ីណូ Las Vegas សហរដ្ឋ​អាមេរិក
wikipedia
នៅ ​ក្នុង​ការអនុវត្ត​ជាក់ស្តែង ការ​ចម្លង​សម្បត្តិវប្បធម៌ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ មិនមែន​ទើបតែ​នឹង​កើតមានឡើង ចំពោះ​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​​នៅពេលនេះទេ។ Tour Eiffel របស់​បារាំង​​ត្រូវបាន​គេ​ចម្លង​​​ប្រមាណ​ជា ៣០ ដូចជា Tour Eiffel នៅ​កាស៊ីណូ​ Las Vegas (សហរដ្ឋ​អាមេរិក) ដែល​ជាការ​ចម្លង​ដូច​បេះបិទ គ្រាន់តែ​មាន​ទំហំ​ទាបជាង​​ពាក់កណ្តាល។ អង់តែន Tokyo Tower នៅ​ជប៉ុន សង់យក​លំនាំតាម​ ហើយ​មាន​កម្ពស់​ខ្ពស់​ជាង​ Tour Eiffel មែនទែន ដោយ​គ្រាន់តែ​លាបពណ៌​ខុសគ្នា (ពណ៌ស លាយ​ក្រហម)។
ករណី​សង់​ចម្លង​ក្នុង​ទំហំ​ប៉ុន​របស់​ដើម គេ​ក៏​ធ្លាប់​មានដែរ​ចំពោះ Stonehenge របស់​អង់គ្លេស (សង់ចម្លង​នៅ​វ៉ាស៊ីងតោន​ សហរដ្ឋ​អាមេរិក) Parthenon របស់​ក្រិក (សង់ចម្លង​នៅ​​ទីក្រុង Nashville រដ្ឋ​ Tennessee សហរដ្ឋ​អាមេរិក)។ Taj Mahal របស់​ឥណ្ឌា​ខ្លួនឯង​ក៏​ត្រូវ​បាន​គេ​សង់ចម្លង​ដូចគ្នា​បេះបិទ​ដែរ នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។
Taj Mahal នៅ​បង់ក្លាដែស ដែល​ចម្លង​ពី​ Taj Mahal របស់​ឥណ្ឌា
wikipedia
គួរ ​បញ្ជាក់ថា ការ​សង់​ចម្លង Taj Mahal នៅ​បង់ក្លាដែស គឺ​ជា​គម្រោង​របស់​​​​មហាសេដ្ឋី ជា​ម្ចាស់​ផលិតកម្ម​ភាពយន្ត​ជនជាតិ​បង់ក្លាដែសម្នាក់ ដោយត្រូវ​​ចំណាយ​លុយ​ប្រមាណ ៥៨លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​រយៈពេល​សាងសង់​ប្រមាណ ៥ឆ្នាំ ហើយ​ចាប់​បើកទ្វារ​ឲ្យ​ទេសចរ​ចូល​ទស្សនា នៅ​ឆ្នាំ​២០០៩។
ការ​សង់​ចម្លង Taj Mahal នៅ​បង់ក្លាដែស ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​យ៉ាងខ្លាំងក្លា​ដែរ ទាំង​ពី​សំណាក់​រដ្ឋាភិបាល​ និង​ប្រជាជនឥណ្ឌា។ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​បង់ក្លាដែស​ថែមទាំង​បាន​គំរាម​ប្តឹង​ អ្នក​ចម្លង​នេះ​ទៀតផង ដោយ​ចោទ​ពីបទរំលោភ​លើ​កម្មសិទ្ធិបញ្ញា។ ក៏ប៉ុន្តែ អ្នក​ច្បាប់​ឥណ្ឌា​ជាច្រើន​បាន​ពន្យល់ថា​ សិទ្ធិ​លើ​ស្នាដៃ​ស្ថាបត្យកម្ម​ Taj Mahal បាន​ហួស​រយៈពេល​កំណត់​នៃ​ការការពារ​ដោយ​​អនុសញ្ញា​អន្តរជាតិ​ហើយ។
បើទោះជា​មិនអាច​ដាក់បណ្តឹង​តាមផ្លូវច្បាប់ ក៏នៅតែមាន​មតិជាទូទៅ នៅឥណ្ឌា នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ចម្លង Taj Mahal នៅ​បង់ក្លាដែស ដោយ​លើកឡើង​ថា ការចម្លងនេះ​អាច​នឹង​ធ្វើ​ឲ្យទេសចរ​ទៅ​ទស្សនា​ Taj Mahal មែនទែន នៅ​ឥណ្ឌា​ត្រូវ​ធ្លាក់ចុះ។ ក៏ប៉ុន្តែ ទីបំផុត នៅ​ក្រោយ​ពេល​ដែល Taj Mahal នៅ​បង់ក្លាដែស​សាងសង់​រួច ហើយ​បើកទ្វារ​ឲ្យ​ទេសចរ​ចូល​ទស្សនា គេ​មិនឃើញ​មាន​ផលប៉ះពាល់​ដល់​​​ចំនួន​អ្នក​ទៅ​ទស្សនា Taj Mahal មែនទែន នៅ​ឥណ្ឌា ភាពចម្រូងចម្រាស​ក៏​បាន​ស្ងប់​ទៅវិញ។
ប្រាសាទ Parthenon នៅក្រិក (ឆ្វេង) និង​ប្រាសាទ​ចម្លង​នៅ​អាមេរិក
wikipedia
តាមការ ​សង្កេត​កន្លងមក ការ​សង់ចម្លង​​អច្ឆរិយវត្ថុ​សំខាន់ៗ​ ដូចជា Tour Eiffel, Stonehenge និង Parthenon ជាដើម ហាក់ដូចជា​មិន​​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំនួន​អ្នក​ទៅទស្សនា​ អច្ឆរិយវត្ថុ​មែនទែន នៅ​កន្លែង​ដើម​នោះទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា​ ភាពចម្រូងចម្រាស​ជុំវិញ​កម្មសិទ្ធិបញ្ញា​លើ​អច្ឆរិយវត្ថុ​​​ក៏តែងតែ​កើតមាន​ ជារឿយៗ​ដែរ៕

ចិន និងជប៉ុន៖ ទំនាក់ទំនង​សេដ្ឋកិច្ច​ល្អ​លើស​ពេល​ណាៗ​ទាំងអស់



(07:03)


ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត ​ទៅ​ទៀត ដោយ​សូម​បន្ត​និយាយ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន។
ទោះ​ជា​មិន​ត្រូវ​គ្នា​ក៏​ដោយ ទោះ​ជា​ភាព​តានតឹង​ចេះ​តែ​កើត​ឡើង​មិន​ស្វាង​រវាង​គ្នា​ក៏​ដោយ ក៏​ចិន​និង​ជប៉ុន​កំពុង​ក្លាយ​ទៅ​ជា​ដៃ​គូ​ដ៏​សែន​សំខាន់ នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។


ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​នាំ​គ្នា​ឆ្ងល់ ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ចិន​និង​ជប៉ុន​ដែល​នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ ពាណិជ្ជកម្ម​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង នៅ​តែ​មិន​ត្រូវ​គ្នា ធ្វើ​ឲ្យ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​កើត​ឡើង​ជា​ញឹកញយ។

តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ ចិន​ជា​ប្រទេស​ដែល​ទិញ​ផលិតផល​ជប៉ុន​ច្រើន​ជាង​គេ។ នៅ​ឆ្នាំ​២០០៩ ផលិតផល​ជប៉ុន​តំណាង​រហូត​ដល់​ទៅ​២២​ភាគ​រយ​នៃ​ផលិតផល​បរទេស​ទាំង​ស្រុង ដែល​ចិន​នាំ​ចូល​មក​ក្នុង​ប្រទេស​ខ្លួន។ ទន្ទឹម​នេះ នៅ​ឆ្នាំ​២០០៩​ដដែល​នោះ ចិន​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​មួយ​របស់​ជប៉ុន សំខាន់​ជាង​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ទៅ​ទៀត ដោយ​បាន​លក់​ទៅ​ឲ្យ​ប្រទេស​ជប៉ុន​១៩​ភាគ​រយ​នៃ​ទំនិញ​ទាំង​ស្រុង ដែល​ខ្លួន​នាំ​ចេញ​ទៅ​បរទេស។

ប្រទេស​ចិន​ជា​ទី​ដែល​សម្បូណ៌​ទៅ​ដោយ​រោងចក្រ​ជប៉ុន ដែល​ក្រោយ​ពី​បាន​បង្កើត​ផលិតផល​ហើយ នាំ​ទំនិញ​ទាំង​នោះ​យក​ទៅ​លក់​នៅ​ប្រទេស​ជប៉ុន​វិញ។ ម្ល៉ោះហើយ បាន​ជា​ថ្នាក់​ដឹក​នាំ​ជប៉ុន​តែងតែ​អះអាង​ថា​ជប៉ុន​ជា​ដង្ហើម​នៃ​កំណើន​ សេដ្ឋកិច្ច​ចិន។ រីឯ​នៅ​ខាង​ថ្នាក់​ដឹក​នាំ​ចិន​វិញ គេ​និយាយ​ផ្សេង គេ​ថា​ចិន​ជា​មហា​ទីផ្សារ​មួយ​សំរាប់​ផលិតផល​ជប៉ុន ដូច្នេះ​គឺ​ចិន​ទៅ​វិញ​ទេ​ដែល​ជា​ក្បាល​ម៉ាស៊ីន​នៃ​សេដ្ឋកិច្ច​ជប៉ុន។

ម្ល៉ោះ​ហើយ ជា​ការ​ពិត​ណាស់​ដែល​ថា ចិន​និង​ជប៉ុន​ត្រូវការ​គ្នា​កាន់​តែ​ខ្លាំង នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។ ក៏ប៉ុន្តែ សេដ្ឋកិច្ច​ក៏​ជា​ប្រភព​មួយ​ធំ​នៃ​ភាពតានតឹង​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។ ថ្នាក់ដឹកនាំ​ចិន​ចូល​ចិត្ត​និយាយ​ថា​ប្រទេស​ខ្លួន ជា​សេដ្ឋកិច្ច​មួយ​នៅ​ក្មេង​និង​ប្រកប​ទៅ​ដោយ​ថាមពល ខុស​ផ្ទុយ​ពី​ជប៉ុន​ដែល​ជា​សេដ្ឋកិច្ច​មួយ​ចាស់​ជរា​កំពុង​ទន់​ខ្សោយ​ទៅ​វិញ ​បន្តិច​ម្តងៗ។ ការ​និយាយ​ឃោសនា​បែប​នេះ មាន​មូលហេតុ​ជាក់​ច្បាស់ ពីព្រោះ​នៅ​ឆ្នាំ​២០០៥ ចិន​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​បួន នៅ​ឆ្នាំ​២០០៧​ ចិន​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​បី​ដែល​ដេញ​ប្រកៀក​ជាប់​ពីក្រោយ​ ជប៉ុន មុន​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​ពីរ ដោយ​បាន​វ៉ា​ឈ្នះ​ជប៉ុន​នៅ​ឆ្នាំ​២០១០។

មែនទែន​ទៅ សេដ្ឋកិច្ច​ចិន​វ៉ា​ឈ្នះ​សេដ្ឋកិច្ច​ជប៉ុន ឆាប់​ជាង​ការ​ប្រមើល​ឃើញពីព្រោះកាល​ ពី​ជិត​១០​ឆ្នាំ​មុន​នេះ ពួក​សេដ្ឋវិទូ​មួយ​ចំនួន​បាន​នាំ​គ្នា​អះអាង​ថា គេ​នឹង​ត្រូវ​ចាំ​ដល់​ឆ្នាំ ២០១៥ ឯណោះ ទើប​អាច​ឃើញ​ផលិតផល​ដុល​ក្នុង​ស្រុក​របស់​ចិន​កើន​ស្មើ​ផលិតផល​ដុល​ក្នុង​ ស្រុក​របស់​ជប៉ុន។

តាម​ពិត​ទៅ ស្ថានភាព​ប្រែប្រួល​លឿន​ជាង​ការ​គ្រោង​ទុក​នេះ ​ជា​ផលវិបាក​ដែល​ហូរ​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បាន​កើត​ឡើង​នៅចុង​ ឆ្នាំ​២០០៨។ វិបត្តិ​សេដ្ឋកិច្ច​សកល​បាន​កាត់​បន្ថយ​មិន​តិច​ទេ សន្ទុះ​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន ដូច​ជា​សហរដ្ឋ​អាមេរិក អឺរ៉ុប​និង​ជប៉ុន​ជា​ដើម។ ទន្ទឹម​​នេះ វិបត្តិ​សេដ្ឋកិច្ច​សកល​មិន​បាន​ប៉ះ​ពាល់​ខ្លាំង​ឡើយ​ដល់​សេដ្ឋកិច្ច​របស់​ ប្រទេស​ចិន ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​ចិន​បាន​សម្រេច​ចាត់​វិធានការ​ទាន់​ពេល​វេលា​និង​ ដោយ​មិន​សំច័យ​លុយ​ឡើយ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ជាតិ។

យ៉ាងណាមិញ នៅ​ម្ខាង​អាជ្ញាធរ​ចិន​ពិត​ជា​មាន​មោទនភាព ដោយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ខ្លួន​បាន​វ៉ា​ឈ្នះ​សេដ្ឋកិច្ច​របស់​ប្រទេស​ ជប៉ុន។ ក៏​ប៉ុន្តែ នៅ​ម្ខាង​ទៀត ទីក្រុង​ប៉េកាំង​ក៏​ត្រូវ​ចេះ​បន្ត​ដាក់​ខ្លួន​ត​ទៅ​ទៀត​ដែរ ដោយហេតុ​តែ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​នៅ​ឡើយ បាន​ន័យ​ថា គុណភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ នៅ​មាន​លក្ខណៈ​អន់​ខ្សោយ បើ​ប្រៀប​ធៀប​ទៅ​នឹង​គុណភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ជប៉ុន។ សូម​ជម្រាប​ថា ផលិតផល​ដុល​ក្នុង​ស្រុក​របស់​ប្រជាជន​ចិន​ម្នាក់ៗ មាន​ប្រមាណ​តែ​៣ ៦00 ​ដុល្លារ​តែ​ប៉ុណ្ណោះ ទល់​នឹង​៣ ៧៨០០ ដុល្លារ សម្រាប់​ប្រជាជន​ជប៉ុន​ម្នាក់ៗ។

ម្ល៉ោះ​ហើយ បាន​ជា​នៅ​ពេល​នេះ សេដ្ឋកិច្ច​ចិន​កាន់​តែ​ទៅ​មុខ​និង​ទៅ​លឿន បើ​ប្រៀបធៀប​ទៅ​នឹង​សេដ្ឋកិច្ច​ធំៗ​ដទៃ​ទៀត។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​នៅ​ចុង​ឆ្នាំ​២០០៩​ ចិន​បាន​វ៉ា​ឈ្នះ​ប្រទេស​អាល្លឺម៉ង់ ដោយ​បាន​ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ខាង​នាំ​ទំនិញ​ទៅ​ក្រៅ​ប្រទេស។ គឺ​នៅ​ក្នុង​បរិបទ​ដូច​គ្នា​នេះ​ហើយ​ដែរ ដែល​ចិន​បាន​វ៉ា​ឈ្នះ​ប្រទេស​ជប៉ុន ៥​ឆ្នាំ​មុន​ការ​គ្រោង​ទុក​ដោយ​បាន​ក្លាយ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ ពិភពលោក​ទី​២​ក្នុង​ឆ្នាំ​២០១០។

ក្រុម​អ្នក​វិភាគ​ជាតិ​និយម​ចិន​ខ្លះ​ចាប់​ផ្តើម​ដំឡើង​សំឡេង​អះអាង​ថា​ចិន​ មិន​ត្រូវ​នៅ​បន្ត​ធ្វើ​ជា​ប្រទេស​រោងចក្រ​បង្កើត​ផលិតផល​កំប៉ិកកំប៉ុក​ឲ្យ​ ជប៉ុន​អ៊ីចឹង​ត​ទៅ​ទៀត​ទេ ពីព្រោះ​ធ្វើ​បែប​នេះ វា​ខូច​កិត្តិយស​ជាតិ។ ក្រុម​អ្នក​វិភាគ​ជាតិ​និយម​ចិន​ដដែល​នេះ ថែម​ទាំង​និយាយ​ទៀត​ផង​ថា បើ​សិន​ជា​សព្វ​ថ្ងៃ សេដ្ឋកិច្ច​ជប៉ុន​នៅ​គ្រាន់​បើ ក៏​ដោយសារ​តែ​ជប៉ុន​បាន​កាន់កាប់​ប្រទេស​ចិន​ច្រើន​ឆ្នាំ និង​បាន​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ចិន​មិន​តិច​ទេ។ នៅ​ក្នុង​ន័យ​នេះ របាយការណ៍​មួយ​របស់​បណ្ឌិតសភា​ផ្នែក​សង្គមសាស្ត្រ​នៅ​ទីក្រុង​ប៉េកាំង​បាន​ គូស​បញ្ជាក់​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ថា ពីព្រោះ​តែ​សង្គ្រាម​ជាមួយ​ជប៉ុន​និង​ការ​កាន់កាប់​ប្រទេស​ចិន​ដោយ​កងទ័ព​ ជប៉ុន ចិន​បាន​បាត់បង់​មនុស្ស​៥០​លាន​នាក់ និង​បាន​ខាត​បង់​ប្រាក់​អស់​រាប់​រយ​លាន​ដុល្លារ។

ដោយ​ឡែក ខ្លាំង​ឡើងៗ ចិន​និង​ជប៉ុន​ប្រឈម​មុខ​ដាក់​គ្នា នៅ​ក្នុង​ការ​ស្វែងរក​ធនធាន​ថាមពល ដើម្បី​យក​មក​បំប៉ន​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​ប្រទេស​គេ​រៀងៗ​ខ្លួន។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​គេ​អាច​ស្វែង​យល់​បាន​នូវ​មូលហេតុ​នៃ​វិវាទ​ជុំវិញ​ទី​ប្រជុំ​កោះ Spratly និង​Paracel នៅ​ប៉ែក​ខាង​ត្បូង​នៃ​សមុទ្រ​ចិន។ ប្រទេស​ចំនួន​ប្រាំបី គឺ​ចិន ជប៉ុន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ដណ្តើម​គ្នា​ចង់​បាន​កូនកោះ​ទាំង​អស់​នេះ​ដែល​សម្បូណ៌​ទៅ​ដោយ​ប្រេងកាត​និង​ ឧស្ម័ន​ធម្មជាតិ។

ដូច​គ្នា​អ៊ីចឹង​ដែរ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​និង​ជប៉ុន​ទាស់ទែង​គ្នា​កាន់​តែ​ខ្លាំង​ជុំវិញ​ព្រំដែន​សមុទ្រ​ម្តុំ​ កោះ​Miyako ដែល​ប្រហែល​ជា​មាន​ផ្ទុក​ទៅ​ដោយ​ឧស្ម័ន​ធម្មជាតិ។ មូលហេតុ​គឺ​មក​ពី​ចិន​បាន​ចូល​មក​ជីក​រក​ឧស្ម័ន​នៅ​ជិត​កោះ​Miyako នេះ នៅ​ត្រង់​កន្លែង​មួយ​ដែល​ឋិត​នៅ​ក្រៅ​ព្រំដែន​ទឹក​ផ្តាច់មុខ​របស់​ខ្លួន។ ឃើញ​ដូច្នេះ រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​អនុញ្ញាត​នៅ​ខែ​មេសា​ឆ្នាំ​២០០៥ ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ​ចូល​ទៅ​ជីក​រក​ឧស្ម័ន​នៅ​ទី​នោះ​ដែរ។ តាំង​ពី​ពេល​នោះ​មក ការ​ដណ្តើម​គ្នា​រុករក​ឧស្ម័ន​នៅ​ម្តុំ​កោះ​Miyako នៅ​តែ​ជា​រឿងរ៉ាវ​មួយ​ដែល​ទីក្រុង​ប៉េកាំង និង​ទីក្រុង​តូក្យូ​ដោះស្រាយ​មិន​ទាន់​រួច​នៅ​ឡើយ៕

ដើម្បី​ទទួលបាន​នូវ​ការ​រក្សាសិទ្ធិ តើ​ចាំបាច់​ត្រូវ​ដាក់​និមិត្តសញ្ញា "©រក្សាសិទ្ធិ" ឬទេ?


បទវិភាគ​របស់ សេង ឌីណា
(06:24)


ដោយ សេង ឌីណា
នៅក្នុង​នាទីយល់ដឹង​ពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូមឆ្លើយ​នឹង​សំណួរ​របស់​អ្នកស្តាប់ ជុំវិញ​​និមិត្តសញ្ញា “©រក្សាសិទ្ធិ”។ តើ​ការ​ដាក់​​និមិត្តសញ្ញា​ “©រក្សាសិទ្ធ” ជា​លក្ខខណ្ឌ​ចាំបាច់​ ដើម្បី​ទទួល​បាន​ការ​រក្សា​សិទ្ធិ​ឬទេ? ហេតុអ្វី?
ជាបឋម គួរបញ្ជាក់​ថា នៅ​ក្នុង​ច្បាប់ខ្មែរ ការរក្សា​សិទ្ធិ មានចែង​នៅ​ក្នុង​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​អនុម័ត​ឆ្នាំ​២០០៣ ហើយ​​ច្បាប់​នេះ​​មិនបាន​ចែង​ហាម​មិន​ឲ្យដាក់​និមិត្តសញ្ញា “©​រក្សា​សិទ្ធិ” ទេ ក៏ប៉ុន្តែ ក៏​មិនមានចែង​តម្រូវ​ថា​ ចាំបាច់​ត្រូវ​តែ​ដាក់​និមិត្តសញ្ញា “©រក្សាសិទ្ធិ” នេះ ទើប​ទទួលបាន​នូវការ​​ការពារ​ស្របច្បាប់ដែរ។ និយាយ​សរុបមកវិញ ឲ្យ​តែ​ស្នាដៃ​និពន្ធ​ណាមួយ បំពេញ​ទៅតាម​លក្ខខណ្ឌ​ដែល​ច្បាប់​តម្រូវ ទោះបី​ជា​មាន​និមិត្ត​សញ្ញា​ “©រក្សាសិទ្ធិ” ឬ​គ្មាន ក៏​នៅតែ​ទទួលបាន​នូវការ​ការពារ​ពីច្បាប់​រក្សាសិទ្ធិ​ដូចគ្នា​ទាំងអស់។
ហេតុអ្វី​បាន​ជា​ច្បាប់​ចែង​ថា​ មិនបាច់​ដាក់និមិត្តសញ្ញា “©រក្សាសិទ្ធិ” ក៏​បាន​បែប​នេះ? ការចែង​បែបនេះ គឺ​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​​ថា ការរក្សាសិទ្ធិ គឺ​ជា​សិទ្ធិ​ស្វ័យប្រវត្តិ មានន័យថា រាល់ស្នាដៃ​ទាំងអស់​ត្រូវ​តែ​ទទួល​បាន​នូវ​ការការពារ​ពី​ច្បាប់ ដោយ​មិនចាំបាច់​ត្រូវ​បំពេញ​បែបបទ​អ្វី ឬ​ត្រូវ​ចុះបញ្ជី​អ្វី​ទាំងអស់ (មាត្រា ៣៨ នៃ​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល)។

តាមពិត កាល​ពី​មុន ច្បាប់​នៅ​​ប្រទេស​មួយចំនួន ជាពិសេស សហរដ្ឋ​អាមេរិក មាន​ចែង​តម្រូវ​ជាចាំបាច់​​ថា ទាល់តែ​​មាន​​ដាក់​និមិត្តសញ្ញា “©រក្សាសិទ្ធិ​” ហើយ​មាន​ការ​ចុះបញ្ជី​ត្រឹមត្រូវ ទើប​ស្នាដៃ​មួយ​អាច​ទទួលបាន​នូវការ​ការរក្សាសិទ្ធិ​បាន។ ក៏ប៉ុន្តែ ក្រោយ​មក​អនុសញ្ញា​អន្តរជាតិ​សំខាន់ៗ​មួយចំនួន ដូចជា ​អនុសញ្ញា​ក្រុងប៊ែន (Berne Convention 1886) និង​ក្នុង​កិច្ចព្រមព្រៀង​ស្តីពី​កម្មសិទ្ធិ​បញ្ញា របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (Agreement on Trade Related Aspects of Intellectual Property Rights​ 1994 ហៅកាត់​ថា TRIPS) បាន​​កំណត់​ថា ការរក្សាសិទ្ធិ​ត្រូវ​តែ​ជា​សិទ្ធិ​ស្វ័យប្រវត្តិ ហើយ​ប្រទេស​ជា​ហត្ថលេខី​ទាំងអស់ ត្រូវ​តែ​សម្រប​ច្បាប់​ជាតិ​​របស់​ខ្លួន ឲ្យ​ត្រូវ​នឹង​គោលការណ៍​នេះ ដោយ​មិនត្រូវ​​ចែង​តម្រូវ​ថា​ទាល់តែ​បំពេញ​​បែបបទ​ចុះបញ្ជី ឬត្រូវ​ដាក់​និមិត្ត​សញ្ញា​ ទើប​ទទួល​បាន​ការ​រក្សា​សិទ្ធិ​ទេ។

កម្ពុជា គឺ​ជា​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ស្តីពី​កម្មសិទ្ធិ​បញ្ញា របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដូច្នេះ ហើយ​បាន​ជា​ច្បាប់ ស្តីពី​សិទ្ធិអ្នកនិពន្ធ​ និង​សិទ្ធិប្រហាក់ប្រហែល ចែង​ថា “រាល់ស្នាដៃ​ទាំងអស់​ត្រូវ​ទទួល​បាន​នូវកិច្ច​ការពារ​ពី​ច្បាប់ ជា​ស្វ័យប្រវត្តិ” ដោយ​គ្រាន់តែ​ត្រូវ​បំពេញ​តាមលក្ខខណ្ឌ​ចាំបាច់​តែ​ ២​ប៉ុណ្ណោះ។​

លក្ខខណ្ឌ​ទីមួយ ស្នាដៃ​នោះ​​ត្រូវ​តែ​មាន​ទម្រង់​ណាមួយ​ជាក់លាក់ មិនមែនគ្រាន់តែ​ជា​គំនិត​អរូបិយ ឬ​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ។ តាម​មាត្រា ៣ នៃ​ច្បាប់​ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិប្រហាក់ប្រហែល ទម្រង់​ជាក់លាក់​នៃ​ស្នាដៃ​​ ដែល​ត្រូវ​ទទួលបាន​នូវ​ការការពារ​ពី​ច្បាប់ គឺ​អាច​ជា​ ៖
  • ការ​និពន្ធ​៖ សៀវភៅ, ​បទភ្លេង, ចម្រៀង, ប្រលោមលោក, ភាពយន្ត
  • ការ​សម្តែង៖ ការ​សម្តែង​​របាំ ឬការប្រគំតន្រ្តី
  • ការផ្សាយ​ជា​សំឡេង, រូបភាព ឬ​ឯកសារ​នានា ​តាម​វិទ្យុ ឬ ទូរទស្សន៍ ។ល។
លក្ខខណ្ឌ​ទី២ ​ស្នាដៃ ដែល​ទទួល​បាន​ការការពារដោយ​សិទ្ធិអ្នកនិពន្ធ ត្រូវតែ​ជា​ស្នាដៃ​ដើម ពោលគឺ​ជា​ស្នាដៃ​ ដែល​បង្កើត​ឡើង​​តាម​គំនិត​ប្រាជ្ញា​ផ្ទាល់​របស់​អ្នក​និពន្ធ មិនមែន​​ធ្វើ​តាម​គេ (មាត្រា ៤ នៃ​ច្បាប់​ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិប្រហាក់ប្រហែល)។
សរុបមកវិញ រាល់ស្នាដៃ​ទាំងឡាយណា ដែល​មាន​ទម្រង់ជាក់លាក់ ហើយ​ជា​ស្នាដៃ​ដើម ដោយ​មិន​ចម្លង​ពីគេ ត្រូវ​ទទួលបាន​នូវ​ការ​ការរក្សាសិទ្ធិ​ដោយ​ស្វ័យប្រវត្តិ​ ដោយ​មិន​តម្រូវ​ឲ្យ​មាន​ការ​ចុះបញ្ជី ឬ​ដាក់​និមិត្ត​សញ្ញា “©រក្សាសិទ្ធិ” នោះទេ។

អ្នកនិពន្ធ ឬ​ក៏​ម្ចាស់​សិទ្ធិ បើសិន​ជា​ចង់​ធ្វើ អាច​សុំ​ចុះបញ្ជី ដើម្បី​តម្កល់​ស្នាដៃ​របស់​ខ្លួន ទុក​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ឬ​​​ដាក់​និមិត្តសញ្ញា​ “©រក្សាសិទ្ធិ” សម្គាល់​ស្នាដៃ​​របស់​ខ្លួនឯងបាន។ ប៉ុន្តែ នេះ​ជា​សិទ្ធិ មិនមែន​ជា​កាតព្វកិច្ច​ត្រូវ​តែ​បំពេញ​នោះទេ។

គួរបញ្ជាក់​បន្ថែម​ថា អ្វី​ដែល​បាន​រៀបរាប់​ខាងលើនេះ (សិទ្ធិស្វ័យប្រវត្តិ) ទាក់ទង​តែ​នឹង​ការរក្សាសិទ្ធិ (សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិប្រហាក់ប្រហែល) ប៉ុណ្ណោះ។ ចំពោះ​កម្មសិទ្ធិ​ឧស្សាហកម្ម​វិញ ដូចជា ការរកឃើញ ឬ​ការច្នៃប្រឌិត​ ដែល​តាមភាសាច្បាប់​ហៅ​ថា “តក្កកម្ម” (ជាភាសាបារាំង Brevet), រូបគំនូរ​ឧស្សាហកម្ម​ និង​សញ្ញាពាណិជ្ជកម្ម ជាដើម ចាំបាច់​ត្រូវ​តែ​មាន​ការ​ចុះបញ្ជី ដើម្បី​ទទួល​បាន​នូវ​វិញ្ញាបនបត្រ​សម្គាល់ ទើប​​អាច​ទទួល​បាន​នូវ​ការ​ការពារ​ពីច្បាប់​ដោយ​ពេញលេញ​បាន។

តាម​ច្បាប់ ស្តីពី​ប្រកាសនីយបត្រ​តក្កកម្ម, វិញ្ញាបនបត្រ​ម៉ូដែល​មាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម​ (អនុម័ត​ឆ្នាំ​២០០២) ​ការ​ចុះបញ្ជី​សុំ​ប្រកាសនីយបត្រ​តក្កកម្ម (ឬ Brevet) ត្រូវ​ធ្វើ​នៅ​​​នាយកដ្ឋាន​ទទួលបន្ទុក​ចុះបញ្ជី ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​ឧស្សាហកម្ម។ ប្រកាសនីយបត្រ​នេះ​មាន​សុពលភាព​ ២០ឆ្នាំ គិត​ពី​ថ្ងៃ​ចុះបញ្ជី ហើយដើម្បី​រក្សា​សុពលភាព​នេះ ​ម្ចាស់​តក្កកម្ម​ត្រូវ​បង់កម្រៃ​ប្រចាំឆ្នាំ ជារៀងរាល់ឆ្នាំ។

ចំពោះ​ការ​រក្សា​សិទ្ធិ បើទោះបីជា​ច្បាប់​មិន​តម្រូវ​ឲ្យ​ដាក់​និមិត្តសញ្ញា “©រក្សាសិទ្ធិ” ក៏ដោយ ក៏ប៉ុន្តែ សម្រាប់​ម្ចាស់ស្នាដៃ ការដាក់​និមិត្តសញ្ញា “©រក្សាសិទ្ធិ” មាន​ប្រយោជន៍ ក្នុងការ​ជូនដំណឹង​ដល់​សាធារណជន​ថា ស្នាដៃ​នេះ ស្ថិត​ក្រោម​ការ​រក្សា​សិទ្ធិ ពីព្រោះ មាន​ស្នាដៃ​ខ្លះ​មិនស្ថិត​ក្រោម​ការ​រក្សា​សិទ្ធិ ឬ​ក៏​ផុត​រយៈពេល​រក្សា​សិទ្ធិ។ ដូច្នេះ ប្រសិនបើ​មិន​មាន​ដាក់​និមិត្តសញ្ញា "©រក្សាសិទ្ធិ” នៅពេល​មាន​វិវាទ ចុងចោទ​អាច​យក​ចំណុច​នេះ​មក​​ឆ្លើយ​ដោះសារ​ការពារ​ខ្លួន​​ថា ដោយសារ​មិនឃើញ​មាន​និមិត្ត​សញ្ញា “©រក្សាសិទ្ធិ” គេ​ក៏​ស្មាន​ថា ស្នាដៃ​​នេះ​មិនមាន​រក្សា​សិទ្ធិ ឬ​ក៏​ផុត​រយៈពេល​រក្សា​សិទ្ធិ។ ដូច្នេះ បើ​សិន​ជា​មាន​ដាក់​និមិត្ត​សញ្ញា “©រក្សាសិទ្ធិ” ច្បាស់លាស់ គេ​មិនអាច​ដោះសារ​ថា​មិនបានដឹង​បានទេ។

ចំពោះ​ការ​ចុះបញ្ជី​វិញ​ក៏ដូចគ្នា​ដែរ បើទោះជា​ច្បាប់​មិនតម្រូវ​ឲ្យ​ធ្វើ​ក៏ដោយ ការ​​យក​ស្នាដៃ​ទៅ​ចុះបញ្ជី​តម្កល់​នៅ​ស្ថាប័ន​​មាន​សមត្ថកិច្ច វា​មាន​ប្រយោជន៍​សម្រាប់​ទុកជា​ភស្តុតាង​បញ្ជាក់​អំពី​កម្មសិទ្ធិ​លើ​ ស្នាដៃ។

ដើម្បី​ស្វែងយល់បន្ថែម​ពី​កម្មសិទ្ធបញ្ញា​ សូម​អាន​ឯកសារ​​ដែល​ចុះផ្សាយ​នៅលើ​វិបសៃត៍​​របស់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO)៖

President Obama & Prime Minister Shinawatra Joint Press Conference

Twitter Delicious Facebook Digg Stumbleupon Favorites More